ខ្យល់ពុល

ផ្សែងពុលក្រាស់ឃ្មឹក រុំ​រឹត​ប៉េកាំង​និង​ញូដេលី ចំពេល​កំពុង​មានសន្និសីទ​អាកាសធាតុ​COP២៦

ផ្សែងពុលរុំ​រឹត​ប៉េកាំង​ ថ្ងៃសុក្រទី ៥វិច្ឆិកា ២០២១
ផ្សែងពុលរុំ​រឹត​ប៉េកាំង​ ថ្ងៃសុក្រទី ៥វិច្ឆិកា ២០២១ JADE GAO AFP

ក្នុង​ខណៈ​ដែលពិភពលោក​កំពុង​ជួប​ជុំ​គ្នា​នៅ​Glasgow ដើម្បី​រកវិធី​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ចិនដែល​ជា​ប្រទេស​បញ្ចេញ​ផ្សែង​ពុល​លំដាប់​ទីមួយ​ពិភពលោក កំពុង​​​រង​ផលវិបាកយ៉ាង​ទាន់​ហន់។ ​នៅ​ថ្ងៃ​នេះ កំរិត​ផ្សែងពុល​ក្នុង​បរិយាកាស​នៅ​ទី​ក្រុង​ប៉េកាំង​​បាន​ឡើងក្រាស់​ឃ្មឹក ហួស​កំរិត​បទដ្ឋានសុវត្ថិភាព​។ ចំណែកនៅក្រុងញូវដេលី​ប្រទេស​​ឥណ្ឌា​ ផ្សែងពុល​ក៏​បាន​ឡើង​ហួស​កំរិត​សុវត្ថិភាព​ដល់​ទៅ​​១៥​ដងដែរ។

ផ្សាយពាណិជ្ជកម្ម

​ដោយ​មានបរិយាកាស​អួរអាប់​មើលគ្នា​ស្ទើរ​លែង​ឃើញ​ និង​ផ្សែងពុលក្រាស់ឃ្មឹក អាជ្ញាធរ​ចិន​បាន​សម្រេច​ហាមឃាត់​មិន​ឱ្យ​សិស្សានុសិស្ស ​ចេញ​លេង​នៅ​ទីធ្លា ឬ​ហាត់​ប្រាណ​ធ្វើ​កីឡា​នៅទីវាល​ទេ នៅ​ថ្ងៃសុក្រទី ៥​វិច្ឆិកា២០២១នេះ។ ចរាចរណ៍​​លើ​ផ្លូវថ្នល់​ហាយវេ​​ភ្ជាប់ពីរ​ដ្ឋធានី​​ទៅ​កាន់​ទីក្រុងធំផ្សេងៗ ត្រូវបិទ ព្រោះ​តែមាន​ផ្សែងអ័ព្ទ​ក្រាសពេក។ កំរិតផ្សែងពុល​ក្នុង​បរិយាកាស​បានគ្របដណ្តប់​ក្រុង​ប៉េកាំង និង​កំពុង​រាលដាល​ឆ្លង​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត ជាមួយ​នឹង​បរិមាណ​​ធាតុល្អិត​ឆ្មារៗ​​ឡើង​ខ្ពស់​រហូតដល់​ទៅ​២២០ ដែល​ជា​កំរិតគ្រោះ​ថ្នាក់​សម្រាប់​សុខភាព។ បើតាម​បទ​ដ្ឋាន​សុវត្ថិភាព​​របស់​អង្គការ​សុខភាព​ពិភពលោក ធាតុល្អិត​ឆ្មារៗ​នេះ​មិន​ត្រូវ​លើស​ពី​១៥​ទេ។

ខ្យល់​បរិយាកាស​ក្រុង​ប៉េកាំង​ឡើង​ពុល​ខ្លាំង​ជាថ្មី ក្នុង​ខណៈ​ដែល​ចិន​ទើប​បាន​ប្រកាសដំឡើង​ផលិតកម្មធ្យូងថ្ម​។ ជា​ប្រទេស​បញ្ចេញ​ផ្សែងពុលលេខមួយ​នៅលើ​ពិភពលោក​ រងការ​រិះគន់​ខ្លាំង​ចំពោះ​ការ​ដែលលោកស៊ីជីនពីង​មិន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​COP២៦ ដែល​កំពុង​ពិភាក្សា​រក​វិធី​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ចិនបែរ​ជា​ប្រកាស​បង្កើន​ផលិតកម្មធ្យូងថ្ម ចំនួន ១លាន​តោនក្នុង​មួយ​ថ្ងៃ។ ​ថាមពល​អគ្គីសនី​ដែលចិន​ត្រូវ​ការ​កាន់​ខ្លាំងឡើងៗ ៦០%​បាន​មក​ពីធ្យូងថ្ម។

ចំណែក​នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​បញ្ចេញ​ផ្សែងពុល​លេខ​បួន​ពិភពលោក​វិញ ​ក្រោយ​ពិធី​បុណ្យ​សាសនា ដែល​មានអុជ​ទៀន អុជ​ចង្កៀងប្រេងកាត និង​ការ​ដុតផាវ ផ្សែងពុល​ក្នុង​បរិយាកាសបាន​ឡើង​ហួស​កំរិត​បទដ្ឋាន​​សុវត្ថិភាព​ដល់​ទៅ​ជាង​១៥ដង។ ខ្យល់​បរិយាកាស​នៅ​កន្លែង​ខ្លះមាន​កំហាប់​ធាតុ​ល្អិតឆ្មារៗ​PM២,៥ដល់​ទៅ​ជាង៤០០ នៅ​ថ្ងៃ​សុក្រទី ៥​វិច្ឆិកា​នេះ។

បើ​តាមរបាយការណ៍​របស់​អង្គកា​ស្វ៊ីស IQAIR នៅឆ្នាំ ២០២០ នៅក្នុង​ចំណោម​ក្រុង​ដែល​ពុលខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក ទាំង​៣០ក្រុង ២២​ជា​ក្រុង​របស់​ឥណ្ឌា ហើយ​ញូវដេលី​ជា​រដ្ឋធានី​ជើងឯក​ខាង​មានខ្យល់​បរិយាកាស​ពុល។ នៅឆ្នាំ​២០១៩ មានពលរដ្ឋឥណ្ឌា​ ១,៦៧​លាននាក់​ស្លាប់​ដោយ​ខ្យល់ពុល។ នេះ​បើតាម​ទស្សនាវដ្តី​វិទ្យាសាស្ត្រThe Lancet៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI