អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​បារាំង​ជា​ទីជម្រក​សម្រាប់​ជនសង្ស័យ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២៦ឆ្នាំ​មុន ឬ ?

សំឡេង ០៧:២៦
កាប៊ុយហ្គាជាជនជាប់ចោទម្នាក់ក្នុងអំពើប្រល័យពូជសាសន៍លើជនជាតិទូតស៊ីនៅរវ៉ាន់ដាក្នុងចន្លោះខែមេសា និងកក្កដា ឆ្នាំ ១៩៩៤
កាប៊ុយហ្គាជាជនជាប់ចោទម្នាក់ក្នុងអំពើប្រល័យពូជសាសន៍លើជនជាតិទូតស៊ីនៅរវ៉ាន់ដាក្នុងចន្លោះខែមេសា និងកក្កដា ឆ្នាំ ១៩៩៤ AFP - -
៤១ នាទី

កាល​ថ្ងៃ​សៅរ៍ ទី១៦ ឧសភា ប៉ូលិស​បារាំង​បាន​ចាប់​ខ្លួន​ជន​ហ្វេលីសៀន កាប៊ុយហ្គា​នៅ​ក្នុង​ផ្ទះ​កូនប្រុស​របស់​លោក​ស្ថិត​នៅ​សង្កាត់​អ្នកមាន​មួយ​ជាយ​ក្រុង​ប៉ារីស។ ការ​ចាប់​ខ្លួន​លោក​កាប៊ុយហ្គា​បាន​ធ្វើ​ឡើង​តាម​ដីកា​ចាប់ខ្លួន​របស់​​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​​ឆ្នាំ ១៩៩៨។ ជា​ជនជាតិ​រវ៉ាន់ដា និង​មាន​អាយុ ៨៤ឆ្នាំ កាប៊ុហ្គា​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ទូតស៊ី​នៅ​រវ៉ាន់ដា​ក្នុង​ចន្លោះ​ខែ​មេសា និង​កក្កដា ឆ្នាំ ១៩៩៤។ អំពើ​ប្រល័យ​ពូជសាសន៏​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១លាននាក់។ តើ​ជន​កាប៊ុហ្គា​ជា​នរណា ហេតុអ្វី​បាន​ជា​រឿងរ៉ាវ​ប្រល័យ​ពូជសាសន៍​មួយ​នេះ​បន្ត​ឲ្យ​មាន​ភាព​ល្អក់កករ​រវាង​បារាំង និង​រវ៉ាន់ដា និង​ថា តើ​បារាំង​ជា​ទីជម្រក​សម្រាប់​ជនសង្ស័យ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២៦ឆ្នាំ​មុន ឬ ?

ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ឆ្លើយ​សំណួរ​ទាំង​អស់​នេះ យើង​គួរ​បក​ក្រោយ​ទៅ​មើល​ប្រវត្តិ​របស់​ប្រទេស​រវ៉ាន់ដា​ជា​មុន​សិន ពិសេស​ស្ថានការណ៍​នយោបាយ​នៅ​មុន​ផ្ទុះ​ព្រឹត្តិការណ៍​ប្រល័យ​ពូជសាសន៍​ចន្លោះ​ពី​ខែ​មេសា​ដល់​ខែ​កក្កដា ឆ្នាំ ១៩៩៤។ មាន​សហគមន៍​ជាតិពិន្ធុ ៣ខុស​គ្នា​នៅ​រវ៉ាន់ដា គឺ​ហ៊ូទូ ទូតស៊ី និង​ត្វា។ នៅ​មុន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍ អំណាច​ប្រធានាធិបតី​ស្ថិត​ក្នុង​ដៃ​លោក​យូវេណាល់ អាប៊ីយ៉ារីម៉ាណា​ដែល​ជា​ជាតិពិន្ធុ​ហ៊ូទូ។ តែ​នា​ពេល​នោះ លោក​អាប៊ីយ៉ារីម៉ាណា​បាន​ប្រឈម​នឹង​ការ​បះបោរ​របស់​ក្រុមឧទ្ទាម​ជាតិពិន្ធុ​ទូតស៊ី​ដឹកនំា​ដោយ​លោក​ប៉ូល កាហ្គាមេ។ ជម្លោះ​ផ្ទៃក្នុង​រវ៉ាន់ដា​កាល​ណោះ​ត្រូវ​បាន​បារាំង​ក្នុង​ជំនាន់​ប្រធានាធិបតី​ហ្រ្វង់ស័រ មីតេរ៉ង់​បញ្ជូន​ទ័ព​ទៅ​ជួយ​លោក​អាប៊ីយ៉ារីម៉ាណា​ប្រឆំាង​នឹង​លោក​ប៉ូល កាហ្គាមេ។

ក្នុង​ឆ្នំា ១៩៩៣ កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​លោក​អាប៊ីយ៉ារីម៉ាណា និង​លោក​ប៉ូល កាហ្គាមេ​ដោយ​ផ្តោត​សំខាន់​លើ​ការ​ធានា​ពី​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ទូតស៊ី និង​ការ​បែង​ចែក​អំណាច​រវាង​ពួក​ហ៊ូទូ និង​ពួក​ទូតស៊ី។ តែ​ស្ថានការណ៍​បាន​ក្រឡាប់​ចាក់ បន្ទាប់​ពី​លោក​អាប៊ីយ៉ារីម៉ាណា​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​អំពើ​ភេរវកម្ម​វាយប្រហារ​យន្តហោះ​ដែល​លោក​កំពុង​ជិះ។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​ហ៊ូទូ​សងសឹក​សម្លាប់​ពួក​ទូតស៊ី​ដោយ​មិន​រើស​មុខ​ចាប់​ពី​ថ្ងៃទី៧ មេសា ដល់​ខែ​កក្កដា ឆ្នំា ១៩៩៤។ ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​មួយ​នេះ និង​ដោយ​មាន​ភ្លើងខៀវ​ពី​អង្គការ​សហប្រជាជាតិ បារាំង​បាន​បញ្ជូន​ទ័ព​ទៅ​កាន់​រវ៉ាន់ដា​ជា​ថ្មី​ក្នុង​ខែ​មិថុនា ឆ្នំា ១៩៩៤។

ចុះ​ហេតុអ្វី​បាន​ជា​មាន​វត្តមាន​ទាហាន​បារាំង​តាំង​ពី​ខែ​មិថុនា​ បែរ​ជា​អំពើ​ប្រល័យពូជសាសន៍​នៅ​បន្ត​អូសបន្លាយ​រហូត​ដល់​ខែ​កក្កដា និង​ថា អ្វី​ទៅ​ជា​តួនាទី​របស់​ទាហាន​បារាំង​នៅ​មុន ក្នុង​ពេល និង​ក្រោយ​ពេល​អំពើ​ប្រល័យ​ពូជសាសន៍?។ ទីក្រុង​គីហ្គាលី​បាន និង​កំពុង​បន្ត​ចោទ​ទាហាន​បារាំង​ពី​ការ​ជួយ​គាំទ្រ​ពួក​ហ៊ូទូ​ដើម្បី​ប្រឆាំង​ពួក​ទូតស៊ី។ តែ​ទីក្រុង​ប៉ារីស​បាន​ច្រានចោល និង​បាន​ត្រឹម​ទទួល​ស្គាល់​ពី​កំហុសឆ្គង​យុទ្ធសាស្រ្ត​របស់​ខ្លួន​ដោយ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ គេ​ត្រូវ​រង់ចាំ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារំាង​ជំនាន់​លោក​នីកូឡា សាកូហ្ស៊ី​នៅ​រវ៉ាន់ដា​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១០ ទើប​ភាព​តានតឹង​រវាង​ក្រុង​ប៉ារីស និង​ក្រុង​គីហ្គាលី​ហាក់បាន​ធូរស្រាល​បន្តិច។ តែ​ភាព​ធូរស្រាល​នេះ​បាន​តឹងតែង​ជាថ្មី​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ហ្រ្វង់ស័រ ហូឡង់។ នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង អ្វីៗ​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​បន្តិច​មែន តែ​ការ​ពិត​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​បាន​លាតត្រដាង​ឲ្យ​ឃើញ ស ខ្មៅ​នៅ​ឡើយ​ទេ​រវាង​ប៉ារីស និង​គីហ្គាលី។

បន្ទាប់​មក​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩ លោក​ម៉ាក្រុង​បាន​ប្រកាស​បើក​ឯកសារតម្កល់​របស់​បារាំង​ស្តីពី​រវ៉ាន់ដា​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩០ និង​១៩៩៤ ឲ្យ​​គណៈកម្មាធិការ​នៃ​ក្រុមអ្នកប្រវត្តិសាស្រ្ត រួម​ទាំង​​ពង្រឹង​លទ្ធភាព​របស់​តុលាការ​បារាំង​ក្នុង​ការ​បន្ត​ការ​កាត់ទោស​លើ​ជនប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​ជា​យថាហេតុ​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​បារាំង។ តើ​តាម​រយៈ​ឆន្ទៈ​មួយ​នេះ​ឬ​ដែល​នាំ​មាន​ការ​ចាប់​ខ្លួន​ជន​ជាប់ចោទ​ម្នាក់​ឈ្មោះ​ហ្វេលីសៀន កាប៊ុយហ្គា​ដោយ​ប៉ូលិស​បារាំង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ ឧសភា?។ មាន​អាយុ ៨៤ឆ្នាំ កាប៊ុយហ្គា​ជា​ជនជាតិ​រវ៉ាន់ដា​មាន​ជាតិពិន្ធុ​ហ៊ូទូ ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ និង​បាន​ជាប់​ចោទ​ក្នុង​បទ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​កាប៊ុយហ្គា​តាំង​ពី​ឆ្នាំ ១៩៩៨ ហើយ​រដ្ឋបាល​អាមេរិក​បាន​សន្យា​ផ្តល់​លុយ ៥លានដុល្លារ​ចំពោះ​អ្នក​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​ឈាន​ទៅ​ចាប់​ជន​កាប៊ុយហ្គា។ តាម​បទចោទប្រកាន់​របស់​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ ៣សប្តាហ៍​ក្រោយ​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ថ្ងៃទី៦ មេសា កាប៊ុយហ្គា​បាន​បង្កើត​មូលនិធិ​ការពារជាតិ​មួយ​ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​រវ៉ាន់​ស្តីទី​ដឹកនាំ​ដោយ​ក្រុមជ្រុលនិយម​ហ៊ូទូ​ប្រឆាំង​នឹង​ពួក​ខ្មាំងសត្រូវ និង​ពួក​ឃុបឃិត។ ខ្មាំង​សត្រូវ​កាល​ណោះ គឺ​ពួក​ទូតស៊ី​។ កាប៊ុយហ្គា​ជា​អ្នក​ទិញ​គ្រឿង​សព្វាវុធ​បំពាក់​ឲ្យ​កម្លាំង​ហ៊ូទូ​ដើម្បី​សម្លាប់​ពួក​ទូតស៊ី។ ទន្ទឹម​គ្នា​នេះ កាប៊ុយហ្គា​ដែល​ជា​ប្រធាន​វិទ្យុ ទូរទស្សន៍​មួយ​ក្នុង​ស្រុក​ក៏​បាន​ប្រើ​បណ្តាញ​ផ្សព្វផ្សាយ​មួយ​នេះ​ដើម្បី​អំពាវនាវ​ឲ្យមាន​ឃាតកម្ម​​សម្លាប់​ពួក​ទូតស៊ី និង​ពួក​ដែល​ប្រឆាំង​នឹង​ពួក​ហ៊ូទូ។

ខណៈ​ដែល​រវ៉ាន់​កំពុង​ធ្លាក់​ក្នុង​ទង្វើ​ប្រល័យ​ពូជសាសន៍ កាប៊ុយហ្គា​បាន​គេច​ខ្លួន​ទៅ​បរទេស​ជាមួយ​ក្រុម​គ្រួសារ។ បន្ទាប់​ពី​ភៀសខ្លួន​ទៅ​ជួប​ប្រពន្ធ និង​កូនៗ​នៅ​ស្វ៊ីស​ក្នុង​ខែ​កក្កដា ឆ្នាំ ១៩៩៤ កាប៊ុយហ្គា​ក៏​ត្រូវ​បានរដ្ឋអំណាច​​ស្វ៊ីស​បណ្តេញ​ចេញ រួច​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន ពិសេស​កេនយ៉ា​ដែល​កាប៊ុយហ្គា​បាន​ស្នាក់នៅ​យ៉ាង​យូរ និង​ថែម​ទាំង​បាន​បន្ត​មុខ​ជំនួញ​ដោយ​មាន​ការ​ជួយ​ការពារ​ពី​ប្រធានាធិបតី​កេនយ៉ា​ជំនាន់​នោះ គឺ​លោក Danel Arap Moi ទៀត​ផង។ គឺ​ក្នុង​ប្រទេស​កេនយ៉ា​ដដែល​នេះ​​ដែល​កាប៊ុយហ្គា​បាន​រង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​មិន​បាន​សម្រេច​ចំនួន​ពីរ​ដង គឺ​ក្នុង​ឆ្នាំ ១៩៩៧ និង​ឆ្នាំ ២០០៣។ ចំណែក​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ចុង​ក្រោយ​មិន​បាន​សម្រេច​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ឆ្នាំ ២០០៨ ក្នុង​ពេល​ដែល​ជនកាប៊ុយហ្គា​ទៅ​ចូលរួម​បុណ្យសព​ប្រពន្ធ។

ទីបំផុត និង ២៦ឆ្នាំ​ក្រោយ​មក គឺ​ក្នុង​ទឹកដី​បារាំង​​ដែល​កាប៊ុយហ្គា​បាន​លាក់ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ប្រើ​អត្តសញ្ញាណ​ក្លែងក្លាយ។ ពិត​ណាស់ ការ​ចាប់​ខ្លួន​កាប៊ុយហ្គា​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​ពិត​ជា​មិន​អាច​រត់​រួច​ពី​ការ​អូស ​ក ទៅ​កាត់ទោស​បាន​ឡើយ ទោះ​បី​ជា​បទឧក្រិដ្ឋ​របស់​គេ​បាន​កើត​ឡើង​តាំង​ពី ២៦ឆ្នាំ​មុន​ក៏​ដោយ។ ក៏​ប៉ុន្តែ ព័ត៌មាន​មួយ​នេះ​ក៏​អាច​បំផុស​ឲ្យ​មាន​សំណួរ​មួយ​ចំនួន​ចោទ​ឡើងដែរដូចជា​ថា តើ​ទំនាក់ទំនង​រវាង​ក្រុង​បារីស និង​ក្រុង​គីហ្គាលី​ដែល​កំពុង​តានតឹង​ស្រាប់​នឹង​រឹត​តែ​តឹងតែង​មួយ​កម្រិត​ទៀត​ដែរ ឬ​ទេ តើ​បារាំង​មិនមែន​ជា​ទីជម្រក​សម្រាប់​ជន​ជាប់ចោទ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២៦ឆ្នាំ​មុន​ទេ ឬ​យ៉ាង​ណា ឬ​មួយ​ក៏​ថា តើ​បារាំង​មាន​បាតដៃ​ប្រឡាក់​ឈាម​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នោះ ឬ​អត់។

២៦ឆ្នាំ​ក្រោយ​មក អំពើ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​មួយ​នេះ​កំពុង​បន្ត​ចិញ្ចឹមភាព​តានតឹង និង​ធ្វើ​ឲ្យ​បារាំង និង​រវ៉ាន់ដា​ពិបាក​មើល​មុខ​គ្នា​ចំ។ ដរាប​ណា​គ្មាន​ការ​លាតត្រដាន និង​គ្មាន​ការ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ទេ ដរាប​នោះ​គ្មាន​ថ្ងៃ​ដែល​បារំាង និង​រវ៉ាន់ដា​អាច​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​គ្នា​ឡើង​វិញ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ