អានតួអត្ថបទ
អាហ្វ្រិក កូវីដ១៩

អ​.ស.​ប. អបអរទ្វីបអាហ្វ្រិក​ដែល​មិនរងគ្រោះ​ខ្លាំង​ដោយ​កូវីដ១៩ តែអំពាវនាវ​ឲ្យជួយ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច

ជាយក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ថ្ងៃទី១៨ឧសភា២០២០
ជាយក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ថ្ងៃទី១៨ឧសភា២០២០ REUTERS - Baz Ratner
ដោយ៖ ម៉ម ពិសី
4 នាទី

ទ្វីបអាហ្វ្រិកមានអ្នកឆ្លងកូវីដ១៩ ប្រមាណ​ជិត៩ម៉ឺននាក់ ដែលក្នុងនោះមានស្លាប់ ប្រមាណ​២៥០០នាក់។ នេះគឺជាកម្រិតរងគ្រោះតិចបំផុត បើប្រៀបធៀបទៅនឹងទ្វីបដ៏ទៃ។ អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអបអរចំពោះទ្វីបអាហ្វ្រិក ដែលបាន​ចាត់វិធានការដ៏ក្លាហាន និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនូវជំងឺកូវីដ១៩។ តែទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ​ បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវតែ​រួមគ្នា​ជួយទ្វីបអាហ្វ្រិកជាបន្ទាន់ ព្រោះមនុស្សរាប់សិបលាននាក់ អាចធ្លាក់ទៅក្នុងភាពក្រីក្រ​បំផុត ដោយសារតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយ​ជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក។

ផ្សាយពាណិជ្ជកម្ម

លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ ដោយបាន​អបអរសរសើរបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលបានចាត់វិធានការបានរហ័ស ប្រកបដោយភាពក្លាហាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩។ ជាលទ្ធផល គិតមកត្រឹមពេលនេះ ចំនួន​អ្នកឆ្លងនិងអ្នកស្លាប់ ដោយកូវីដ១៩នៅអាហ្រ្វិក គឺមានទំហំតិចជាងអ្វីដែលអ្នកជំនាញ​បានបារម្ភ។

យ៉ាងណាមិញ នៅក្នុងបទស​ម្ភាសន៍ផ្តល់ឲ្យ​វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធទី២០ឧសភានេះ លោក​អង់តូនីញ៉ូ ហ្គូតតេរ៉េស បានលើកឡើងថា ប្រទេសអភិវឌ្ឍន៍ខ្លះ គួរយកគម្រូបទពិសោធន៍របស់ប្រទេសទ្វីបអាហ្វ្រិក ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល។ ប្រឈមនឹងកូវីដ១៩ ប្រទេសអាហ្វ្រិកក្រីក្រមែន តែមានភាពក្លាហាន ហើយចាត់វិធានការបានរហ័ស ជាងប្រទេសអ្នកមានខ្លះ ដែលយឺតយ៉ាវ ហើយភាពយឺតយ៉ាវនេះ បានធ្វើឲ្យ​មានមនុស្សឆ្លង និងស្លាប់កាន់តែច្រើន។

តែទោះជាយ៉ាងនេះក្តី លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវរួមគ្នាជួយទ្វីបអាហ្វ្រិក ព្រោះថាទ្វីបនេះ នឹងក្លាយជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុត ដោយវិបត្តិទាំងឡាយ ដែលរងឥទ្ធិពលពីវិបត្តិជម្ងឺកូវីដ១៩។ មនុស្សរាប់សិបលាននាក់នៅទ្វីបអាហ្វ្រិក អាចធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាងបំផុត ដោយសារវិបត្តិសេដ្ឋកិច្ចសកល។

ភាពក្រីក្រដែលមានស្រាប់ ជង្ងឺឆ្លងផ្សេងៗ គ្រោះទុរភិក្ខខ្វះស្បៀងអាហារ គ្មានសេវាសុខភាព ទាំងអស់នេះ កំពុងតែគម្រាមទ្វីបអាហ្វ្រិកទាំងមូល។ អង្គការសហប្រជាជាតិ បាន​អំពាវនាវ ឲ្យ​គ្រប់គ្នា ត្រូវបន្តការប្រឹងប្រែង ជួយទ្វីបអាហ្វ្រិក ក្នុងវិស័យសុខាភិបាល វិស័យអបរំ ព្រមទាំងការពារសហគ្រាស និងវិស័យការងារនៅអាហ្វ្រិក ធ្វើយ៉ាងណាកុំឲ្យ​ប្រជាជនអាហ្វ្រិកបាត់បង់ចំណូល និងបន្តការពារបណ្តាញផ្គត់ផ្គង់ស្បៀងអាហារ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា ផែនការ ​ព្យួរមិនយកកាប្រាក់ ពីប្រទេសអាហ្វ្រិក ដែលក្រុមប្រទេសG20 បានសម្រេចកាលពីពាក់កណ្តាលខែមេសា គឺវានៅមិនទាន់គ្រប់គ្រាន់ទេ។ លោកបានអំពាវនាវ ថាត្រូវ​តែ លប់ចោលបំណុល ពីប្រទេសអាហ្វ្រិកខ្លះ ព្រមទាំងរៀបចំធ្វើយុទ្ធសាស្ត្ររួម សម្រាប់សេដ្ឋកិច្ចអាហ្វ្រិក ធ្វើយ៉ាងណាកុំឲ្យធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុ និង​ក្ស័យធន់។  លោកអង់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងទៀតថា ទ្វីបអាហ្វ្រិក ត្រូវការជំនួយបន្ទាន់ គិតជាប្រាក់​ប្រមាណ​២០០ពាន់លានដុល្លារបន្ថែមទៀត​ ដើម្បី​អាចមានលទ្ធភាព​ដោះស្រាយវិបត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ