កូរ៉េខាង​ត្បូង - SAMSUNG

តុលាការ​កូរ៉េខាងត្បូង​ ដោះលែង​មេដឹកនាំ​ក្រុមហ៊ុន​សាំស៊ុង​ Samsung ឱ្យ​នៅក្រៅ​ឃុំ

តុលាការ​ដោះលែង​អ្នក​ស្នង​មរតកក្រុមហ៊ុន​ Samsung លោក Lee Jae-yong ឱ្យ​នៅ​ថ្ងៃ​ក្រៅ​ឃុំ ថ្ងៃទី ១៣ សីហា ២០២១
តុលាការ​ដោះលែង​អ្នក​ស្នង​មរតកក្រុមហ៊ុន​ Samsung លោក Lee Jae-yong ឱ្យ​នៅ​ថ្ងៃ​ក្រៅ​ឃុំ ថ្ងៃទី ១៣ សីហា ២០២១ AFP - JUNG YEON-JE

ក្នុង​ឱកាស​បុណ្យ​​ឯករាជ្យ​ជាតិ​ថ្ងៃទី ១៥​សីហា ​​កូរ៉េខាង​ត្បូង​មាន​ប្រពៃណីលើក​លែង​អ្នក​ទោស។ នៅ​ឆ្នាំ​នេះ​ អ្នក​ទោស​ចំនួន​៨១០​នាក់ បាន​ទទួល​ការ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ ក្នុង​នោះ​មាន​ម្នាក់​ ជា​មេដឹកនាំ​ក្រុមហ៊ុន​សាំស៊ុងផង។ លោក លី ជែយុង Lee Jae-yong អ្នក​ស្នង​មរតក​ក្រុមហ៊ុន​សាំស៊ុង ដែល​តុលាការ​កាត់​ទោសកាលពី​ខែ​មករា​២០២១​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំកន្លះ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បាន​ចាក​ចេញ​ពី​ពន្ធនាគារ មុន​កាលកំណត់ នៅ​ថ្ងៃសុក្រ​ទី ១៣ សីហា ២០២១​នេះ បន្ទាប់​ពី​តុលាការ​កូរ៉េខាង​ត្បូង​បាន​សម្រេច​ដោះលែង​លោក​ឱ្យ​ក្រៅ​ឃុំ​។

ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​សូម​ទោស ! ខ្ញុំ​បង្ក​ការ​ខ្វល់ខ្វាយ​ដល់​មនុស្ស​ច្រើន” នេះ​ជា​ប្រសាសន៍​របស់​លោក លី ជែយុង ពេល​បាន​ចេញ​មក​ដល់​មុខ​ពន្ធនាគារ។

ក្នុង​វ័យ​៥៣​ឆ្នាំ ​កូនប្រុស​ថៅកែ​សាំស៊ុង​ លោក លី ជែយុង ដែល​ដោយ​ជាក់ស្តែង​ជា​ប្រធានក្រុមហ៊ុន​សាំស៊ុង ត្រូវ​បាន​ក្រសួង​យុត្តិធម៌​កូរ៉េខាង​ត្បូង ប្រកាស​ ដោះលែង​​ឱ្យ​ក្រៅ​ឃុំ​ តាំង​ពី​ថ្ងៃ​ចន្ទទី ៩​សីហា ដោយហេតុ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​អាប់អួរ​បង្ក​ឡើង​ដោយ​ជំងឺរាតត្បាត​​​កូវីដ​១៩ និង​ដោយ​សារ​តែ​លោក​បាន​ប្រកាន់​ឥរិយាបថ​ល្អ ជា​អ្នក​ទោស​គំរូ។ ហើយ​ច្បាប់​ចូល​ជា​ធរមាន​នៅ​ដើម​ខែ​សីហា ក៏​បាន​សម្រួល​ និងកាត់​បន្ថយ​រយៈ​ពេល​នៃ ការ​អនុវត្ត​ទោស​មុន​នឹង​អាច​បាន​ទទួល​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំកន្លះ កាលពី​ខែ​មករា ២០២១ ពី​បទ​ពុក​រលួយ​​ ដែល​ជា​សំណុំ​រឿង​អាស្រូវ​ដ៏​ធំ​មួយ​ រហូត​ធ្វើ​ឱ្យ​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោកស្រី ប៉ាក់ គុនហេ ជាប់​ទោស​២៥​ឆ្នាំ​ក្នុង​ពន្ធាគារ​ លោក លី ជែយុង ​បាន​ទទួល​ការ​គាំទ្រច្រើន។ ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សម្រែក​សុំទាមទារ​ឱ្យ​ដោះលែង​លោក​ បាន​លាន់​ឮកាន់​តែ​ខ្លាំងឡើងៗ ​ចេញ​ពី​មាត់​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ ប្រធានក្រុមហ៊ុន​សហគ្រាស​ ដែល​ព្រួយ​បារម្ភ​អំពី​ផលវិបាក​នៃ​វិបត្តិ​កូវីដ​លើ​សេដ្ឋកិច្ច​កូរ៉េខាង​ត្បូង។

ជា​ផ្លូវការ​លោក លី ជែយុង ជា​អ្នក​មានជាង​គេ​នៅ​លើ​ពិភពលោក​​លំដាប់​ទី ២០២​ពិភពលោកក្នុង​ចំណាត់​ថ្នាក់​ Forbes  ដោយ​មាន​ទ្រព្យ​សម្បត្តិ​ ១១,​៤ពាន់​​លាន​ដុល្លារ និង​ជា​អនុប្រធាន​ក្រុមហ៊ុន​សាំស៊ុងអេឡិចត្រូនិក ដែល​ជា​ក្រុម​ហ៊ុន​ជើង​ឯក​ផ្នែក​ទូរស័ព្ទ​ចល័ត​ និង​មេម៉ូរីកាត។ ​ក្រុមហ៊ុន​សាំស៊ុង​ជា​ចក្រភព​ឧស្សាហកម្ម​គ្រួសារ​ដ៏​ធំ​មួយ ដោយ​មាន​ប្រាក់​ចំណូល​តំណាង​ឱ្យ​១​ភាគ​៥​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​​កូរ៉េខាង​ត្បូង​ ពោល​គឺ​ជា​ទន្ទល់​​សេដ្ឋកិច្ច​ជាតិ​មួយ​ដ៏​សំខាន់។

​ទោះ​លោក​កំពុង​ជាប់​ក្នុង​ពន្ធនាគារក៏​ដោយ ក៏​ក្រុមហ៊ុន​នៅតែ​មានដំណើរការ​​ល្អ មាន​​ចំណូលកើន​​ដល់​ទៅ​ ៧០% នៅត្រីមាស​ទី​ពីរ​ ​ដោយ​សារ​តែ​បច្ចេកវិទ្យាមេម៉ូរីកាត ដែល​ពិភពលោក​សម័យ​កូវីដ​ត្រូវ​ការ​ខ្លាំង។

ការ​ដោះលែង​លោក​លី ​មិនមែន​ជា​ករណី​ដំបូង​និង​ចម្លែកទេ។ ក្នុង​អតីត​កាល ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​ថៅកែក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាង​ត្បូង ត្រូវ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី​បទ​ពុក​រលួយ​ឬ​គេច​ពន្ធ តែ​តែង​ត្រូវ​បាន​បន្ថយ​ទោស ឬ​លើក​លែង​ទោស​ ក្រោមហេតុ​ផល​បាន​ជួយ​ស្តារ​សេដ្ឋកិច្ច​ជាតិ​ ឧទាហរណ៍​ជាក់​ស្តែង​ករណី​អតី​តប្រធាន​ក្រុមហ៊ុន​សាំស៊ុង លី គុនហឺ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI