អាហ្វហ្កានីស្ថាន

តាលីបង់ថ្លែងអំណរគុណ​សហគមន៍អន្តរជាតិ​ដែលផ្តល់ជំនួយ​សម្រាប់អាហ្វហ្កានីស្ថាន

មេដឹកនាំ​រដ្ឋាភិបាល​តាលីបង់​ទទួលជួប​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ លោក Martin Griffiths ដើម្បីពិភាក្សា​ពី​បញ្ហា​ផ្តល់ជំនួយ​មនុស្សធម៌ នៅទីក្រុង​កាប៊ុល ថ្ងៃទី ៥ កញ្ញា ២០២១
មេដឹកនាំ​រដ្ឋាភិបាល​តាលីបង់​ទទួលជួប​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ លោក Martin Griffiths ដើម្បីពិភាក្សា​ពី​បញ្ហា​ផ្តល់ជំនួយ​មនុស្សធម៌ នៅទីក្រុង​កាប៊ុល ថ្ងៃទី ៥ កញ្ញា ២០២១ via REUTERS - SOCIAL MEDIA

រដ្ឋាភិបាល​តាលីបង់​បាន​ចេញមុខ ថ្លែងអំណរគុណ​សហគមន៍​អន្តរជាតិ​ដែល​សន្យា​ផ្តល់​ប្រាក់ជំនួយ​រាប់លាន​ដុល្លារ សម្រាប់​ជួយ​អាហ្វហ្កានីស្ថាន។ នៅក្នុងសន្និសីទ​សម្រាប់​អាហ្វហ្កានីស្ថាន កាលពីថ្ងៃ​ចន្ទ ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​បាន​សន្យា​ជំនួយ ក្នុង​ទឹកប្រាក់​សរុប ១,២ពាន់លាន​ដុល្លារ សម្រាប់​អាហ្វហ្កានីស្ថាន។ នៅថ្ងៃ​អង្គារ រដ្ឋមន្រ្តីការបរទេស​របស់​រដ្ឋាភិបាល​តាលីបង់​បាន​អំពាវនាវ​ឲ្យ​អាមេរិក​មានចិត្តទូលាយបន្តិច បន្ទាប់ពី អាមេរិក​បាន​ប្រកាស​ផ្តល់ប្រាក់ ៦៤លាន​ដុល្លារ ដល់​កញ្ចប់ជំនួយមនុស្សធម៌​បន្ទាន់ របស់​អង្គការ​សហប្រជាជាតិ សម្រាប់ អាហ្វហ្កានីស្ថាន។

ផ្សាយពាណិជ្ជកម្ម

“បើសិនយើង​ចង់​ជំរុញ​ឲ្យមានការគោរព​សិទ្ធិមនុស្ស សម្រាប់​ប្រជាជន​អាហ្វហ្កានីស្ថាន មធ្យោបាយ​ដ៏ល្អបំផុត គឺផ្តល់ជំនួយ​មនុស្សធម៌ ចរចាជាមួយ​ពួកតាលីបង់ និង​ប្រើ​ជំនួយមនុស្សធម៌​ដើម្បី ជំរុញ​ឲ្យមាន​ការគោរពសិទ្ធិមនុស្ស។” នេះជា​ប្រសាសន៍​របស់​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ចន្ទ ដែល​រៀបចំ ដាច់ដោយឡែក ពីកិច្ចប្រជុំ​ស្វែងរកប្រាក់ជំនួយ​សម្រាប់​អាហ្វហ្កានីស្ថាន។

នៅក្រោយ​សន្និសីទ​សម្រាប់​អាហ្វហ្កានីស្ថាន បិទបញ្ចប់ កាលពីថ្ងៃ​ចន្ទ អង្គការសហប្រជាជាតិ​បាន​ប្រកាស​ថា ប្រទេស​ម្ចាស់ជំនួយ​បាន​សន្យា​ផ្តល់​ប្រាក់ ១,២ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ អាហ្វហ្កានីស្ថាន។ ប៉ុន្តែ អង្គការ​សហប្រជាជាតិ នៅមិនទាន់ដឹងថា តើ​នឹងមាន​ប្រទេស​ណាខ្លះ ដែល​នឹង​ផ្តល់​ថវិកា សម្រាប់ ជំនួយមនុស្សធម៌​បន្ទាន់ ប្រមាណ ៦០៦​លាន​ដុល្លារ ដែល​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ ចង់​បានបន្ទាន់ សម្រាប់ជួយអាហ្វហ្កានីស្ថាន ក្នុង រយៈពេល ៤ខែ ទៅមុខនេះទេ។

មកដល់​ថ្ងៃនេះ មាន​បារាំង​ដែលបាន​សន្យា​ផ្តល់ថវិកា ១០០​លាន​អឺរ៉ូ ចំណែក​អាមេរិក​បាន​សន្យា​ផ្តល់ ៦៤លានដុល្លារ សម្រាប់កញ្ចប់​ជំនួយមនុស្សធម៌​បន្ទាន់​របស់​អង្គការ​សហប្រជាជាតិ។

ឆ្លើយតប​ទៅនឹង​កញ្ចប់​ប្រាក់ជំនួយនេះ រដ្ឋមន្រ្តីការបរទេស របស់​រដ្ឋាភិបាល​តាលីបង់ លោក    Amir Khan Muttaqi បានចេញមុខ​ថ្លែងអំណរគុណ​ពិភពលោក។ លោក​បាន​សន្យា​ប្រើប្រាក់ជំនួយ ឲ្យ​បាន​ត្រឹមត្រូវបំផុត និង​ប្រើវា​ដើម្បីកាត់បន្ថយ​ភាពក្រីក្រ​នៅអាហ្វហ្កានីស្ថាន។

នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ​អង្គារ ប្រមុខការបរទេស តាលីបង់ បាន​ស្នើសុំ​ឲ្យ​វ៉ាស៊ីនតោន មានចិត្តទូលាយ ជាងនេះ ជាមួយ​រដ្ឋាភិបាល​តាលីបង់ ដែល​បើតាមលោក គឺ​បានអនុញ្ញាត​ឲ្យ​អាមេរិក អាច​ដកទ័ពចេញទាំងស្រុង និង​បានជម្លៀសមនុស្ស​ជាង ១សែននាក់ កាលពីថ្ងៃ ទី ៣១​សីហា​កន្លងទៅ។ តាម​សំដី​របស់​មន្រ្តីតាលីបង់ “អាមេរិក​ជាប្រទេស​ដ៏ធំមួយ។ អាមេរិក​ត្រូវតែ​មាន​ចិត្តទូលាយ ខ្លាំងជាងនេះ”។

សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជំនួយ​មនុស្សធម៌ តែមួយមុខ​គឺ​មិនគ្រប់គ្រាន់ ដើម្បីជួយ​ប្រជាជន​អាហ្វហ្កានីស្ថាន​នោះទេ។ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ចង់​តឿន​រំលឹក​ជាមុន ប្រទេស​ដែលមាន​បំណង​ចង់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី ដាក់សម្ពាធ​ឲ្យ​រដ្ឋាភិបាល​តាលីបង់គោរព​សិទ្ធិមនុស្ស។ សម្រាប់លោក ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹងធ្វើឲ្យ​សេដ្ឋកិច្ចអាហ្វហ្កានីស្ថាន​ដួលរលំទាំងស្រុង។ សព្វថ្ងៃនេះ​មាន​ប្រជាជន​អាហ្វហ្កានីស្ថាន ៧២%​រស់នៅ​ក្រោមខ្សែបន្ទាត់ភាពក្រីក្រ។ បើសិនគ្មាន​ជំនួយគាំទ្រ​ពីបរទេស​សោះ ប្រជាជន​អាហ្វហ្កានីស្ថាន​សឹង​ទាំងអស់ ប្រមាណ​៩៧%​នឹង​ធ្លាក់ខ្លួន​រស់នៅ​ក្រោមខ្សែបន្ទាត់ភាពក្រីក្រ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI