វៀតណាម-កូវីដ១៩

វៀតណាម៖ មនុស្ស១៥​នាក់បន្លំ​ធ្វើដំណើរ​តាម​រថយន្ត​ទូរទឹកកក ដើម្បី​គេចចេញ​ពី​ការ​ឆ្លងរាលដាល​កូវីដ​​នៅ​ភាគ​ខាងត្បូង

បុរសម្នាក់ យកចំណីអាហារ មកប្រគល់ឲ្យ​អ្នកដែលជាប់​ក្នុងការបិទខ្ទប់​ទាំងស្រុង នៅក្រុង Vung Tau​ ភាគខាងត្បូងវៀតណាម។ ថ្ងៃទី ៦ កញ្ញា ២០២១
បុរសម្នាក់ យកចំណីអាហារ មកប្រគល់ឲ្យ​អ្នកដែលជាប់​ក្នុងការបិទខ្ទប់​ទាំងស្រុង នៅក្រុង Vung Tau​ ភាគខាងត្បូងវៀតណាម។ ថ្ងៃទី ៦ កញ្ញា ២០២១ AP - Hau Dinh

យោងតាមការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​វៀតណាម គេបាន​ចាប់ឃាត់ខ្លួន​មនុស្ស​១៥នាក់ ក្នុង​នោះមានក្មេងប្រុសអាយុ​៧ឆ្នាំម្នាក់ផង ដែល​បានបន្លំខ្លួន​ធ្វើដំណើរ តាមរថយន្តទូរទឹកកក ដើម្បីចាកចេញពីខេត្ត ដុងណៃ ភាគខាងត្បូងវៀតណាម។ ខេត្តដុងណៃ ក៏ដូចជាក្រុងហូជីមីញ កំពុងតែប្រឈម​ខ្លាំងបំផុត និងការឆ្លងរាល​ដាល​កូវីដ​១៩ នាប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរវៀតណាមបានឃាត់រថយន្តទូរទឹកកកមួយគ្រឿង ដែលបានបន្លំដឹក​ មនុស្ស​ចំនូន​១៥នាក់ ក្នុងនោះមាន​ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ផង។ រថយន្តបានធ្វើដំណើរ រាប់សិបគីឡូម៉ែត្រ ចេញពីខេត្តដុងណៃ ស្ថិតនៅភាគខាងត្បូងវៀតណាម មុននឹង​ត្រូវបានស​មត្ថកិច្ចឃាត់បាន។

អ្នកដំណើរម្នាក់ បាន​ឆ្លើយ​ប្រាប់បណ្តាញ​ព័ត៌មាន​វៀតណាមថា ខ្លួន​ដឹងថា ការធ្វើដំណើរក្នុងរថយន្តទូរទឹកកកបិទជិតបែបនេះ​ គឺវាប្រឈមគ្រោះថ្នាក់ខ្លាំង។ ក៏ប៉ុន្តែ បើបន្តរស់នៅក្នុងខេត្តដុងណៃ​ ក៏ពួកគេប្រឈមគ្រោះថ្នាក់ នឹងការឆ្លងជម្ងឺកូវីដ​ដែរ។

គួរកត់សំគាល់ថា ដំណឹងនៃការឃាត់ខ្លួនជនជាតិវៀតណាម បន្លំខ្លួន​ធ្វើដំណើរតាមរថយន្តទូរទឹកកកនេះ គឺបានធ្វើ​ឲ្យ​គេនឹងឃើញទៅដល់​ករណីសោកនាដកម្មមួយ ដែលបាន​កើតឡើង​កាលពី​ខែតុលា ឆ្នាំ​២០១៩។​ អាជ្ញាធរអង់គ្លេសបានប្រទះឃើញ​សាកសពជនជាតិវៀតណាម​ ចំនួន​៣៩ នៅក្នុងរថយន្ត​ទូរទឹកកកមួយ។

គួររំលឹកថា កាលពីឆ្នាំ​២០២០ រដ្ឋាភិបាល​ប្រទេស​វៀតណាម ធ្លាប់បាន​អបអរសាទរខ្លួនឯង ថាបានគ្រប់គ្រងការឆ្លងរាលដាលកូវីដ​ បាន​យ៉ាងមានប្រសិទ្ធភាព។ ក៏ប៉ុន្តែប្រមាណ​២​ខែមកនេះ ស្ថានភាព​ឆ្លងរាលដាល​កូវីដ​ នៅភាគខាងត្បូងប្រទេសវៀតណាម​ មានភាពធ្ងន់ធ្ងរជាខ្លាំង។​ គិតត្រឹម​ពីចុងខែកក្កដាមក វៀតណាម មានអ្នកជំងឺកូវីដ​១៩ ស្លាប់ចំនួន​ប្រមាណ​១៥០០០នាក់។

ទីក្រុងហូជីមិញ បេះដូងសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបិទខ្ទប់ទាំងស្រុង តាំងតែពីដើមខែកក្កដាមកម្លេះ​ ជាមួយ​នឹងបំរាមហាមឃាត់ យ៉ាងតឹងតែងបំផុត។ រដ្ឋាភិបាលបាន​បញ្ជូនទាហានជាច្រើនពាន់នាក់ ដើម្បីតាមដានការគោរពវិធានការសុខាភិបាល។ កាលពីថ្ងៃ​ទី​៧ កញ្ញាថ្មីៗនេះ បុរសជនជាតិវៀតណាម​អាយុ២៨ឆ្នាំម្នាក់ ត្រូវបាន​តុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ដោយសារជននេះ មិនគោរពវិធានការសុខាភិបាល​ ហើយ​បានបណ្តាល​ឲ្យ​ឆ្លងរាលដាលកូវីដ រហូតមានស្លាប់​មនុស្ស​ម្នាក់ផង។

ខណៈដែលការឆ្លងរាលដាល​ និងករណីស្លាប់មានកាន់តែច្រើន យុទ្ធនាការចាក់វ៉ាក់សាំងឯណោះវិញ បានដំណើរការទៅយ៉ាងយឺតបំផុត នៅវៀតណាម។ រហូតមកទល់ពេលនេះ មានប្រជាជនប្រមាណ​តែ​៥%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងរួចរាល់។ ដោយ​បានជំនួយ​វ៉ាក់សាំងពីចិន ពីអាមេរិក និងបានចុះកិច្ចសន្យាជាមួយ​​មន្ទីរពិសោធន៍​ផលិតវ៉ាក់សាំងផង រដ្ឋាភិបាលវៀតណាម បាន​ប្តេជ្ញាថា​នឹងចាក់វ៉ាក់សាំងឲ្យ​បាន​៧០% ពីនេះដល់ខែមេសាឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI