អានតួអត្ថបទ
ជនភៀសខ្លួន-កូវីដ១៩

កូវីដ១៩​៖ មនុស្ស​ជាង​ ៦៦​ម៉ឺន​នាក់​ត្រូវ​រត់​ភៀសខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​ក្នុង​តំបន់​ជាប់​ជម្លោះ​

នេះគ្រាន់តែប្រជាជនមួយចំនួនក្នុងចំណោមប្រជាជន ៤៨២.០០០ នាក់ ដែលបានបង្ខំចិត្តភៀសខ្លួនចេញពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនិងយោធានៅសាធារណរដ្ឋកុងហ្គោ។
នេះគ្រាន់តែប្រជាជនមួយចំនួនក្នុងចំណោមប្រជាជន ៤៨២.០០០ នាក់ ដែលបានបង្ខំចិត្តភៀសខ្លួនចេញពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនិងយោធានៅសាធារណរដ្ឋកុងហ្គោ។ AFP/File
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

រហូត​មក​ទល់​នឹង​ពេលនេះ​ មាន​មនុស្ស​ជាង​ ៦៦​ម៉ឺន​នាក់​ ត្រូវ​បង្ខំចិត្ត​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ជាប់​ជម្លោះ​ប្រដាប់​អាវុធ​ បើ​ទោះបី​ជា​មាន​ការ​អំពាវនាវ​របស់​អ.ស.ប ​ឲ្យ​មាន​បទ​ឈប់​បាញ់​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩​ យ៉ាង​ណាក្តី​។ នេះ​ បើ​តាម​ ការ​ប្រកាស​ឲ្យដឹង​ពីខាង​ក្រុម​ជំនួយ​អន្តរជាតិ​ នៅថ្ងៃ​សុក្រ​ ទី​២២​ ឧសភា​នេះ​។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​ជនភៀស​ខ្លួន​ន័រវែស​ (NRC) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជម្លោះ​ប្រដាប់​អាវុធ​នៅ​ជុំវិញ​ពិភពលោក​នៅតែ​បន្ត​មាន​ បើ​ទោះបី​ជា​ពិភពលោក​កំពុង​ជាប់​គាំង​ដោយសារ​វិបត្តិ​កូវីដ​១៩​ និង​បើ​ទោះបីជា​មាន​ការ​អំពាវនាវ​ពី​អ.ស.ប យ៉ាងណា​ក្តី​។

កាល​ពី​ថ្ងៃ​ទី ២៣​ ខែមីនា​កន្លងទៅ​ អគ្គលេខាធិការ​អ.ស.ប​ លោក អង់តូនីញ៉ូ​ ហ្គូទែរស៍​ (Antonio Guterres) បាន​ចេញ​មុខ​អំពាវនាវ​ សុំឲ្យ​មាន​បទឈប់បាញ់​ជា​សកលដើម្បី​ផ្តោត​លើ​យុទ្ធនាការ​ប្រឆាំង​ទល់នឹង​ការឆ្លងរាតត្បាត​នៃ​ជំងឺ​កូវីដ​។

ក្រុមប្រឹក្សាជនភៀសខ្លួន​ន័រវែស​ បាន​និយាយ​ថា​មាន​មនុស្ស​សរុប​រហូត​ដល់​ទៅ​ជាង​ ៦៦​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ចំនួ​ន ១៩​ ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង​ក្នុងតំបន់​ជម្លោះ​ ទាំងក្នុង​អំឡុងពេល​ដែល​មេរោគ​កូវីដ​នៅតែ​បន្ត​រីករាលដាល​ឥតឈប់​។​ក្នុង​ចំណោម​នោះ​ ជនភៀស​ខ្លួន​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ មាន​ចំនួន​ច្រើន​ជាងគេ​បំផុត​។

"នៅ​អំឡុងពេល​ដែល​អ្នក​ជំនាញ​ខាង​សុខភាព​ ប្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​សំងំ​នៅតែ​ក្នុងផ្ទះ​ ក្រុម​អ្នក​ស្មោគ​សង្គ្រាម​ បែរជា​បាន​បង្ខំឱ្យ​មនុស្ស​រាប់ពាន់នាក់រត់​ចេញ​ពី​ផ្ទះ​ និង​ត្រូវ​ប្រឈម​ជាមួយ​គ្រោះថ្នាក់​ធំ​បំផុត​ទៅវិញ​"។ នេះ​ គឺជា​ការ​លើកឡើង​របស់​អគ្គលេខាធិការ​ NRC លោក​យេន អេហ្គឺឡែន​ (Jan Egeland) ដោយ​បន្ថែម​ថា​ "បញ្ហា​នេះ​ មិនមែន​ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជនភៀស​ខ្លួននោះទេ​ ក៏ប៉ុន្តែ​វា​ក៏បាន​ធ្វើឱ្យ​អន្តរាយ​ផងដែរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុសកូវីដ​"។

ទន្ទឹមគ្នានេះ​ ក្រុមប្រឹក្សា​ជនភៀស​ខ្លួន​ន័រវែស​ បាន​ស្តី​បន្ទោស​ទៀតផង​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​បរាជ័យ​ក្នុងការ​បង្ហាញ​ភាពជា​អ្នក​ដឹកនាំ​ដើម្បី​ជំរុញ​កិច្ចចរចា​សន្តិភាព​ក្នុង​ពិភពលោក​ឲ្យ​លេចចេញ​ជា​រូប​រាង​បាន​។

លោក​យេន​ អេហ្គឺឡែន​ បាន​សង្កត់​ធ្ងន់​ថា​ នៅ​ខណៈពេល​ដែល​មនុស្សជាច្រើន​កំពុង​រត់​ភៀស​ខ្លួន​ និង​ត្រូវ​បាន​សម្លាប់​ សមាជិក​ដ៏​មានឥទ្ធិពល​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប បែរជា​នៅ​ស្ងៀមស្ងាត់​ឈឹង​ និង​ហាក់មិន​ខ្វល់​យកចិត្ត​ទុកដាក់​អ្វី​ទាំងអស់​។

ជាមួយគ្នានេះ​ លោក​អគ្គលេខាធិការ​ក្រុមប្រឹក្សាជនភៀសខ្លួន​ន័រវែស​ បាន​ឆ្លៀត​អំពាវនាវ​សាជា​ថ្មី​ផងដែរ​ ដល់​មេដឹកនាំ​ពិភពលោក​ឲ្យ​រួម​សហការគ្នា​ជំរុញ​ឱ្យ​គ្រប់ភាគី​ជម្លោះ​ទាំងអស់​ដាក់​អាវុធ​ចុះ​ និង​រួបរួម​គ្នា​ការពារ​សហគមន៍​នានា​ពី​ការ​គំរាមកំហែងដ៏​កាចសាហាវ​របស់​កូវីដ​១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ