អាហ្វហ្កានីស្ថាន-

អាហ្វហ្កានីស្ថាន ៖ ប្រទេស​មួយ​ចំនួន​ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិការ​ជម្លៀស​នៅអាកាសយានដ្ឋានកាប៊ុល

ពលរដ្ឋ​អាហ្វហ្កានីស្ថាន ដែល​ជម្លៀស​ចេញ​ផុត​ពី​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ ហើយ​មក​ដល់​ក្រុង​Tirana ប្រទេស​អាល់បានី
ពលរដ្ឋ​អាហ្វហ្កានីស្ថាន ដែល​ជម្លៀស​ចេញ​ផុត​ពី​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ ហើយ​មក​ដល់​ក្រុង​Tirana ប្រទេស​អាល់បានី REUTERS - FLORION GOGA

គ្រាន់​តែ​ពួកតាលីបង់​ដណ្តើម​បាន​​ក្រុង​កាប៊ុល និង​គិត​ចាប់​តាំងពី​ថ្ងៃទី ១៤​សីហា​ មាន​មនុស្ស​ប្រមាណ​ជាង​១០ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​អាហ្វហ្កានីស្ថាន​ តាម​រយៈ​ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។ ហើយ​ក្នុង​ខណៈ​ដែល​​សហរដ្ឋ​អាមេរិក​ត្រៀម​ដកកងទ័ព​ឱ្យ​អស់​ទាំងស្រុងពី​ប្រទេស​អាហ្វហ្កានីស្ថាន ​​​ថ្ងៃទី ៣១​សីហា បណ្តាប្រទេស​បស្ចិម​លោក​ជា​សម្ព័ន្ធមិត្ត​អាមេរិក មួយ​ចំនួន​បានប្រកាស​បិទ​បញ្ចប់​ជា​បណ្តើរៗ​  ប្រតិបត្តិការ​ជម្លៀស​ នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល មាន​អាទិ៍​បារាំង អង់គ្លេស អេស្ប៉ាញ ឬ​អូស្ត្រាលី។

ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី ដែល​បាន​បញ្ជូន​កម្លាំង​យោធា​​ប្រមាណ៣៩០០០នាក់ ទៅ​ចូលរួម​ធ្វើ​ប្រតិបត្តិការ​យោធាអន្តរជាតិ​នៅ​អាហ្វហ្កានីស្ថាន​ អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ ​បាន​ប្រកាស​មុន​គេ​ ថា​​ប្រតិបត្តិការ​ជម្លៀស​​ទាហាន​ចេញ​អស់​រលីង​ពី​​អាហ្វហ្កានីស្ថាន នៅ​មួយ​ថ្ងៃ​​មុន​ភេរវកម្មអត្តឃាត​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​មុខ​អាកាសយានដ្ឋានក្រុងកាប៊ុល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦​សីហា បន្តិច។

ចំណែកអេស្ប៉ាញ ដែល​​បាន​ចាប់ជម្លៀស អស់​រយៈ​ពេល​មួយ​សប្តាហ៍មក​ហើយ​នោះ ក៏​បាន​ប្រកាសបញ្ចប់​ប្រតិបត្តិការ​ ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៧​សីហានេះ ជាមួយ​នឹង​យន្តហោះ​ពីរ​គ្រឿង​ ហោះ​ចេញ​ពី​ក្រុង​កាប៊ុល​នៅ ​ម៉ោង​ ៧​កន្លះមួយ និង​៨​កន្លះ​មួយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​លម្អិត​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​អេស្ប៉ាញ។ ​ក្នុង​យន្តហោះ​ជើង​ចុងក្រោយ​ទាំង​ពីរ​នេះ គេ​សង្កេត​ឃើញ​មាន​បុគ្គលិក​អេស្ប៉ាញ​ធ្វើ​ការ​នៅ​អាហ្វហ្កានីស្ថាន បុគ្គលិក​ជាតិ​អាហ្វហ្កានីស្ថាន​និង​ក្រុមគ្រួសារ​ដែល​ធ្វើ​ការ​ឱ្យ​អេស្ប៉ាញ  សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ និង​អង្គការ​អូតង់ ព្រមទាំងបុគ្គលិក​ចុងក្រោយ​របស់​​ស្ថានទូត​​អេស្ប៉ាញ​​នៅ​អាហ្វហ្កានីស្ថាន​​ កងទ័ព​ជើង​គោក ជើង​អាកាសអេស្ប៉ាញ និង​​ព័រទុយហ្កាល់ផង។ ជា​សរុប កងកម្លាំង​ទ័ព​អាកាស​​អេស្ប៉ាញ ​ជម្លៀសពលរដ្ឋ​អាហ្វហ្កានីស្ថានបាន១៨៩៨នាក់។

​ប្រតិបត្តិការ​ជម្លៀស​របស់​អង់គ្លេស ក៏​នឹងត្រូវ​បិទ​បញ្ចប់​នៅ​ប៉ុន្មានម៉ោង​ទៀត​នេះ​ដែរ។ ​នេះ​បើ​តាមការ​អះអាង​របស់​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិអង់គ្លេស​នៅ​ព្រឹក​ថ្ងៃសុក្រ​អំបាញ់​មិញ​ ដោយ​បង្ហាញ​ការ​សោក​ស្តាយ​​ថា​ជាសរុប​ តាំង​ពី​ថ្ងៃទី ១៤សីហាមក អង់គ្លេស​សង្គ្រោះ​បាន​ពលរដ្ឋ​ខ្លួននិ​ងអាហ្វហ្កានីស្ថាន​ចំនួន ១៤០០០នាក់ តែអង់គ្លេស​​មិនអាច​ជួយ​បាន​គ្រប់​គ្នា​ទេ។

ចំពោះ​ប្រទេស​បារាំង ដែល​ទើប​ជម្លៀស​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​បាន​ប្រមាណ​២ពាន់​នាក់​​វិញ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិការ​ជម្លៀស​ នៅ​​ថ្ងៃ​សុក្រ​នេះ​ដែរ​ហើយ ដោយ​នឹងអាច​មាន​ជើង​យន្តហោះ​ចុងក្រោយ​នៅយប់​នេះ ឬបន្ទាប់​ពី​ថ្ងៃសុក្រ។ ប្រតិបត្តិការ​​ត្រូវ​តែ​បន្ត​ដរាប​ណា​​ទាហាន​បារាំងមិន​ទាន់​ចាកចេញ​អស់​ពី​អាហ្វហ្កានីស្ថាន។ ហើយ​ ​ដោយ​ហេតុតែ​​មាន​​ការ​គំរាមកំហែងភេរវកម្មអត្តឃាត​កាន់​តែខ្លាំង ​​​បារាំងចង់​​សាកល្បង​​​បន្ត​ប្រតិបត្តិការ​ជម្លៀសពលរដ្ឋ​អាហ្វហ្កានីស្ថាន​​ ឱ្យ​បាន​ជា​ច្រើន​រយនាក់​បន្ថែម​ទៀត។ នេះ​បើ​តាមការ​ព្រលយ​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការ​បារាំាង​​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​ លោក Clément Beaune៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI