អានតួអត្ថបទ
អាហ្វ្រិក-កណ្តូប

ហ្វូងសត្វកណ្តូបចង្រៃ កំពុងគំរាមកសិករនៅតំបន់អាហ្វ្រិកខាងកើត

ប្រជាជនកេនយ៉ា កំពុងបណ្តេញ​សត្វកណ្តូប ដែលស៊ីផលដំណាំ។ ថ្ងៃទី ​១៧ មករា ២០២០​
ប្រជាជនកេនយ៉ា កំពុងបណ្តេញ​សត្វកណ្តូប ដែលស៊ីផលដំណាំ។ ថ្ងៃទី ​១៧ មករា ២០២០​ REUTERS/Njeri Mwangi/File Photo
ដោយ៖ ម៉ម ពិសី
១៨ នាទី

ប្រមាណ២ខែមកហើយ ដែលប្រទេសអាហ្វ្រិកភាគខាងកើត បានឆ្លងកាត់មហន្តរាយ បង្កឡើងដោយហ្វូងសត្វកណ្តូបចង្រៃ រាប់ពាន់លានក្បាល។  គិតចាប់ពីប្រទេសអេត្យូពី ដល់កេនយ៉ា ហ្វូងកណ្តូប បានបំផ្លាញផលដំណាំរបស់ប្រជាកសិករក្រីក្រជាច្រើនហិកតា​។ អង្គការស្បៀងអាហារពិភពលោក បានអំពាវនា​វ ឲ្យមាន​ការជួយជ្រោមជ្រែង សហការគ្នាសម្លាប់ហ្វូងកណ្តូប ព្រោះពុំនោះទេ គឺប្រជាជនប្រមាណ​១៣លាននាក់នៅតំបន់ខាងកើតអាហ្វ្រិក ដែលនឹងត្រូវជួបគ្រោះទុរ្ភិក្ស។

ផ្សាយពាណិជ្ជកម្ម

យោងតាមការប៉ាន់ស្មាន សត្វកណ្តូបពនេចរ ដែលមានទំហំប្រមាណ​៧សង់ទីម៉ែត្រនេះ​ មានគ្នាសរុបប្រមាណ២០ម៉ឺនលានក្បាល ហើយ​កំពុងតែ​ហោះឆ្លងកាត់ តំបន់អាហ្វ្រិកខាងកើត។ ពេលផ្តុំគ្នា ហ្វូងកណ្តូប​ នេះអាចមានទំហំដល់ទៅ ២៤០០គីឡូម៉ែត្រក្រឡា ហើយអាចហោះផ្លាស់ទីចំងាយ ១៥០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ និង​អាចស៊ីដំណាំអស់​៤សែន​តោន ក្នុងមួយថ្ងៃ។

ប្រទេសអេត្យូពី និងប្រទេសសូម៉ាលី ជាអ្នករងគ្រោះមុនគេបង្អស់​ ដោយសារហ្វូងសត្វល្អិតចង្រៃនេះ។ កាលពីដើមខែកុម្ភៈ រដ្ឋាភិបាល​សូម៉ាលី បានប្រកាសអាសន្នថ្នាក់ជាតិ ប្រឈមនឹងសត្វកណ្តូបបំផ្លាញផលដំណាំ។ ប្រទេសដែលកំពុងប្រឈមជាបន្តបន្ទាប់ ដោយការហោះបំលាស់ទី របស់ហ្វូងកណ្តូប មាន​ស៊ូដង់ អេរីត្រេ កេនយ៉ា តង់ហ្សានី និងអ៊ូហ្កង់ដា។ ពោលគឺសុទ្ធតែជាប្រទេសក្រីក្រ ដែលប្រជាជនភាគច្រើន រស់រំពឹងនឹងផលដំណាំ។

យោងតាមលោក Keith Cressman អ្នកជំនាញផ្នែកហន្តរាយបង្កឡើងដោយសត្វល្អិត បានលើកឡើងថា ចំនួនសត្វកណ្តូបបានកើនឡើងខ្លាំងបែបនេះ គឺដោយសារកត្តា២គួបផ្សំគ្នា។ កត្តាទីមួយ និងដែលសំខាន់បំផុត គឺកត្តាអាកាសធាតុ។ ​កត្តាទី២ គឺអស្ថិរភាពនយោបាយក្នុងតំបន់។ ទាក់ទិននឹងកត្តាអាកាសធាតុ អ្នកជំនាញរូបនេះពន្យល់ថា សត្វកណ្តូបអាច​មានកូនញាស់ និងមានចំនួន​ច្រើនយ៉ាងលឿន​រហ័ស នៅពេលមាន​អាកាសធាតុក្តៅ និងសើមខ្លាំង។ ជាមួយនឹង​ការប្រែប្រួលអាកាសធាតុ ក្នុងវាង២ឆ្នាំកន្លងមកនេះ មាន​ព្យុះ​ស៊ីក្លូន បានកើតឡើងជាច្រើនលើក នៅក្នុងមហាសមុទ្រឥណ្ឌា។ អាកាសធាតុអំណោយផល ចំនួនសត្វកណ្តូប អាចរីកធំ​ដល់ទៅ​​៨ពាន់ដង។ ​ដោយសារ​តែសង្រ្គាម ជម្លោះ​ប្រដាប់អាវុធ នៅតាមប្រទេសមួយចំនួន ដូចជាយេម៉ែន សូម៉ាលី និងអេរីត្រេជាដើម ធ្វើឲ្យគេមិនអាចចាត់វិធានការទប់ស្កាត់ការរីកធំឡើងៗ នៃចំនួនសត្វកណ្តូបចង្រៃនេះបានឡើយ។

បើផ្អែកតាមប្រសាសន៍លោក Cyril Piou អ្នកស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រ បានលើកឡើងថា សម្រាប់ពេលនេះ វិធីតែមួយគត់ ដែលអាចសម្លាប់សត្វកណ្តូបបាន គឺការប្រើប្រាស់​ថ្នាំសម្លាប់​សត្វល្អិត បាញ់ទៅលើហ្វូងកណ្តូប ក្នុងពេលព្រឹកស្រាងៗ ពេលវាសំងំដេក។ អាជ្ញាធរអ៊ូហ្កង់ដា បាន​ត្រៀមទាហានចំនួន​២០០០នាក់ និងថ្នាំសម្លាប់សត្វស្អិតចំនួន​៣៦០០០លីត្រ។

លោក Mark Lowcock អគ្គលេខាធិការរង នៃអង្គការស្បៀងអាហារពិភពលោក FAO ​បានថ្លែងព្រួយបាមរ្ភថា ទំហំលាតសន្ធឹងនៃចំនួនរបស់សត្វកណ្តូបនេះ អាចចោទជាឧបសគ្គ​ដល់យុទ្ធនាការនៃបាញ់ថ្នាំសម្លាប់។ លោកបន្ថែមថា ប្រជាជនប្រមាណ​១៣លាននាក់ កំពុងតែប្រឈមនឹងវិបត្តិ​ចំណីអាហារ ដោយសារតែការវាយលុករបស់សត្វកណ្តូបនេះ។ អង្គការស្បៀងអាហារពិភពលោក សូមអំពាវនាវរកថវិកា ចំនួន៥០លានដុល្លារបន្ថែម ដើម្បីឲ្យគ្រប់​៧៦លានដុល្លារ ដើម្បីយកទៅ​ចំណាយលើប្រតិបត្តិការ សម្លាប់ហ្វូងកណ្តូប​ចង្រៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ