អាហ្វហ្កានីស្ថាន-តាលីបង់

មេដឹកនាំ​កំពូល​ចលនា​តាលីបង់ លេច​មុខ​ជាផ្លូវការជាលើក​ទីមួយ

មេដឹកនាំកំពូល​ចលនា​តាលីបង់ Haibatullah Akhundzada លេច​មុខ​ជា​សាធារណៈ នៅអាហ្វហ្កានីស្ថាន ថ្ងៃទី ៣១​តុលា ២០២១
មេដឹកនាំកំពូល​ចលនា​តាលីបង់ Haibatullah Akhundzada លេច​មុខ​ជា​សាធារណៈ នៅអាហ្វហ្កានីស្ថាន ថ្ងៃទី ៣១​តុលា ២០២១ STR Afghan Taliban/AFP/File

អ្នក​ខ្លះ​ថា​ស្លាប់ អ្នក​ខ្លះ​ថា​កំពុងសំងំ​លាក់​ខ្លួន​នៅ​ប្រទេ​សប៉ាគីស្ថាន ឬ​កំពុង​សំងំ​រស់​ដោយ​ខុស​ច្បាប់​នៅ ក្នុង​ខេត្ត​កង់ដាហា ភាគ​ខាង​ត្បូង​ប្រទេសអាហ្វហ្កានីស្ថាន ... ​មាន​ឈ្មោះ​ជា​មេ​ដឹកនាំ​​ចលនា​តាលីបង់​តាំង​ពី​​ឆ្នាំ​២០១៦មកមែន តែ​គេ​ពុំ​ដែល​បាន​ឃើញ​មុខ​ពិត​ប្រាកដទេ។ ទើប​តែ​នៅ​ថ្ងៃ​អាទិត្យ​ទី ៣១​តុលា ២០២១​នេះ មេដឹកនាំ​កំពូល ចលនា​តាលីបង់ ហៃបាទូឡា អាហ៊ុងហ្សាដា Hibatullah Akhundzada  បាន​លេច​មុខ​ជា​សាធារណៈ​និង​ជា​ផ្លូវការ ជា​លើក​ទី​មួយ។ នេះ​បើ​តាម​ការ​ប្រកាស​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​តាលីបង់។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​កំពូល​តាលីបង់ បាន​បង្ហាញ​ខ្លួន​​នៅ​ចំពោះមុខ​​ហ្វូង​មហាជន​ក្នុង​ពិធី​បុណ្យ​សាសនា​មួយ និង​បាន​ថ្លែង​ទៅកាន់​នាយ​ទាហាន​រយៈ​ពេល​១០នាទី។ បើ​តាម​ប្រភព​ក្នុង​ស្រុក​ អាហ៊ុងហ្សាដា បាន​ធ្វើ​ដំណើរ​មក​ដល់​សាលា​សាសនា​នៅ​ក្រុង​កង់ដាហារ ដោយមាន​ក្បួន​ការពារ​​យ៉ាង​ហ្មត់ចត់​និង​មិន​អនុញ្ញាត​ឱ្យ​ថត​រូប​ទេ។

នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​ ដែល​រដ្ឋាភិបាល​តាលីបង់​បាន​ផ្សព្វផ្សាយ​ជា​ភស្តុតាង​ អាហ៊ុងហ្សាដា បាន​សូត្រ​ធម៌​ឧទ្ទិស​ដល់​ទាហាន​តាលីបង់​ដែល​បាត់បង់​ជីវិត និង​អបអរ​ជោគជ័យ​របស់​អ្នក​ទទួល​ខុសត្រូវ​អ៊ីស្លាម​ដែល​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេស​អាហ្វហ្កានីស្ថាន តាំង​ពីពាក់កណ្តាល​ខែ​​សីហា​២០២១​មក។ “សូម​ព្រះ​ថែរក្សា​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន​ដែល​បាន​ប្រយុទ្ធ​ឈ្នះ​អ្នក​គ្មាន​ភក្តីភាព និង​អ្នក​គាបសង្កត់​អាហ្វហ្កានីស្ថាន​អស់​២០ឆ្នាំ”។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​មេ​ដឹកនាំ​កំពូល​​តាលីបង់។

នេះ​ជាលើក​ទី​មួយ គិត​ចាប់​តាំង​ពី​បានទទួល​តំណែង​ជា​ប្រមុខ​ដឹកនាំ​តាលីបង់ នៅ​ឆ្នាំ ២០១៦​មក ដែល​អាហ្វហ្កានីស្ថាន​បាន​ឮនិង​បាន​ឃើញ​លោក អាហ៊ុង​ហ្សាដា។ ពីមុន​មក គេ​បាន​ត្រឹម​ឮ​សំឡេង​សារ នា​ឱកាស​បុណ្យ​សាសនា​​ប្រចាំ​ឆ្នាំមួយ​ឆ្នាំ​ម្តង​ប៉ុណ្ណោះ។ មេដឹកនាំចលនា​តាលីបង់​រូប​នេះ​លាក់​មុខ​និង​អត្តសញ្ញាណ​ខ្លាំង​ណាស់។ មុន​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន គ្មាន​នរណា​ដឹង​មេដឹកនាំតាលីបង់​លាក់​ខ្លួននៅ​ទីណា ឬ​មាន​ជីវិត​ឬអត់​ផង។ គេ​បា​នស្គាល់​មុខ​ អាហ៊ុងហ្សាដា តាម​រយៈ​រូប​ថត​តែមួយគត់ ដែល​តាលីបង់​បាន​ចែក​ចាយ​។ មុន​ឡើង​កាន់​តំណែង​បន្ត​ពី​ម៉ាន់សួរ អាហ៊ុងហ្សាដា មាន​នាទី​ត្រឹម​ជា​គ្រប់គ្រង​បញ្ហា​តុលាការ​ និង​សាសនា​ មិន​ពាក់​ព័ន្ធ​នឹង​កិច្ចការ​យោធា​ ហើយគ្មាន​នរណា​សូវ​ស្គាល់​ទេ។ តែ​នៅ​ពេល​បាន​កាន់​អំណាច​ភ្លាម ប្រមុខ​អាល់កៃដា បាន​ទទួល​ស្គាល់​អាហ៊ុងហ្សាដា​ជា​ អ្នក​ទទួល​ខុស​ត្រូវ​សាសនា​ជាន់​ខ្ពស់​ក្នុង​រង្វង់​ក្រុម​ជីហាត​ស៊ុននីត។ កាលពី​ថ្ងៃទី ៧​កញ្ញា នៅ​ពេល​តាលីបង់​ប្រកាស​តែង​តាំង​​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ថ្មី អាហ៊ុងហ្សាដា បាន​ផ្ញើ​សារ​ទាមទារ​ឱ្យ​បញ្ចូល​ច្បាប់សាសនា​​អ៊ីស្លាមCharia ក្នុង​​រដ្ឋធម្មនុញ្ញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI