អាហ្វហ្កានីស្ថាន-វិបត្តិមនុស្សធម៌

អង្គការសហប្រជាជាតិ​ស្វែងរក​ជំនួយ​ជាង ៦០០​លាន​ដុល្លារ​សម្រាប់​ប្រជាជន​អាហ្វហ្កានីស្ថាន

នៅថ្ងៃទី ១​កញ្ញា ២០២១ បងប្អូនអាហ្វហ្កានីស្ថាន​នៅក្នុង​ជំរំភៀសខ្លួន​បណ្តោះអាសន្ន នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន បន្ទាប់ពី​ក្រុមតាលីបង់​ត្រលប់​ចូល​កាន់កាប់ប្រទេស
នៅថ្ងៃទី ១​កញ្ញា ២០២១ បងប្អូនអាហ្វហ្កានីស្ថាន​នៅក្នុង​ជំរំភៀសខ្លួន​បណ្តោះអាសន្ន នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន បន្ទាប់ពី​ក្រុមតាលីបង់​ត្រលប់​ចូល​កាន់កាប់ប្រទេស REUTERS - Saeed Ali Achakzai

អង្គការ​សហប្រជាជាតិ​បើក​សន្និសីទអន្តរជាតិ​ដើម្បី​ស្វែងរក​ជំនួយ សម្រាប់​ប្រជាជន​អាហ្វហ្កានីស្ថាន កាលពីថ្ងៃ​ចន្ទទី ១៣ កញ្ញា។ នៅមុន​បើកកិច្ចប្រជុំ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ បាន​ព្រមាន​ពីវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ​នៅអាហ្វហ្កានីស្ថាន។ លោក​បានអំពាវនាវ​ឲ្យប្រទេស​ម្ចាស់ជំនួយ​ផ្តល់ថវិកា​ជួយ ប្រជាជន​អាហ្វហ្កានីស្ថាន និងបន្ត​ជួយគាំទ្រ ការពារ ស្រ្តី​អាហ្វហ្កានីស្ថាន​ដែលកំពុង​រងការបិទសិទ្ធិ គំរាមកំហែង​ពី​ក្រុមតាលីបង់។ នៅថ្ងៃ​ចន្ទដដែល ប្រធានឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​បាន​និយាយ​សោកស្តាយ ដែលឃើញ​សមាសភាព​រដ្ឋាភិបាល​តាលីបង់ គ្មានរាប់បញ្ចូល​មនុស្ស​ស្រី ឬ​ឥស្សរជន​នយោបាយ​អាហ្វហ្កានីស្ថាន​ផ្សេងទៀត។

ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​សម្រាប់​អាហ្វហ្កានីស្ថាន មាន​គោលដៅ​ស្វែងរក ជំនួយ​៦០៦​លាន​ដុល្លារ ដែល​អង្គការ​សហប្រជាជាតិ​អះអាង​ថា ជាតម្រូវការ​បន្ទាន់​សម្រាប់​ជួយ​ប្រជាជន​អាហ្វហ្កានីស្ថាន ១១​លាននាក់ (ក្នុងចំណោម​ប្រជាជន​សរុប ៣៨លាននាក់ ) ពី​ពេល​នេះ រហូត​ដល់​ចុងឆ្នាំ ២០២១។

ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវ​ការជំនួយចាំបាច់​សម្រាប់​ទ្រទ្រង់ជីវិត។ សម្រាប់ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្ទាប់ពី រងគ្រោះ ដោយសារ សង្រ្គាម​ជាច្រើន​ទសវត្សរ៍ ហើយនិង​អសន្តិសុខ ប្រជាជន​អាហ្វហ្កានីស្ថាន​កំពុង​ជួបទុក្ខវេទនា​ជាងពេលណាៗ​ទាំងអស់។

តាមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អាហ្វហ្កានីស្ថាន​ជួប​វិបត្តិមនុស្សធម៌​ធ្ងន់ធ្ងរ តាំង​ពី​មុន​ការវិលត្រលប់​ចូលគ្រប់គ្រង​របស់​ពួកតាលីបង់​ទៅទៀត។ ៤០ភាគរយនៃផលិតផលក្នុង​ស្រុក​សរុប​របស់​អាហ្វហ្កានីស្ថាន បានមកពីជំនួយ​បរទេស។ ចំណែក​ពាក់កណ្តាល​នៃ​ប្រជាជន​អាហ្វហ្កានីស្ថាន​រស់ពឹង​អាស្រ័យ លើ​ជំនួយ​អន្តរជាតិ។

អាច​និយាយ​បាន​ថា កំពុង​ជួបគ្រោះអត់ឃ្លាន ដោយសារ គ្រោះរាំងស្ងួត និង វិបត្តិជំងឺកូវីដ ប្រជាជន​អាហ្វហ្កានីស្ថាន ត្រូវជួប​ទុក្ខលំបាក​មួយ​ជាន់ទៀត​ដោយសារ ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស ព្រោះថា ជំនួយ​អន្តរជាតិ ត្រូវ​ផ្អាក​ទាំងស្រុង នៅ​ពេល ក្រុមតាលីបង់ ប្រយុទ្ធ ឈ្នះសង្រ្គាម ដណ្តើម គ្រប់គ្រង​អាហ្វហ្កានីស្ថាន សាជាថ្មី កាលពី ១ខែ​មុននេះ។ តាម អង់តូនីញ៉ូ ហ្គូទែរស៍ អង្គការ​សហប្រជាជាតិ នឹងបញ្ចេញ​ថវិកា ២០លាន​ដុល្លារ ពីមូលនិធិ​ឆ្លើយតបបន្ទាន់ សម្រាប់ជំនួយ​មនុស្សធម៌​នៅអាហ្វហ្កានីស្ថាន។

ក្រុម​ប្រទេស​ផ្តល់ជំនួយ​ ជាពិសេស​ក្រុមប្រទេស​លោកខាងលិច កំពុង​ប្រឈម​នឹង​ការសម្រេចចិត្ត​ដ៏លំបាកមួយ ព្រោះថា នៅពេលនេះ គេត្រូវ​ធ្វើការ​ជាមួយ ក្រុមតាលីបង់ ដែលធ្លាប់​ប្រើ​អំណាច​ផ្តាច់ការ រំលោភ​សិទ្ធិមនុស្ស និង​ដែលអាមេរិក​បាន​វាយបណ្តេញ​ចេញពីអំណាច កាលពី​២០ឆ្នាំមុន។

ទោះ​ក្រុមតាលីបង់​អះអាងថា គេ​នឹង​ប្រកាន់​ជំហរ​ថ្មី គោរព​សិទ្ធិមនុស្ស ប៉ុន្តែ ការអនុវត្ត​ជាក់ស្តែង បានធ្វើ​ឲ្យ​គេ​ស្រងាកចិត្ត។ ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោកស្រី មានការខកចិត្ត ដែល​ឃើញ​សមាសភាពរដ្ឋាភិបាល​ថ្មី​របស់​តាលីបង់ មានប្រភព​ចេញ​មក តែ​ក្រុមតាលីបង់ និង​បក្សពួក ប៉ុន្តែ គ្មាន ការចូលរួម​ពីខាង​ឥស្សរជន​នយោបាយ​អាហ្វហ្កានីស្ថាន។ លោកស្រី​បាន​សំដែងក្តីបារម្ភផង​ដែរ ដែលឃើញ ក្រុមតាលីបង់ បិទសិទ្ធិមនុស្សស្រី និងប្រព្រឹត្តអំពើហិង្សាទៅលើ​អ្នកប្រឆាំង។

ទាក់ទង​នឹង​សមាសភាព​រដ្ឋាភិបាល​តាលីបង់ថ្មី អ៊ីរ៉ង់ ដែលធ្លាប់​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់អំណាច​តាលីបង់​នៅអាហ្វហ្កានីស្ថាន ពីដំបូងទី បាន​សំដែង​ជំហររារែក​របស់ខ្លួនមកវិញ។ នៅថ្ងៃ​ចន្ទ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់បាន​និយាយ​ថា រដ្ឋាភិបាល​ដែល​ក្រុមតាលីបង់​បាន​ប្រកាស​កាលពីសប្តាហ៍មុន មិន​តំណាង​ឲ្យ​អាហ្វហ្កានីស្ថាន​នោះទេ។ រដ្ឋាភិបាល តាលីបង់​មាន​សុទ្ធតែ មនុស្សប្រុស ដែល​ភាគច្រើន​មកពី​ក្រុមជនជាតិ Pashtuns និង​ដឹកនាំ​ដោយ​សមាជិក​ជាន់ខ្ពស់​របស់​ចលនា​អ៊ីស្លាម​តាលីបង់។ ដូច្នេះ គេ​នៅចាំមើល បន្តថា តើ​តាលីបង់ នឹង​ប្រកាន់ជំហរ​បែបណា ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ​ចង់បាន​របស់សហគមន៍អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI