អាហ្វ្រិក​ខាងត្បូង-បារាំង

អាហ្វ្រិក​ខាង​ត្បូង​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការនុយក្លេអ៊ែរ​ជាមួយ​បារាំង

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Koeberg នៅ​អាហ្វ្រិក​ខាង​ត្បូង​ដែល​ចង់​បំពាក់​​ម៉ាស៊ីន​ប្រតិកម្ម​ថ្មី​៦​គ្រឿង
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Koeberg នៅ​អាហ្វ្រិក​ខាង​ត្បូង​ដែល​ចង់​បំពាក់​​ម៉ាស៊ីន​ប្រតិកម្ម​ថ្មី​៦​គ្រឿង Creative Commons/Pipodesign Philipp P Egli

អាហ្វ្រិក​ខាង​ត្បូង ដែល​មាន​គម្រោង​ចង់​​បំពាក់​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​​ថ្មីៗ​ បាន​ប្រកាស​នៅ​ថ្ងៃសុក្រទី ១០ តុលា ២០១៤​នេះ ថា​នឹង​ត្រៀម​ខ្លួន​ចុះ​ហត្ថលេខា​ លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​​មួយ​ជាមួយ​បារាំង​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាហ្វ្រិក​ខាង​ត្បូង​ទើប​តែ​នឹង​ព្រមព្រៀង​ថ្មី​ថ្មោង​ជាមួយ​រុស្ស៊ី ក្នុង​វិស័យ​ថាមពល​នេះ​ដូចគ្នា។

ផ្សាយពាណិជ្ជកម្ម

 

រដ្ឋមន្ត្រីក្រសួង​ថាមពល​អាហ្វ្រិក​ខាង​ត្បូង បាន​ទទួល​ការ​អនុញ្ញាត​ពី​ប្រធានាធិបតី​ ក្នុង​ការ​បើក​កិច្ច​សហប្រតិបត្តិការ​​អភិវឌ្ឍ​វិស័យ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល ជាមួយ​បារាំងហើយ ប៉ុន្តែ​ពុំ​ទាន់​កំណត់​ថ្ងៃ​ចុះ​ហត្ថលេខានៅ​ឡើយទេ។ គេ​គ្រាន់​តែ​ដឹង​ថា​បារាំង​ត្រូវ​រៀប​ចំ​ពិព័រណ៍នុយក្លេអ៊ែរ​ពិភពលោក​ ពី​ថ្ងៃទី ១៤-១៦ តុលា​ខាង​មុខ​នៅ​ជាយ​ទីក្រុង​ប៉ារីស និង​ដែល​មាន​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាហ្វ្រិក​ខាងត្បូង​ជា​ភ្ញៀវ​កិត្តិយសម្នាក់។

​កិច្ចព្រមព្រៀង​បារាំង-អាហ្វ្រិកខាង​ត្បូង ដែល​ខ្លឹមសារ​លម្អិត​នៃនឹង​ត្រូវ​ពិភាក្សា​គ្នា​ថ្នាក់​ក្រសួង​នៅ​ពេល​ក្រោយ បាន​ប្រកាស​ឡើង ក្នុង​ខណៈ​ដែល​អាហ្វ្រិក​ខាង​ត្បូង​កំពុង​មាន​រឿង​អាស្រូវ​ខ្លាំង​ ដោយ​បាន​​ព្រមព្រៀង​ជា​គោល​ជាមួយ​រុស្ស៊ី​ ដោយ​ស្ងាត់ៗ កាលពី​ថ្ងៃ​ទី ២១​ កញ្ញា។ ​សារព័ត៌មានបាន​ចោទ​​លោក​ប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង​ថា​​បាន​ត្រូវ​រ៉ូវ​គ្នា​ដោយ​ផ្ទាល់​ជាមួយ​​ប្រធានាធិបតី​រុស្ស៊ី ពូទីន ទើប​រុស្ស៊ី​អាច​ដណ្តើម​ទីផ្សារ​ថាមពល​អាហ្វ្រិក​ខាង​ត្បូងបាន ដោយអាច​គេចវេស​បាន​ពី​សំណាញ់​ច្បាប់​ហិរញ្ញវត្ថុ​និង​ប្រជាធិបតេយ្យ។ ដើម្បី​រំងាប់​កំហឹង​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល ក៏​បាន​សាក​ល្បង​កែប្រែ​ទិសដៅ ដោយ​សន្យា​មិន​លាក់បាំង​ព័ត៌មាន​ និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត មាន​ជាអាទិ៍​បារាំង​។

គម្រោង​អភិវឌ្ឍន៍​នុយក្លេអ៊ែររបស់​​អាហ្វ្រិក​ខាង​ត្បូង អាច​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ ៧០ពាន់​លាន​អឺរ៉ូ សម្រាប់​យក​មក​ទិញ​ម៉ាស៊ីន​ប្រតិកម្ម​៦​គ្រឿង​ (៩៦០០MW) ត្រូវ​បាន​កប់​ចោល​ជា​យូរ​ឆ្នាំមក​ហើយ ត្រូវ​បាន​អ្នក​ឯកទេស​ចាត់​ទុក​ជា​បន្ទុក​ធ្ងន់ និង​ជា​ប្រភព​នៃ​អំពើ​ពុក​រលួយ​សម្រាប់​ក្រុម​ប្រឆាំង។ ដើម្បី​កាត់​បន្ថយ​​ការ​ប្រើ​ថាមពល​ដោយ​ធ្យូងថ្ម  អាហ្វ្រិក​ខាង​ត្បូង បាន​ផ្តល់​ទីផ្សារ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ស៊ីវិល​​ ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅ​វិញ​នៅ​ឆ្នាំ​២០០៨​ដោយ​កង្វះ​ថវិកា និង​វិបត្តិនយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI