អានតួអត្ថបទ
កូរ៉ូណាវីរុស-គ្រុនចាញ់

ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ អាច​នឹង​ត្រូវ​រំខាន​ដោយ​ការ​រាតត្បាត​នៃ​កូវីដ១៩

ការ​ផ្តល់​ព័ត៌មានស្តី​ពី​ជំងឺ​គ្រុន​ចាញ់​នៅ​ប្រទេស​កុងហ្គោ
ការ​ផ្តល់​ព័ត៌មានស្តី​ពី​ជំងឺ​គ្រុន​ចាញ់​នៅ​ប្រទេស​កុងហ្គោ ©Georges Merillon
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ថ្ងៃទី ២៥​មេសា ជាទិវាពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុន​ចាញ់។ នៅ​ឆ្នាំ​២០១៨ គ្រុន​ចាញ់​សម្លាប់​មនុស្សអស់​ ៤០ ​៥០០០​នាក់ និង​មាន​អ្នក​ជំងឺ​សរុប​ជាង​២២៨លាន​នាក់។ ជា​ចំនួន​ដ៏​ច្រើន ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ដោយហេតុ​តែ​មានការ​រាតត្បាត​របស់​កូវីដ​១៩ អ្នក​ឈឺ និង​អ្នក​ស្លាប់ដោយ​ជំងឺគ្រុនចាញ់​​ ​អាច​នឹង​កើន​ឡើងកាន់​តែ​ខ្ពស់​​ ស្ទើរ​មួយ​ជា​ពីរ។

ផ្សាយពាណិជ្ជកម្ម

នឹង​អាច​មាន​ស្លាប់​ដល់​ទៅ​ជាង​៧០ម៉ឺន​នាក់ ដោយ​ជំងឺ​គ្រុនចាញ់ នៅ​ឆ្នាំ២០២០ ប្រសិន​បើ​ពិភពលោក​ដែល​កំពុង​ជាប់​ដៃ​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ ​បង្វែរកម្មវិធី​បង្ការ​ជំងឺ​គ្រុនចាញ់​ទៅ​បង្ការ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​អង្គការ​សុខភាពពិភពលោក ដោយ​បានអះអាង​​ថា ការ​រាតត្បាត​របស់​កូរ៉ូណាវីរុស​ថ្មី  អាច​នឹង​ធ្វើ​ឱ្យ​ដំណើរការ​ចែក​ចាយមុង និង​ថ្នាំ​សង្កូវ​ប្រឆាំង​នឹងជំងឺ​គ្រុន​ចាញ់​រអាក់រអួល​យ៉ាង​ខ្លាំង។

៩៣%​នៃ​ជំងឺគ្រុន​ចាញ់ កើត​នៅទ្វីបអាហ្វ្រិក ក្នុងនោះ ៩៤%​បានស្លាប់។ ជនរងគ្រោះ​​ពីរភាគ​បី​ជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ។ ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ អាហ្វ្រិករំពឹង​លើជំនួយ​ពីបរទេស​ក្នុង​ការប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​គ្រុន​ចាញ់។ នារយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ អាហ្វ្រិកបាន​ស្គាល់​ភាព​ប្រសើរ​​បន្តិច ប៉ុន្តែ​មកទល់​នឹង​ឆ្នាំ​២០១៨ទៅ​ហើយ មានប្រជាពលរដ្ឋ​អាហ្វ្រិក​ប្រមាណ​​តែ​៥០%​ប៉ុណ្ណោះ មាន​មុង ឬ​អាចដេកក្នុង​មុង។ ស្ត្រី​មាន​ផ្ទៃពោះ​តែ​៣១%​បាន​ទទួល​ថ្នាំ​បង្ការ​ជំងឺគ្រុនចាញ់... ហេតុដូច្នេះ​ហើយ​បាន​ជា​​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់អាហ្វ្រិក បានអំពាវនាវ​ថា “​ថ្វី​បើ​កូវីដ១៩​ ជាការរាតត្បាតសាកល​កំពុង​គំរាមកំហែង​សុខភាព​សាធារណៈ​ខ្លាំង​មែន ប៉ុន្តែ​ពិភពលោកចាំបាច់​ត្រូវ​រក្សា​​កម្មវិធី​ប្រយុទ្ធប្រឆាំង និង​ព្យាបាល​​​ជំងឺគ្រុន​ចាញ់”។

អ្វី​ជា​ការកត់សម្គាល់ នៅ​ក្នុងពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩ នៅទ្វីបអាហ្វ្រិក ជាក់ស្តែងនៅ​ហ្ស៊ីមបាវ៉េ ចំនួន​អ្នក​កើត​ជំងឺគ្រុនចាញ់​បានកើន​ឡើង​ជិត​៥០% និងស្លាប់​កើន​ឡើង​២០% បើធៀប​ទៅ​ឆ្នាំ២០១៩ ក្នុង​រយៈ​ដូច​គ្នា​។ ជា​កំណើន ដ៏​គួរឱ្យ​ព្រួយ​បារម្ភ ដែល​អាចបិទ​បាំង​​ករណី​រាតត្បាត​របស់​កូរ៉ូណាវីរុស ព្រោះ​ជំងឺទាំង​ពីរ​នេះ​​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា។ រហូតមកទល់​នឹងពេល​នេះ​ អាហ្វ្រិក​ត្រូវ​បានគេ​ចាត់ទុក​ជា​ទ្វីប ដែល​រងគ្រោះ​ដោយ​កូវីដ១៩​តិច​តួច​ជាង​គេ​បំផុត ដោយ​រាប់​ឃើញ​មាន​ករណី​វិជ្ជមាន ជិត​២៧០០០​ករណី​ប៉ុណ្ណោះ។ តែ​សម្រាប់អ្នក​ជំនាញ​អាហ្វ្រិកមានហានិភ័យ​ខ្ពស់ ព្រោះ​សេវាសុខាភិបាល​ទន់​ខ្សោយ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ