អាស៊ាន-ភូមា

អាស៊ាន​សម្រេច​តែង​តាំង​អន្តរការី​ពិសេស​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា

លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ព្រុយណេ Erywan Yusof អន្តរការី​អាស៊ាន​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា
លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ព្រុយណេ Erywan Yusof អន្តរការី​អាស៊ាន​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា WANG Zhao POOL/AFP

អន្តរការី​អាស៊ាន​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ ជា​នរណា ? បន្ទាប់​ពី​រង់​ចាំ​អស់​ជា​ច្រើន​ថ្ងៃ​​ខែ នៅ​ទី​បំផុត អាស៊ានបាន​ព្រមព្រៀង​គ្នា​ ​នៅ​ថ្ងៃពុធ​ទី ៤​សីហា​២០២១​នេះ តែង​តាំង​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ព្រុយណេ លោក អេរីវ៉ាន់ យូស៊ុហ្វ Erywan Yusof ជា​​អន្តរការី​ទទួលបន្ទុក​ដោះស្រាយ​វិបត្តិ​នៅភូមា។ ភូមា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​និង​ហិង្សា​ តាំង​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសានស៊ូជី​ នា​ថ្ងៃទី ១​កុម្ភៈ​២០២១​មក។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សំណុំ​រឿង​ភូមា អាស៊ាន​មាន​ចរន្ត​ពីរ​ប្រឈម​គ្នា​។ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី និង​សិង្ហបុរី​ មាន​ជំហរ​ ​ប្រឆាំង​នឹងដាច់​ខាត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធានិងការ​រៀប​ចំ​ជំនួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ភូមា។​ ចំណែក​ម្ខាង​ទៀត នាំមុខ​ថៃ​ អម​ដោយ​កម្ពុជា​និង​វៀតណាម​ គាំទ្រ​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត។ តែ​អាស៊ាន​មាន​ប្រពៃណី និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ ដូច្នេះ​ហើយ​បានការ​ស្វែង​រក​​ដំណោះស្រាយតាម​ផ្លូវ​ទូត​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង។

ប៉ុន្តែ​បន្ទាប់​ពី​ជាប់​គាំង​អស់​ជា​ច្រើន​ខែ និង​ក្រោម​សម្ពាធ​របស់​អង្គការ​សហប្រជាជាតិ​និង​សហរដ្ឋ​អាមេរិក​ នៅ​ទី​បំផុត​អាស៊ាន​បានរក​ឃើញ​អន្តរការ​ពិសេស​សម្រាប់​ទទួល​បន្ទុក​ដោះស្រាយវិបត្តិ​ឱ្យ​ភូមា។​​​

ជួប​ប្រជុំ​គ្នា​តាំង​ពី​ថ្ងៃ​ចន្ទទី ២​សីហា រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទាំង​១០ប្រទេស​​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃពុធ​ទី ៤​សីហា​ តែងតាំង​ អនុរដ្ឋមន្ត្រី​ការបរទេស​ព្រុយណេ លោក អេរីវ៉ាន់ យូស៊ុហ្វ Erywan Yusofជា​អន្តរការី​ពិសេស​របស់​អាស៊ាន ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នៅភូមា។ លោក យូស៊ុហ្វ មាន​ភារៈ​ស្ថាបនា​ទំនុក​ចិត្ត​និង​អាច​ភ្ជាប់​​​ទំនាក់ទំនង​ពេញ​លេញ​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ រាប់​ទាំងក្រុម​ប្រឆាំង​ភូមា​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​អាស៊ាន​ដដែល។

សូម​បញ្ជាក់​ថា​លោក អេរីវ៉ាន់ យូស៊ុហ្វ ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា និង​បាន​ជួប​ពិភាក្សា​ជាមួយ​ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង ដែលតាំង​ខ្លួន​​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ភូមា​ ម្តង​ហើយ​កាលពីខែ​ថ្ងៃទី ៤​មិថុនា​។

អំណើះ​តទៅ ក្រៅ​អំពី​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នយោបាយ​ បិទ​បញ្ចប់​អំពើ​ហិង្សា និង​នាំ​គ្រប់​ភាគី​ជម្លោះ​ភូមា​ឱ្យ​ចូល​តុ​ចរចា អាស៊ាន​អាច​ចាប់​ផ្តើម​ផ្តល់​និង​ពាំនាំ​ជំនួយ​មនុស្សធម៌​​ទៅ​ភូមា ដើម្បី​​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩។ បើ​តាម​ការ​ព្រមាន​របស់​អង់គ្លេស នៅ​ពីរ​សប្តាហ៍​ខាង​មុខ ភូមា​អាច​នឹ​ង​មាន​ករណី​វិជ្ជមាន​​​​កូវីដចំនួន​២៧​លាន​នាក់ ពោល​គឺ​ត្រូវ​ជា​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប។ ចំណែក​សេវា​សុខាភិបាល​វិញ​មាន​ដំណើរការ​តែ​៤០%។ នេះ​បើ​តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI