អានតួអត្ថបទ

កូវីដ ១៩៖ ស្ថាប័នហិរញ្ញវត្ថុ​​អន្តរជាតិ​អំពាវនាវ​សុំ​ជំនួយ​បន្ទាន់សម្រាប់​ជួយ​សេដ្ឋកិច្ច អាហ្វ្រិក

ស្រ្តីចំណាស់ទទួល​របបអាហារ​នៅក្នុង​ពេល​ទីក្រុង​បិទ​ដោយសារ​កូរ៉ូណាវីរុស​នៅប្រទេស​នីហ្សេរីយ៉ា ថ្ងៃទី ៩​មេសា ២០២០
ស្រ្តីចំណាស់ទទួល​របបអាហារ​នៅក្នុង​ពេល​ទីក្រុង​បិទ​ដោយសារ​កូរ៉ូណាវីរុស​នៅប្រទេស​នីហ្សេរីយ៉ា ថ្ងៃទី ៩​មេសា ២០២០ REUTERS - Temilade Adelaja
ដោយ៖ ឈាង បុប្ផា
១៩ នាទី

មូលនិធិរូបិយវត្ថុ​អន្តរជាតិ ធនាគារ​កណ្តាល​ពិភពលោក រួមជាមួយ​មេដឹកនាំ​អាហ្រ្វិក បាន​វាយតម្លៃថា ទោះបី​ជាមាន​ការសន្យា​ផ្តល់ជំនួយ​ក្រុមម្ចាស់បំណុល ទ្វីបអាហ្វ្រិក​នៅតែ​ត្រូវការ​ជំនួយ ចាំបាច់ ជា​ច្រើន​ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ​១៩។ គិត​រហូតមកដល់​ថ្ងៃ​សុក្រ ទ្វីបអាហ្វ្រិក​ទាំងមូល​មានឆ្លងកូរ៉ូណាវីរុស ជិត ២ម៉ឺននាក់ និង​មនុស្ស​ស្លាប់​ជាង​១ពាន់នាក់។ ការឆ្លងរាតត្បាត​កូវីដ​១៩ នៅមិនទាន់ខ្លាំង ប៉ុន្តែ តាមការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក ទ្វីបអាហ្វ្រិក​នឹង​អាចក្លាយ​ជា​កន្លែង​ឆ្លងរាតត្បាត​ខ្លាំង បន្ទាប់​ពី អាមេរិក ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​ដ៏ខ្សត់ខ្សោយ នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក។ 

ផ្សាយពាណិជ្ជកម្ម

អាហ្វ្រិក​ដែល​ខ្វះខាត​ធនធាន និង​ហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​កូវីដ ១៩ ត្រូវការ​ថវិកា​បន្ទាន់ ប្រមាណ ១១៤​ពាន់​លាន​ដុល្លារ។ នេះបើតាម​ការអះអាង​របស់​អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ ធនាគារ​ពិភពលោក។

នៅក្នុង​កិច្ចប្រជុំ​តាមវីដេអូ ជាមួយ​ថ្នាក់ដឹកនាំ អាហ្វ្រិក និង​ធនាគារ​ពិភពលោក កាលពីថ្ងៃ​សុក្រ​ម្សិលមិញ មូលនិធិរូបិយវត្ថុ​បានចូលរួម​វិភាគទាន​ជាមួយ ធនគារ​ពិភពលោក សម្រាប់​កញ្ចប់​ថវិកា ៥៧​ពាន់​លាន​ដុល្លារ ចំណែក ១៣​ពាន់​លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​ជំនួយ​អាហ្វ្រិក មាន​ប្រភព​ពីខាងវិស័យ​ឯកជន។ ប៉ុន្តែ ទោះបី​ជា​មាន​ជំនួយ និង​ការសន្យា​ផ្អាក​ទារបំណុល​ពី​បណ្តា​ប្រទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូចជា IMF និង​ធនាគារ​ពិភពលោក នៅក្នុង​អំឡុង​ឆ្លង​រាតត្បាត​របស់​កូវីដ អាហ្វ្រិក នៅ​ខ្វះ​ថវិកា​ប្រមាណ​៤៤​ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ ១៩។

នៅក្នុង​សេចក្តីសន្និដ្ឋាន​រួមគ្នា កាលពី​ថ្ងៃ​សុក្រ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក​បាន​ព្រមាន​ថា កង្វះខាត​ផ្នែក​សុខាភិបាល ហើយ និង​សុខភាព​ទន់ខ្សោយ​របស់​ប្រជាជន​នៅទ្វីបអាហ្វ្រិក នឹង​អាច​ជំរុញ​ឲ្យ​ជំងឺកូវីដ​១៩​ឆ្លងរីករាលដាលខ្លាំង ហើយ​និង​សម្លាប់មនុស្ស​ដ៏ច្រើន ក្នុង​ទឹកដីអាហ្វ្រិក។ ការវាយតម្លៃ​កន្លងមក​បាន​បង្ហាញថា ប្រសិន​បើ​ប្រជាជន​អាហ្វ្រិក ប្រមាណ ១០ភាគរយ ឆ្លងកូរ៉ូណាវីរុស នោះគេ​ត្រូវការ​ថវិកា​ប្រមាណ ៣៦​ពាន់លាន​ដុល្លារ ដើម្បី ព្យាបាល​អ្នកជំងឺ ប៉ុន្តែ តម្រូវការ​ថវិកា​នឹង​កើនឡើង ​ច្រើននេះ បើសិន វិបត្តិ​កូវីដ ១៩ នៅបន្ត និង​រីករាលដាល​ខ្លាំង​នៅទ្វីបអាហ្វ្រិក។

សម្រាប់​ប្រធាន​ធនាគារ​ពិភពលោក វិបត្តិ​កូវីដ​១៩​នឹង​ធ្វើ​ឲ្យ​ការខិតខំប្រឹងប្រែង​កន្លងមក ដើម្បី​ការអភិវឌ្ឍ កាត់បន្ថយ​ភាពក្រីក្រ នៅទឹកដី​អាហ្វ្រិក ត្រូវ​រលាយ​ដូចអំបិលត្រូវទឹក។ មូលនិធិ​IMF លើកឡើង​ពី​ការធ្លាក់ចុះ ១,៦ភាគរយ នៃ​ផលិតផល​ក្នុង​សរុប របស់​អាហ្វ្រិក នៅ​ឆ្នាំ ២០២០ ដែល​ជា​ចំនួន​ដ៏ច្រើន​មិនធ្លាប់មាន។ ចំណែក ធនាគារ​ពិភពលោក​បាន​ព្រមាន​ពី​សេដ្ឋកិច្ច​ដើរថយក្រោយ របស់​អាហ្រ្វិក ដែល​ទើប​មាន ជា​លើកទី​១ នៅក្នុង​រយៈពេល ២៥​ឆ្នាំ​ចុងក្រោយនេះ។

ជារួម មូលនិធិ​IMF និង​ធនាគារ​ពិភពលោក រួមទាំង​ថ្នាក់ដឹកនាំ​អាហ្រ្វិក​ដែល​បានចូលរួម​នៅក្នុងកិច្ចប្រជុំ​តាមវីដេអូ កាលពី​ថ្ងៃ​សុក្រទី ១៧​មេសា បានអំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​សេដ្ឋកិច្ច​អាហ្វ្រិក​ឲ្យ​បាន​ឆាប់​បំផុត។

ដើម្បី ជួយ​សម្រាល ទប់​សេដ្ឋកិច្ច​អាហ្វ្រិក ដែល​រួបរឹត​ដោយ​ភាពក្រីក្រ និង​ប្រាក់បំណុល​ជុំទិស ទាំង​មូលនិធិ​IMF និង​ធនាគារ​ពិភពលោក​បានប្រកាស​ជា​បន្តបន្ទាប់ កញ្ចប់​ជំនួយ ហិរញ្ញវត្ថុ។ នៅដើមសប្តាហ៍នេះ IMF ប្រកាស​ផ្តល់ជំនួយ សម្រាប់​ប្រទេស​ក្រីក្រ ជាងគេ ក្នុង​លោក ចំនួន​២៥ ចំណែក ធនាគារពិភពលោក​បាន​ប្រកាស​បញ្ចេញ​ថវិកា ១៦០ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ មាន ៥៥​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​បណ្តាប្រទេស​អាហ្វ្រិក ក្នុង​ការប្រឈម​នឹង​វិបត្តិ​កូវីដ ១៩ នៅក្នុង​រយៈពេល ១៥​ខែ​ទៅមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ