អានតួអត្ថបទ
អាហ្វ្រិក កូរ៉ូណាវីរុស

អង្គការសុខភាព​ពិភពលោក​បារម្ភខ្លាំង ​ពីការវិវិឌ្ឍន៍​នៃ​ការ​ឆ្លង​កូវីដ១៩​នៅ​ទ្វីប​អាហ្វ្រិក

កង្វះទឹកស្អាតប្រើប្រាស់ គឺជា​បញ្ហាចោទដ៏ធំ របស់​ប្រទេសភាគច្រើននៅអាហ្វ្រិក។  រូបភាពនៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ ថ្ងៃទី​១៩ មីនា ២០២០
កង្វះទឹកស្អាតប្រើប្រាស់ គឺជា​បញ្ហាចោទដ៏ធំ របស់​ប្រទេសភាគច្រើននៅអាហ្វ្រិក។ រូបភាពនៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ ថ្ងៃទី​១៩ មីនា ២០២០ REUTERS - OLIVIA ACLAND
ដោយ៖ ម៉ម ពិសី
១៧ នាទី

ស្ថានភាព​ឆ្លង​រាលដាលមេរោគកូវីដ១៩ នៅតាមប្រទេសក្នុងទ្វីបអាហ្វ្រិក កំពុង​កើនល្បឿន​គួរឲ្យ​ព្រួយបារម្ភ​បំផុត។ លោកស្រី​ប្រធាន​តំបន់អាហ្វ្រិក ប្រចាំ​អង្គការ​សហប្រជាជាតិ បានលើកថា ​អាហ្វ្រិកនឹង​រង​គ្រោះធ្ងន់​ ព្រោះ​ប្រទេស​អាហ្វ្រិក​គ្មាន​សមត្ថភាព អនុវត្ត​គោលការណ៍​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ព្រមទាំង​គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល ដើម្បី​ស​ង្រ្គោះ​ព្យាបាល​មនុស្សទេ។ គិតមក​ត្រឹមថ្ងៃ​សុក្រ​ទី២៧មីនា ទ្វីបអាហ្វ្រិក​មាន​អ្នកឆ្លងកូវីដ១៩ សរុប​ប្រមាណ​៣៣០០ករណី ក្នុងនោះ​ស្លាប់ជាង​៩០នាក់។ នេះបើ​ផ្អែក​តាម​ការ​បូកសរុប​​របស់​ AFP។

ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងបទសម្ភាសន៍ ក្នុងទូរទស្សន៍France24 លោកស្រី Matshidiso Rebecca Moeti មន្ត្រីទទួលបន្ទុកទ្វីបអាហ្វ្រិក របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា ដំណើរវិវឌ្ឍន៍នៃការឆ្លងមេរោគកូវីដ១៩ នៅទ្វីបអាហ្វ្រិក មានលក្ខណៈគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ ដំណើរនេះបង្ហាញថា ទ្វីបអាហ្វ្រិកនឹងរងគ្រោះធ្ងន់ ដោយសារមេរោគនេះ។

ល្បឿននៃការរីកទំហំការឆ្លងរាលដាល ពីប្រទេសមួយទៅប្រទេសមួយ ព្រមទាំងករណីឆ្លងក្នុងចំនួនច្រើន គឺជាប្រភពនៃការព្រួយបារម្ភ។ មានប្រទេសតែមួយដែលមានករណីឆ្លងតែម្នាក់ កាលពីខែមុន តែពេលនេះ មានប្រទេសចំនួន៤០ប្រទេស ដែលមានករណីឆ្លងកូវីដ១៩។ ជាងនេះទៀត នរណាក៏ដឹងយ៉ាងច្បាស់ដែរ ថាតួលេខនេះ មិនស្តែងពីការពិតជាក់ស្តែងទេ ព្រោះថាប្រទេសអាហ្វ្រិកគ្មានលទ្ធភាព ធ្វើតេស្តស្វែងរកមេរោគឲ្យបានទូលំទូលាយទេ។ ដូច្នេះចំនួនអ្នកផ្ទុកកូវីដ១៩ជាក់ស្តែង ដែលមិនដឹងខ្លួន អាចមានច្រើនលើសនេះឆ្ងាយណាស់។

អង្គការសុខភាពពិភពលោក បានអំពាវនាវ ឲ្យអាជ្ញាធររដ្ឋាភិបាលតាមបណ្តាប្រទេសទ្វីបអាហ្វ្រិក ត្រូវបង្កើនការយកចិត្តទុកដាក់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ តែយ៉ាងណាក៏ដោយ លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានទទួលស្គាល់ថា ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងមេរោគ ដូចជាការហាមមិនឲ្យជួបជុំមនុស្សច្រើននាក់ ពិធីសូត្រធម៌ ឬត្រូវនៅចំងាយពីគ្នាមួយម៉ែត្រ គឺជារឿងលំបាកធ្វើណាស់ នៅអាហ្វ្រិក។ គ្រួសារក្រីក្រ រស់នៅជុំគ្នា មានសមាជិកច្រើននាក់ ក្នុងផ្ទះតូចចង្អៀត។ ទំនាក់ទំនងនៅខាងក្រៅ រវាងមនុស្សក្នុងសហគមន៍ មានលក្ខណៈជិតស្និតខ្លាំង ពិបាកនឹងកែទម្លាប់ណាស់។ រីឯស្មារតីគោរពបទបំរាមគោលចរណ៍ក៏គ្មានដែរ ដោយសារតែកម្រិតនៃការយល់ដឹងរបស់ប្រជាជននៅទាប។

បន្ថែមពីនេះទៀត បញ្ហាគ្មានទឹកស្អាតប្រើប្រាស់ ក៏ចោទជាបញ្ហាធ្ងន់ផងដែរ ចំពោះការរក្សាអនាម័យលាងសំអាតដៃ។ ជាងនេះទៀត ប្រទេសអាហ្វ្រិកភាគច្រើន ដែលក្រីក្រ ពុំមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរឹងមាំ អាចសង្រ្គោះ និងព្យាបាលអ្នកជំងឺកូវីដ១៩ បានទេ។ អំពើពុករលួយ បានចូលរួម ធ្វើឲ្យសេវាសាធារណៈគ្មានប្រសិទ្ធិភាព។

គួរកត់សំគាល់ថា កាលពីពេលប្រជុំបន្ទាន់របស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20 អង្គការសុខភាពពិភពលោក បានសំណូមពរ ឲ្យប្រទេសអ្នកមាន រួមគ្នា ជួយប្រទេសអាហ្វ្រិកផង ក្នុងប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩នេះ។ ប៉ុន្តែលទ្ធផលនៃការប្រជុំ បានបង្ហាញនូវការខកចិត្ត ព្រោះគ្មានវិធានការជាក់ស្តែងណាមួយ ជួយប្រទេសក្រីក្រនៅអាហ្វ្រិកទេ។ ក្រុមប្រទេស G20 បានត្រឹមតែអំពាវនាវ ឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បង្កើនមការផ្តល់ប្រាក់កម្ចី ឲ្យដល់ប្រទេសក្រីក្រ ដើម្បីយកទៅអភិវឌ្ឍន៍វិស័យសុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ