សិង្ហបុរី-ចិន

ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេស​ចិន ដើម្បី​រុញច្រាន​ឥទ្ធិពល​របស់អាមេរិក នៅអាស៊ាន

រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​សិង្ហបុរី លី ស៊ានឡុង នៅថ្ងៃអង្គារ​ទី ១៤ កញ្ញា ២០២១
រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​សិង្ហបុរី លី ស៊ានឡុង នៅថ្ងៃអង្គារ​ទី ១៤ កញ្ញា ២០២១ REUTERS - MINISTRY OF COMMUNICATIONS

បន្ទាប់ពីកម្ពុជា រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី​បានធ្វើ​ទស្សនកិច្ច នៅប្រទេស​សិង្ហបុរី ដោយ​បាន​ជួបពិភាក្សា​ជាមួយ នាយករដ្ឋមន្រ្តី​សិង្ហបុរី លោក លី ស៊ានឡុង នៅថ្ងៃ​អង្គារនេះ។ ទស្សនកិច្ច​របស់ប្រមុខការបរទេស​ចិន នៅ​បណ្តាប្រទេស​សមាជិកអាស៊ាន ដូចជា​វៀតណាម កម្ពុជា និង​នៅសិង្ហបុរី ត្រូវ​បាន​គេមើលឃើញថា ជា​យុទ្ធសាស្រ្ត​រុញច្រាន​ឥទ្ធិពល​របស់​អាមេរិក​របស់​លោកប្រធានាធិបតី​ចូ បៃដិន ដែល​បាន​ត្រលប់​មក​ផ្តោត​ចាប់អារម្មណ៍ តំបន់​អាស៊ីអាគ្នេយ៍។

ផ្សាយពាណិជ្ជកម្ម

សិង្ហបុរី​ជា​ប្រទេស​អាស៊ាន​ចុងក្រោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​៤ ថ្ងៃ​របស់​ប្រមុខការបរទេស​ចិន លោក វ៉ាងយី មុន​នឹង​លោក​ធ្វើដំណើរបន្ត ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង។

 

នៅក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​ចិន នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តី​សិង្ហបុរី លោក​លី ស៊ានឡុង បាន​សរសេរ​នៅក្នុង​ទំព័រ ហ្វេសប៊ុក​របស់​លោក​ថា សិង្ហបុរី​ស្វាគម​ចិន ដែលនៅបន្ត​វិភាគទាន​នៅក្នុង​ពិភពលោក។ សិង្ហបុរី នឹង​បន្ត​ធ្វើការ​ជាមួយ​ចិន​ដើម្បី បាន​ពិភពលោក​មួយ​ដែលមាន​សុខដុមរមនា និង​សន្តិភាព។

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​សិង្ហបុរីវិញ បាន​លើកឡើងថា លោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង និង​លោករដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បាន​បញ្ជាក់​ពីទំនាក់ទំនង ដ៏ល្អ​រវាង​ប្រទេស​ទាំងពីរ និង​ចំនុច​វិជ្ជមាន នៅក្នុងសហប្រតិបត្តិការ​ររបស់ចិន និងសិង្ហបុរី នៅក្នុង​កាលៈទេសៈ​កូវីដ។ នៅក្នុងជំនួប​កាលពីថ្ងៃ​ចន្ទ រដ្ឋមន្រ្តីការបរទេស​ចិន និង​សិង្ហបុរី បាន​ពិភាក្សា​ពីវិធីសាស្រ្ត​ដើម្បី ពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ដែលនៅក្នុង​នោះ​មានផងដែរ សហប្រតិបត្តិការ​របស់​ចិន នៅក្នុង​គម្រោងការ​របស់​រដ្ឋាភិបាល​សិង្ហបុរី។ ភាគីទាំងពីរ បាន​សន្យាដែរថា នឹង​ស្វែងរក​សហប្រតិបត្តិការរវាងគ្នា ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល។

នៅមុន​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​ចិន ទៅទៀត ក្រសួងការបរទេស​ចិន​បាន​អះអាងថា ប្រទេស​ដែល​លោក​វ៉ាង យី ទៅ​ធ្វើទស្សនកិច្ច សុទ្ធសឹង​ជា​ប្រទេស​ជិតខាង​ដ៏ជិតស្និទ្ធ និងជាដៃគូ​សំខាន់​របស់​ចិន។

ទស្សនកិច្ច​របស់​ប្រមុខការបរទេស​ចិន ធ្វើឡើង នៅក្រោយ ទស្សនកិច្ច​របស់​មន្រ្តីជាន់ខ្ពស់ របស់​រដ្ឋបាល​លោក​ចូ​បៃដិន នៅតំបន់​អាស៊ាន។ កាលពី​ប៉ុន្មាន​សប្តាហ៍មុន អនុប្រធានាធិបតី​អាមេរិក លោកស្រី ខាម៉ាឡា ហារីស បាន​ធ្វើ​ទស្សនកិច្ច ទៅកាន់​ប្រទេស​វៀតណាម និងសិង្ហបុរី ជាទី​ដែលលោកស្រី​បាន​រិះគន់​ខ្លាំងៗ សកម្មភាព​បៀតបៀន​របស់​ចិន នៅក្នុង​តំបន់​អាស៊ី។

ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក និង​រដ្ឋមន្រ្តីការពារ​ជាតិ ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន ជាផ្នែក​មួយ​នៃ​ការប្រឹងប្រែង​របស់​រដ្ឋបាល​អាមេរិក ដើម្បី​ត្រលប់​ទៅ ពង្រឹង​ចំណងមិត្តភាព​ជាមួយ ប្រទេស​នៅអាស៊ី ដែលធ្លាប់​ត្រូវ​ប្រធានាធិបតី​មុន គឺ លោក​ដូណាល់ ត្រាំ ខ្ជីខ្ជា​មិនឲ្យតម្លៃ។ កាសែត​ក្នុង​ស្រុក ចិន ធ្លាប់​បាន​បរិយាយ​រិះគន់​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក ថា ជាយុទ្ធសាស្រ្ត ប៉ុនប៉ង​ដើម្បី​ចាប់ភ្ជល់ ប្រទេស​ដទៃ ឲ្យ​ឈ្លោះ​ជាមួយ ចិន។ សម្រាប់អ្នកជំនាញ ជាមួយ​ទស្សនកិច្ច​របស់លោក​វ៉ាង យី លើកនេះ មេដឹកនាំ​ចិន​ចង់​បញ្ជាក់ថា ចិន​នៅតែ​ដើរតួសំខាន់ នៅក្នុង​បណ្តាប្រទេស​សមាជិក​អាស៊ាន។

សមាជិក​អាស៊ាន ភាគច្រើន​ធ្វើ​នយោបាយបត់បែន ទៅតាម​កាលៈទេសៈ ដោយ​មិន​ប្រកាន់​បក្សពួកនោះទេ។ ជាក់ស្តែង សិង្ហបុរី ដែលមាន​មូលដ្ឋានទ័ព​របស់អាមេរិក ក្នុង​ទឹកដី​របស់ខ្លួន មានទំនាក់ទំនងរឹងមាំ ខាងផ្នែក សន្តិសុខជាមួយអាមេរិក ប៉ុន្តែ សិង្ហបុរី ក៏មានទំនាក់ទំនង​សេដ្ឋកិច្ច​សំខាន់ណាស់ដែរ​ជាមួយ​ចិន។ សិង្ហបុរី​ធ្លាប់​បាន​បញ្ជាក់ហើយថា ប្រទេសទាំងឡាយ មិនគួរត្រូវ ជ្រើសរើស យក រវាង​ចិន និង​អាមេរិកនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI