កំហឹងបានកើនឡើងក្រោយភេរវកម្មនៅកាប៊ូលកាលពីថ្ងៃសៅរ៍
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កំហឹងបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីព្រឹត្តិការណ៍បំផ្ទុះរថយន្តសង្រ្គោះបន្ទាន់កាលពីថ្ងៃសៅរ៍ម្សិលមិញដែលបានសម្លាប់មនុស្ស ចំនួន ១០៣នាក់ នៅក្រុងកាប៊ូល អាហ្វហ្កានីស្ថាន។ ចំពោះករណីនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ក៏បានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ហើយថែមទាំងបានទាមទារអោយមានការធ្វើសកម្មភាពដោយមិនរួញរាដើម្បីប្រឆាំងទៅនឹងក្រុមតាលីបង់។
កំហឹងសាធារណៈជនបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានការបំផ្ទុះរថយន្តសង្រ្គោះបន្ទាន់កាលពីថ្ងៃសៅរ៍ម្សិលមិញដែលជាភេរវកម្មទី៣ក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងសប្តាហ៍នេះ។ យោងតាមទិន្នន័យដែលទទួលបានចុងក្រោយបំផុត ភេរវកម្មថ្ងៃសៅរិ៍នេះ បានសំលាប់មនុស្សយ៉ាងតិច១០៣នាក់ និងបង្កអោយមានរបួស២៣៥នាក់ផងដែរ។
ក្រោយភេរវកម្មនៅកាប៊ូលនេះកើតឡើង ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ក៏បានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយលោកបានសម្ដែងនូវការថ្កោលទោសទៅលើក្រុមតាលីបង់ ដែលត្រូវបានគេស្គាល់ថាជាក្រុមភេរវជននៅពីក្រោយរឿងបំផ្ទុះគ្រាប់បែកកន្លងមក។
លោកដូណាល់ត្រាំបានលើកឡើងថា សហរដ្ឋអាមេរិកនៅតែផ្ដូរផ្ដាច់ក្នុងការគាំទ្រអោយអាហ្វហ្កានីស្ថានមានសុវត្ថិភាព និងមិនមានភេរវកម្មដែលសំដៅគោលដៅទៅលើអាមេរិក សម្ព័ន្ធមិត្តរបស់អាមេរិក រួមទាំងប្រទេសដទៃទៀតដែលពុំគាំទ្រនូវមនោគមវិជ្ជាអាក្រក់របស់ពួកគេ។
លោកបានបន្ថែមទៀតថា ឥលូវនេះ ប្រទេសទាំងអស់គួរធ្វើសកម្មភាពដោយមិនរួញរាក្នុងការប្រឆាំងទៅនឹងក្រុមតាលីបង់ និងបក្សពួកដទៃទៀតដែលជួយគាំទ្រពួកគេ។
ចំពោះរឿងនេះដែរ រដ្ឋាភិបាលរបស់អាហ្វហ្កានីស្ថានផ្ទាល់ ក៏បានថ្កោលទោសទៅលើក្រុមតាលីបង់ផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃប្រទេសនេះ លោក Rahimi បានដោយដឹងក្នុងសន្និសិទ្ធកាសែតមួយថា ជនរងគ្រោះភាគច្រើនគឺជាប្រជាជននៅក្នុងតំបន់ ហើយបន្ទាប់ពីមានហេតុការនេះបានកើតឡើង ជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួនដើម្បីធ្វើការស៊ើបអង្កេត។
ចំណែកឯប្រជាជនទូទៅវិញ ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ជនរងគ្រោះនៅក្នុងរឿងនេះ។ ស្របពេលជាមួយគ្នានេះដែរ នៅតាមបណ្ដាញសង្គមដូចជា Facebook និងTwitter ពួកគេក៏បានបង្ហាញនូវការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខសង្គមនៅក្នុងប្រទេស ជាពិសេសគឺនៅទីក្រុងកាប៊ូលតែម្ដង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ