តៃវ៉ាន់-អាវុធ

តៃវ៉ាន់​អរគុណសហរដ្ឋ​អាមេរិក​ដែលលក់​អាវុធ​ឱ្យ

ប្រព័ន្ធ​កាណុង​កាំភ្លើង​ធំ​ M109A6 របស់​អាមេរិក ក្នុង​ពេល​សមយុទ្ធ​នៅ​កូរ៉េខាង​ត្បូង
ប្រព័ន្ធ​កាណុង​កាំភ្លើង​ធំ​ M109A6 របស់​អាមេរិក ក្នុង​ពេល​សមយុទ្ធ​នៅ​កូរ៉េខាង​ត្បូង Kim Hong-Ji POOL/AFP/File

នៅ​ថ្ងៃព្រហស្បតិ៍​ទី ៥​ សីហា នេះ តៃវ៉ាន់​ បានថ្លែង​អរគុណ​សហរដ្ឋ​អាមេរិក ដែល​ព្រមលក់​កាណុងសម្រាប់​​កាំភ្លើង​ធំ​ ឱ្យ​តៃប៉ិ ដើម្បី​យកមកដំឡើង​ទុក​ការពារ​កោះ​ ក្នុង​ករណី​មាន​ការ​វាយលុក​ឈ្លានពាន​ណា​មួយ​ពី​សំណាក់​ចិន​ប៉េកាំង។ តម្លៃ​នៃ​ការ​ទិញ​ដូរ មាន​ទំហំ​ដល់​ទៅ​៧៥០​លាន​ដុល្លារ​។  

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​លក់​ដូរ​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់ ដ៏​ធំ​សម្បើម​​លើក​ដំបូង​បង្អស់​ គិត​ចាប់​តាំងពី​​លោក​ ចូ បៃដិន ចូល​កាន់​តំណែងនៅ​សេតវិមានមក។ នៅល្ងាច​ថ្ងៃពុធទី​៤​សីហា​​ម្សិលមិញ ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្តល់​ការ​អនុញ្ញាត​លក់​​ប្រព័ន្ធ​កាំភ្លើង​ធំ​ចំនួន ៤០ ​គ្រឿង​ ដែល​ជា​កាណុង​មាន​បំពាក់​ម៉ូទ័រ​ស្រាប់ ធុន​មធ្យម M109A6 ប្រវែង​១៥៥មីល្លីម៉ែត្រ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ដែល​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភា​ទៀត។

​​តៃវ៉ាន់ត្រូវ​ការ​​សព្វាវុធ​ទាំង​នេះ ដើម្បីយក​មកពង្រឹង​ប្រព័ន្ធការពារ​កោះ​ផង និង​​ដើម្បី​រក្សាសន្តិភាពស្ថិរភាព តំបន់​​ផង។ នេះ​បើ​តាមការ​បញ្ជាក់​​​របស់​ក្រសួង​ការបរទេសតៃវ៉ាន់ ដោយ​​អះអាង​ទៀត ថា ប្រឈម​នឹង​សកម្មភាព​វាតទី​របស់​យោធា​ចិន និង​សកម្មភាព​ផ្គើន​បង្ក​ហេតុ​​ឥតដាច់​របស់​ចិន រដ្ឋាភិបាលតៃវ៉ាន់​ចាំបាច់ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធការពារសន្តិសុខ​ជាតិ ជាមួយ​នឹងឆន្ទៈ​ដាច់ខាត​ការពារ​ជីវិត​ប្រជាពលរដ្ឋ​និង​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ។​

កាំភ្លើង​ធំ​ទើប​ទិញ​បាន​ពី​អាមេរិក​ទាំងនេះ មានតួនាទី​និង​អត្ថប្រយោជន៍​ខ្លាំងណាស់​ សម្រាប់​ទប់​ស្កាត់​​​វាយលុក​ចូល​ឈ្លានពាន​ជា​យថាហេតុ​ណាមួយ​ពី​សំណាក់​ចិន​ប៉េកាំងមក​លើ​កោះ​តៃវ៉ាន់។ យោធា​តៃវ៉ាន់អាចប្រើកាណុង​កាំភ្លើង​ធំ បាញ់តម្រង់​ កម្ចាត់​ដោយ​ផ្ទាល់​ នាវា​ដឹកទ័ព​ ដឹក​គ្រាប់​ផ្លោង​ ​មិន​ឱ្យ​ចូល​មកកៀកឆ្នេរតៃវ៉ាន់បាន។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​តៃវ៉ាន់​ដដែល។

សូម​បញ្ជាក់​ថា​តៃវ៉ាន់​មាន​ប្រព័ន្ធ​ការពារជាតិ​ទន់​ខ្សោយ​ និង​ចាស់​ទ្រុឌទ្រោមខ្លាំង​ណាស់​ បើ​ប្រៀបទៅ​នឹងចិន​។ ​ចិន ​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក ស៊ី ជីនពីង បាន​បង្កើន​សម្ពាធ​លើ​តៃវ៉ាន់ និង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​នៅ​ឆ្វែល​រំលោភ​លើ​​តៃ​វ៉ាន់​​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ព្រមទាំង​​ធ្វើ​សមយុទ្ធ​បែប​ចូល​វាយលុក​លើ​តៃវ៉ាន់​ទៀត។​

ចំណែក​សហរដ្ឋ​អាមេរិក​វិញ បាន​កាត់​ផ្តាច់ទូត​ជាមួយ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩៧៩មក ដើម្បី​ទទួលស្គាល់​ចិន​ ក្រោម​គោលការណ៍​ចិន​តែ​មួយ។ តាមច្បាប់ អាមេរិក​អាច​​ចូលជួយ​តៃវ៉ាន់ឱ្យ​ការពារ​ខ្លួន​​តែក្នុង​ករណី​មាន​ជម្លោះ​ប៉ុណ្ណោះ ប៉ុន្តែ​វ៉ាស៊ីនតោន​នៅ​តែប្រកាន់​យុទ្ធសាស្ត្រ​មិន​ច្បាស់​លាស់ មិន​ដែល​និយាយ​ឱ្យ​លះ​ថាតើត្រូវ​ប្រើ​អន្តរាគមន៍យោធាការពារតៃវ៉ាន់​ក្នុង​បរិបទ​ណាទេ។ អាមេរិកក្រោម​រដ្ឋបាលលោកដូណាល់​ ត្រាំ​ ធ្លាប់​បាន​លក់​អាវុធ​ច្រើន​ណាស់​ឱ្យ​តៃវ៉ាន់​រហូត​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​ចិន​ធ្លាក់​ដុនដាប​ស្ទើរ​ដល់​បាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI