ឥណ្ឌា-ថាមពលព្រះអាទិត្យ

ឥណ្ឌាប្រកាស​បើក​បណ្តាញសកល​ចែកចាយថាមពលព្រះអាទិត្យ

ក្នុង​ខណៈ​ដែល​ពិភពលោក​កំពុង​ជួប​ប្រជុំ​គ្នា​ដើម្បី​អាកាសធាតុ លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​នៅ​ថ្ងៃទី ២ វិច្ឆិកា ២០២១​នេះ ការ​បើក​​បណ្តាញ​ពិភពលោក​ចែក​ចាយ​ថាមពលព្រះ​អាទិត្យ។ ជា​គម្រោង​ដែល​នាំ​ថាមពល​ព្រះអាទិត្យពី​ប្រទេស​​ក្តៅមាន​ពន្លឺ​ថ្ងៃ​ច្រើន​ ទៅ​ឱ្យ​ប្រទេស​មួយ​ផ្សេង​ទៀតដែល​ពុំ​សូវ​មាន​ថ្ងៃ។ ជា​ប្រទេស​បញ្ចេញ​ផ្សែង​ពុល​កាបោន​ លំដាប់​ទីបី​ពិភពលោក ឥណ្ឌាមាន​ផែនការ​ចង់​ក្លាយ​ជា​ជើង​ឯក​ផ្នែក​ថាមពល​ស្អាត។

ឥណ្ឌាប្រកាស​បើក​បណ្តាញសកល​ចែកចាយថាមពលព្រះអាទិត្យ
ឥណ្ឌាប្រកាស​បើក​បណ្តាញសកល​ចែកចាយថាមពលព្រះអាទិត្យ AFP - SAM PANTHAKY
ផ្សាយពាណិជ្ជកម្ម

“ស្រូប​ទាញ​យក​ថាមពលពី​ព្រះអាទិត្យ នៅក្នុង​ប្រទេស​ដែល​នៅ​​ថ្ងៃ រួចបញ្ជូន​ទៅ​ឱ្យប្រទេស​មួយ​ផ្សេង​ទៀតដែល​ចាប់​ងងឹត​យប់”។ នេះហើយ​ជា​គោល​គំនិត​នៃ​បណ្តាញ​ចែកចាយ​ថាមពល​ព្រះអាទិត្យ​ពិភពលោក​ របស់​ឥណ្ឌា។ គុណសម្បត្តិ​ទី​មួយ​នៃ​បណ្តាញនេះ គឺ​ មាន​ប្រទេស​ច្រើន​ផ្សេង​ទៀត អាច​ទាញ​យកប្រយោជន៍​ពី​ថាមពល​ស្អាតស្អំ​​ហើយ​ថោក និង​ដោយ​មិន​បាច់​គិត​គូរ​រក​កន្លែងឬ​វិធី​​ស្តុក​ទុកទេ។

​គ្រប់គ្រង​​ដោយ​សម្ព័ន្ធ​ថាមពល​ព្រះ​អាទិត្យ​អន្តរជាតិ​ ដែល​ជា​អង្គការ​មាន​ទីស្នាក់ការ​នៅ​ឥណ្ឌា​ស្រាប់ និង​ដោយ​មាន​ជំនួយ​សហការ​ជាមួយ​ក្រុមហ៊ុន​អគ្គីសនី​បារាំង ខាង​ផ្នែក​បច្ចេកទេស គម្រោង​នេះ​ចង់​ត​​ភ្ជាប់​បណ្តាញ​ចំនួន​បួន​ទិស ៖ អាហ្វ្រិកខាង​ជើង​និង​អឺរ៉ុប សិង្ហបុរីនិង​អូស្ត្រាលី អាស៊ីខាងកើតនិង​ឥណ្ឌា និង​ឥណ្ឌាជាមួយ​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស។

ប៉ុន្តែ​គម្រោង​នេះ នៅ​ជា​បញ្ហា​រសើប​ខ្លាំង ព្រោះ​ការ​បញ្ជូន​អគ្គីសនី​រាប់​រាយ​គីឡូម៉ែត្រ​អាច​ត្រូវ​ចំណាយ​ធំ និង​ធ្វើ​ឱ្យ​ថាមពល​ព្រះអាទិត្យឡើង​ថ្លៃ ជាពិសេស​បើ​បណ្តាញ​ខ្សែ​កាប ត្រូវ​ឆ្លង​កាត់​ក្រោម​សមុទ្ទ។ ម្យ៉ាងទៀត ការប្រកួត​ប្រជែង​នយោបាយ​ក្នុង​តំបន់ អាច​នឹងជា​​ឧបសគ្គ​ដែល​មិន​អាច​ឆ្លងកាត់​បាន​។ ឧទាហរណ៍​ការ​ភ្ជាប់​បណ្តាញ​ ឥណ្ឌា-ឈូងសមុទ្ទ​ពែក្ស ខ្សែកាប​អគ្គីសនី​ត្រូវ​កាត់​តាម​ប្រទេស​ប៉ាគីស្ថាន ជា​សត្រូវ​របស់​ឥណ្ឌា​ ជា​ដាច់​ខាត បើ​​គេ​ចង់​ចៀស​ការ​តខ្សែ​ក្រោម​សមុទ្ទ។

សូម​បញ្ជាក់​ថា​ ក្នុង​នាម​ជា​ប្រទេស​បញ្ចេញ​ផ្សែង​ពុល​កាបោន​លំដាប់​ទី​បី​ពិភពលោក ឥណ្ឌា​បាន​ប្រកាស​បេ្តជ្ញា​ នៅ​ថ្ងៃ​ចន្ទ​ទី ១​វិច្ឆិកា ២០២១ ថា​ នឹង​បង្កើនមួយជា​ពីរ បរិមាណ​​ផលិត​ថាមពលស្អាត (១០០០ជីហ្កាវ៉ាត់) នៅ​ឆ្នាំ​២០៣០​ ពោល​គឺ​ស្មើ​នឹង​៥០%​នៃ​ថាមពល​ប្រើ​ក្នុង​ប្រទេស។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ​មូឌី បានថែម​ទាំង​​សន្យា​ធ្វើអព្យាក្រិត​កាបោន​នៅ​ឆ្នាំ​២០៧០ផង។

ដើម្បី​ជា​កិច្ច​ចាប់ផ្តើម​ធ្វើ​បដិវត្ត​ថាមពលកើតឡើងវិញ ឥណ្ឌា​រំពឹង​ខ្លាំង​លើ​គម្រោង​ថាមពល​ព្រះអាទិត្យ នៅ​តំបន់​វាលខ្សាច់ ក្នុង​រដ្ឋ​​ RAJATHAN ដែល​មាន​កម្តៅ​ថ្ងៃ​ព្រះអាទិត្យ ដល់​ទៅ ៣២៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។ ឥណ្ឌា​ជា​ប្រទេស​ផលិត​ថាមពល​ព្រះ​អាទិត្យ​លំដាប់​ទី​៥​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI