អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីហ្សាប៊ែល​ ដូសសាន់តូស​៖ មហាសេដ្ឋី​មានជាងគេបំផុត​នៅអាហ្វ្រិក​ប្រឈមនឹង​បទចោទប្រកាន់​ពាក់ព័ន្ធ​បទពុក​រលួយ​

សំឡេង ០៤:១១
អ៊ីហ្សាប៊ែល ដូសសាន់តូស ជាស្ត្រីដែលមានជាងគេនៅទ្វីបអាហ្វ្រិក។
អ៊ីហ្សាប៊ែល ដូសសាន់តូស ជាស្ត្រីដែលមានជាងគេនៅទ្វីបអាហ្វ្រិក។ REUTERS/Toby Melville
ដោយ៖ អ៊ុង គឹមអ៊ាន់
២៤ នាទី

អ៊ីហ្សាប៊ែល ដូសសាន់តូស (Isabel dos Santos) ជាអ្នកជំនួញដ៏ល្បីឈ្មោះ និងជាស្ត្រីដែលមានជាងគេនៅទ្វីបអាហ្វ្រិក។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានរូបលោកស្រីនៅស្ទើរតែគ្រប់ទំព័រសារព័ត៌មានបរទេសធំៗ ពាក់ព័ន្ធនឹងរឿងកេងប្រវ័ញ្ចលុយខុសច្បាប់។ ក្រោយមានលេចធ្លាយព័ត៌មានខាងលើ លោកស្រីអ៊ីហ្សាប៊ែល នាខណៈនេះ កំពុងតែប្រឈមនឹងបទចោទប្រកាន់ពាក់ព័ន្ធបទប្រព្រឹត្តអំពើពុករលួយ​។តើអ៊ីហ្សាប៊ែល ដូសសាន់តូស មានប្រវត្តិមកពីណា? ហេតុអ្វីបានជា មហាសេដ្ឋីរូបនេះត្រូវប្រឈមនឹងបទចោទប្រកាន់ពុករលួយទៅវិញ?

ផ្សាយពាណិជ្ជកម្ម

តើអ៊ីហ្សាប៊ែល ដូសសាន់តូស ជាអ្នកណា?

ស្ថិតក្នុងវ័យ ៤៦ ឆ្នាំ អ៊ីហ្សាប៊ែល ដូសសាន់តូស មានឈ្មោះហៅក្រៅថា “ព្រះនាង” គឺជាអ្នកជំនួញជាតិអង់ហ្គោឡា ជាស្ត្រីដែលមានជាងគេបំផុតនៅអាហ្វ្រិក និងជាកូនស្រីច្បងរបស់អតីតប្រធានាធិបតីអង់ហ្គោឡាលោកហ្សូហ្សេ អេឌ័រដូ ដូសសាន់តូស (Jose Eduardo dos Santos) ដែលបានគ្រប់គ្រងប្រទេសនេះរយៈពេល ៣៨ ឆ្នាំ ពោលគឺនៅចន្លោះឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ២០១៧។

កាលពីមួយទសវត្សរ៍មុន អ៊ីហ្សាប៊ែល ដូសសាន់តូស បានក្លាយទៅជាស្ត្រីមានជាងគេបំផុតនៅទ្វីបអាហ្វ្រិក បន្ទាប់ពីទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០១៣ បានចុះផ្សាយដោយដាក់ឈ្មោះលោកស្រី ថាជាមហាសេដ្ឋីស្ត្រីដំបូងគេបង្អស់ប្រចាំទ្វីបនេះ និងមានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ទាំងអស់ប្រមាណ ២ ២០០លានដុល្លារ។

កូនស្រីរបស់អតីតប្រធានាធិបតីអង់ហ្គោឡារូបនេះ ទទួលបានការអប់រំនៅក្នុងប្រទេសអង់គ្លេស ជាទីដែលលោកស្រីកំពុងស្នាក់នៅនាពេលបច្ចុប្បន្ន ជាមួយស្វាមីដែលជាអ្នកជំនួញកុងហ្គោម្នាក់។ បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC លោកស្រីអ៊ីហ្សាប៊ែល ក៏ជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិមានតម្លៃជាច្រើននៅកណ្តាលទីក្រុងឡុងដ៍។

ក្រៅពីនេះ មហាសេដ្ឋីស្ត្រីរូបនេះ ក៏មានភាគហ៊ុនជាច្រើន នៅក្នុងក្រុមហ៊ុនប្រេង ធនាគារ និងទូរសព្ទ ដែលភាគច្រើននៅក្នុងប្រទេសអង់ហ្គោឡា និងព័រទុយហ្គាល់។

ឯកសារបែកធ្លាយបង្ហាញពីបទពុករលួយរបស់មហាសេដ្ឋីអ៊ីហ្សាប៊ែល ដូសសាន់តូស

កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គេឃើញមានការចុះផ្សាយជាច្រើនទាក់ទងអំពីបទកេងប្រវ័ញ្ចថវិកាជាតិចំនួនរាប់រយលានដុល្លារ របស់លោកស្រីអ៊ីហ្សាប៊ែល ដូសសាន់តូស ក្នុងពេលដែលឪពុករបស់លោកស្រី នៅកាន់តំណែងជាប្រធានាធិបតី។ រឿងនេះបាននិងកំពុងធ្វើឲ្យសេដ្ឋនីមានលុយវាល់លានរូបនេះ ល្បីឈ្មោះនិងមានមុខនៅសឹងតែគ្រប់បណ្តាញសារព័ត៌មានបរទេសធំៗទាំងអស់ទៅហើយ។

មួយវិញទៀត បើយោងទៅតាមសំណុំឯកសារជាង ៧១ ម៉ឺនឯកសារ ដែលរកឃើញនិងចុះផ្សាយដោយក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិមានមូលដ្ឋាននៅញូវយ៉ក (ICIJ) កាលពីថ្ងៃអាទិត្យទី១៩ មករា កូនស្រីច្បងរបស់អតីតប្រធានាធិបតីអង់ហ្គោឡា ត្រូវបានគេចោទប្រកាន់ ថាបានកេងប្រវ័ញ្ចថវិកាជាច្រើន ពីក្រុមហ៊ុនប្រេងរដ្ឋអង់ហ្គោឡា។

គួរជម្រាបជូនថា លោកស្រីអ៊ីហ្សាប៊ែល គឺជាមុខសញ្ញាដ៏សំខាន់មួយ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ ដែលដឹកនាំដោយប្រធានាធិបតីថ្មីអង់ហ្គោឡាលោកហ្សៅ លួរ៉េនសូ (Joao Lourenco)។ ក្រោយឡើងកាន់តំណែងនៅឆ្នាំ ២០១៧ ប្រមុខរដ្ឋាភិបាលថ្មីរបស់អង់ហ្គោឡា បានចោទប្រកាន់លោកស្រីអ៊ីហ្សាប៊ែល ពីបទកេងប្រវ័ញ្ចលុយរបស់ក្រុមហ៊ុនប្រេងរដ្ឋ ដែលកាលណោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រី។ លោកស្រីអ៊ីហ្សាប៊ែល ត្រូវចោទថាបានលួចយកលុយរដ្ឋចំនួនជាងមួយពាន់លានដុល្លារអាមេរិក យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយការផ្ទេរទៅគណនីនៅក្រៅប្រទេស។

នាខណៈនេះ អាជ្ញាធរអង់ហ្គោឡា កំពុងបើកការស៊ើបអង្កេតបទឧក្រិដ្ឋពាក់ព័ន្ធនឹងករណីពុករលួយរបស់លោកស្រី។ ក្រៅពីនេះ ទ្រព្យសម្បត្តិរបស់លោកស្រីទាំងអម្បាលម៉ាននៅក្នុងប្រទេស ក៏ត្រូវបានអាជ្ញាធរបង្កកទុកទាំងអស់ដែរ។

តែទោះបីជាមានឯកសារលេចធ្លាយ និងរងការចោទប្រកាន់យ៉ាងច្រើនយ៉ាងណាក្តី កូនស្រីច្បងរបស់អតីតប្រធានាធិបតីអង់ហ្គោឡា បានច្រានចោលនូវរាល់ពាក្យចោទប្រកាន់ទាំងអស់ និងថាទាំងនោះសុទ្ធតែជារឿងមិនពិត និងជាការប្រឌិតឡើង ដោយមេដឹកនាំថ្មីរបស់អង់ហ្គោឡា ដែលចង់ធ្វើបាប បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោកស្រីនិងក្រុមគ្រួសារ។

មហាសេដ្ឋីប្រចាំទ្វីបអាហ្វ្រិករូបនេះ ក៏បានចាត់ទុកព័ត៌មានដែលចេញផ្សាយដោយអ្នកកាសែត ថាជាការភូតកុហកផងដែរ។ លោកស្រីថា អ្វីៗទាំងអស់ ដែលលោកស្រីមាននៅក្នុងដៃនាពេលនេះ មិនមែនកើតចេញមកពីការលួចបន្លំនោះទេ ក៏ប៉ុន្តែ វាកើតចេញមកពីការខិតខំប្រឹងប្រែង តស៊ូស្វិតស្វាញ និងភាពឆ្លាតវៃរបស់លោកស្រីក្នុងការធ្វើមុខជំនួញ។

ជាមួយគ្នានេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលដកស្រង់ដោយកាសែត The Guardian មេធាវីរបស់លោកស្រីអ៊ីហ្សាប៊ែល ដូសសាន់តូស ក៏បានច្រានចោលនូវឯកសារដែលរកឃើញដោយ ICIJ និងថាការចុះផ្សាយឯកសារទាំងនោះ គឺជាការវាយប្រហារមួយដែលមានការរៀបចំសម្រិតសម្រាំងទុកជាមុនបានយ៉ាងល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ