ភូមា-អាស៊ាន

អាមេរិកជំរុញ​អាស៊ាន​ឲ្យប្រញាប់​ជ្រើសរើស​អន្តរការី ពិសេស​សម្រាប់​ចរចាជាមួយ​របបសឹកភូមា

ទង់ជាតិប្រទេស​សមាជិក​អាស៊ាននៅក្រៅទីស្នាក់ការអាស៊ាន​ក្នុងទីក្រុង​ហ្សាការតា កាលពីខែ​មេសា ឆ្នាំ ២០២១
ទង់ជាតិប្រទេស​សមាជិក​អាស៊ាននៅក្រៅទីស្នាក់ការអាស៊ាន​ក្នុងទីក្រុង​ហ្សាការតា កាលពីខែ​មេសា ឆ្នាំ ២០២១ REUTERS - WILLY KURNIAWAN

នៅក្នុង​ក្របខណ្ឌ​កិច្ចប្រជុំពេញមួយ​សប្តាហ៍​ជាមួយ រដ្ឋមន្រ្តីការបរទេស​អាស៊ាន ដែលចាប់ផ្តើម​តាំង​ពីថ្ងៃ​ចន្ទម្សិលមិញ អាមេរិក បានអំពាវនាវ​ឲ្យ​អាស៊ាន​ប្រញាប់ជ្រើសរើស​អន្តរការីពិសេស សម្រាប់​វិបត្តិ​នយោបាយ​នៅភូមា។ ការអំពាវនាវ​របស់​វ៉ាស៊ីនតោន ធ្វើ​ឡើង នៅតែមួយថ្ងៃ​ក្រោយ មេដឹកនាំ​របបសឹកភូមា​ប្រកាស​សន្យា រៀបចំ​ការបោះឆ្នោត នៅ​២ឆ្នាំ​ខាងមុខ និងត្រៀមសហការ​ជាមួយ​អាស៊ាន ជាពិសេស ការចរចា​ជាមួយ​អន្តរការី​ពិសេស របស់អាស៊ាន​សម្រាប់ភូមា។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តីបរទេស អាស៊ាន អាមេរិក កាលពីថ្ងៃ​ចន្ទ ​អាមេរិក​បាន​ចោទប្រកាន់ របបសឹកភូមា​ថា កំពុង​កេង​ចំណេញ​ពេលវេលា ដើម្បី ផលប្រយោជន៍​នយោបាយ។

នៅមុន​បើកកិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​នៃប្រទេសសមាជិកអាស៊ាន​ជាមួយ ភាគីអាមេរិក មេដឹកនាំ​របបសឹកភូមា លោក​មីន អ៊ុងឡាំង​បាន​ប្រកាស​សន្យា កាលពីថ្ងៃ​អាទិត្យ​ថា នឹង​រៀបចំ​ការបោះឆ្នោត និង​សម្រេច​ដកប្រទេស​ចេញ​ពី​ស្ថានភាព​ប្រកាស​អាសន្ន នៅ​២ឆ្នាំ​ខាងមុខ (នៅ​ខែ​សីហា​ឆ្នាំ ២០២៣)។

សម្រាប់​អាមេរិក ការប្រកាស​របស់​មេដឹកនាំ​យោធា​ភូមា ជាសញ្ញា​ដាស់តឿន​ឲ្យ​សមាគម​អាស៊ាន ត្រូវ ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យគេ​អនុវត្ត​ផែនការ​ ៥ចំណុច ដែល​ថ្នាក់ដឹកនាំ​របស់​ប្រទេស​សមាជិក​អាស៊ាន ដែលនៅក្នុងនោះ​មានផងដែរ មេដឹកនាំ​របប​សឹកភូមា បានយល់ព្រមព្រៀងគ្នា កាលពី​ខែ មេសា​កន្លងទៅ។ ផែនការទាំង​៥ចំណុចនោះ មានជាអាទិ៍ ការបិទបញ្ចប់​អំពើហិង្សា ការរៀបចំឲ្យ​មាន​ការចរចា​នយោបាយ តាមរយៈ​ការបើកផ្លូវ ទទួល​តំណាង​ពិសេស​របស់អាស៊ាន ព្រមទាំងការដោះលែងអ្នកទោសនយោបាយ​ទាំងអស់ ដែល​ត្រូវបាន​ចាប់ខ្លួនក្រោយ នៅក្រោយ ការធ្វើរដ្ឋប្រហារយោធា កាលពី​ថ្ងៃទី​១កុម្ភៈ។

នៅ​៤ខែមកនេះ ផែនការ​ទាំង​៥​ចំណុច​មានតែ​នៅលើ​ក្រដាស។ សមាគម​អាស៊ាន នៅតែ​មិនទាន់​រកឃើញ​ថា តើប្រទេស​ណា​មួយ ដែល​សក្តិសម ទទួល​តួនាទី ជា​​អ្នកតំណាងពិសេស​របស់អាស៊ាន សម្រាប់​ដោះស្រាយ​វិបត្តិភូមា។ នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តីការបរទេស នៃប្រទេស​សមាជិក​អាស៊ាន​ត្រូវពិភាក្សាគ្នា ដើម្បី​សម្រេច​ថា តើថៃ ឥណ្ឌូណេស៊ី ឬ​ម៉ាឡេស៊ី ដែល​គួរត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើជា​អន្តរការីពិសេស។ អន្តរការីអាស៊ាន ត្រូវ​ទទួល​បន្ទុក ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​សឹក​ភូមា​ ដើម្បី​បិទ​បញ្ចប់​អំពើ​ហិង្សា​ក្នុង​ប្រទេសផង​ និង​ត្រូវ​រក​ទំនុក​ជំរុញ ឲ្យ​របបសឹក និង​ក្រុម​បក្ស​ប្រឆាំង របស់​លោកស្រី​អ៊ុងសាន ស៊ូជី ចូល​តុ​ចរចា។

មេដឹកនាំ​រដ្ឋាភិបាល សឹក លោក​មីន អ៊ុងឡាំង ដែលបាន​ប្រកាស​តែងតាំង​ខ្លួន​ជា​នាយករដ្ឋមន្រ្តី​ភូមា កាលពី​ថ្ងៃ​អាទិត្យ បាន​អះអាង ត្រៀមខ្លួន សហការ​ជាមួយ អាស៊ាន ដើម្បី​រកដំណោះស្រាយ តាមផ្លូវនយោបាយ។

តាម​មន្រ្តីទូត​អាស៊ាន ដែល​សុំ​មិនបញ្ចេញឈ្មោះ ភូមា​ចង់បាន​អតីត ឯកអគ្គរាជទូត​ថៃ នៅភូមា សម្រាប់​តួនាទី​អន្តរការីពិសេស​របស់​អាស៊ាន ប៉ុន្តែ យ៉ាងណាក៏ដោយ គេ​នៅតែ​មិន​ច្បាស់​ថា របបសឹក​ភូមា នឹង​មាន​ចេតនា​ពិតប្រាកដ​បើកទ្វារ​ទទួល​អន្តរការី​អាស៊ាន ហើយ​និងសុខចិត្ត​យល់ព្រម​ឲ្យ​អន្តរការី អាស៊ាន​បាន​ជួប​ជាមួយ​លោកស្រី​អ៊ុងសាន ស៊ូជី ដែលរបបសឹក ចាប់ដាក់ឃុំ និង​ចោទប្រកាន់ ជាច្រើន​បទល្មើស នៅក្រោយ រដ្ឋប្រហារ​យោធា កាលពីថ្ងៃទី ១​កុម្ភៈ ដើមឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI