អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងសម្លាប់បានមេអាល់កៃដានៅអាហ្វ្រិក Aqmi ក្នុងប្រតិបត្តិការ នៅម៉ាលី

សំឡេង ០៦:០៤
រូបថតមេកើយ​អាល់កៃដា​នៅ​អាហ្វ្រិក Droukdel ហៅ Abou Moussa Abdelouadoud
រូបថតមេកើយ​អាល់កៃដា​នៅ​អាហ្វ្រិក Droukdel ហៅ Abou Moussa Abdelouadoud AFP PHOTO/HO
ដោយ៖ អៀង សុខម៉ិញ

រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បារាំង លោកស្រី Florence Parly បាន​ប្រកាស​ជូនដំណឹង​នៅយប់​ថ្ងៃសុក្រ​ទី ៥ មិថុនា ២០២០​ អំពី​ការ​ស្លាប់​របស់​​មេដឹកនាំ​ចលនាអាល់កៃដានៅ​អាហ្វ្រិក ហៅកាត់​ថា អាក់​មី។ Abdelmalek Droukdel និង​សហការ​ជំនិត​ជា​ច្រើន​នាក់ ​បាន​ស្លាប់​ ក្នុង​ប្រតិបត្តិការ​យោធា​បារាំងកាលពី​ថ្ងៃទី ៣ មិថុនា ​ នៅ​ប្រទេស​ម៉ាលី។ ដំណឹងនេះធ្លាក់​មកតែ​ប៉ុន្មាន​ម៉ោង​ក្រោយ ជំនួប​ប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​តាម តាម​​វីដេខុនហ្វេរិន ដើម្បី​សម្តែងការ​គាំទ្រ​សកម្មភាពប្រយុទ្ធ​ប្រឆាំង​នឹងភេរវកម្មនៅ​អាហ្វ្រិក។

ផ្សាយពាណិជ្ជកម្ម

​មេដឹកនាំអាល់កៃដា​នៅម៉ាហ្ក្រេបនេះ​ មិន​ដឹង​ជាត្រូវ​ស្លាប់​ប៉ុន្មាន​ដង​ហើយ​ទេ។ ហើយ​ពេលនេះអ្នកជំនាញ​នៅប្រុង​ប្រយ័ត្ន​នៅ​ឡើយ ដរាបណា​ក្រុមភេរវនិយម​មិន​ប្រកាស​ទទួល​ស្គាល់​ការ​ស្លាប់​នេះ។ ប៉ុន្តែ ​លទ្ធផលនៃ​​ការវិភាគអាដេអិន បាន​​បញ្ជាក់​ថា​អ្នក​ស្លាប់​នោះ​ពិត​ជា ​អាប់ឌែលម៉ាឡេក ឌ្រូកឌែល (Abdelmalek Droukdel) ជា​មេកើយ​ចលនាអាល់កៃដា​នៅម៉ាហ្ក្រេបមែន ទើប​​ប៉ារីស​ហ៊ាន​ធ្វើ​សេចក្តី​ប្រកាស​ជូន​ដំណឹង នៅ​យប់​មិញ ត្រូវ​ជា​ថ្ងៃ​ទី ៥​ មិថុនា។

ដោយ​មាន​ការគាំទ្រពី​ដៃគូ និងផ្តល់ព័ត៌មាន​ចារកិច្ចពី​សហរដ្ឋអាមេរិក ដែលមានដ្រូន​ឈ្លប​ការណ៍​សកម្មខ្លាំងក្នុង​តំបន់ បារាំង​បាន​ដឹកនាំ​ធ្វើ​​ប្រតិបត្តិការកម្ចាត់​មេអាល់កៃដា ​នៅ​ថ្ងៃទី ៣ មិថុនា នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី ត្រង់​តំបន់ព្រំដែន​ចម្ងាយ​ប្រមាណ៨០​គីឡូម៉ែត្រ​ពី​ប្រទេស​អាល់ហ្សេរី ដោយ​ប្រមូលផ្តុំកម្លាំង​ឧទ្ធម្ភាគចក្រ និង​​ទ័ព​កម្មង់ដូរ​ថ្មើរ​ជើង​ ជា​ច្រើន​នាក់។

ជា​សរុបមាន​ស្លាប់​៥​នាក់ ៖ អាប់ឌែលម៉ាឡេក ឌ្រូកឌែល និង​សហការី​ជំនិត​៤​នាក់​ ក្នុង​នោះ​ម្នាក់​មាន​តួនាទី​ជាន់ខ្ពស់​ទទួល​បន្ទុកឃោសនា​មនោគមវិជ្ជា​AQMIអាមីផង។

អាប់ឌែលម៉ាឡេក ឌ្រូកឌែល ជានរណា ?

កើត​នៅ​២០​មេសា​ឆ្នាំ​១៩៧០ នៅ​ភូមិ​មួយ​ចម្ងាយ​៥០​គីឡូម៉ែត្រ​​ពីទីក្រុង​អាល់ហ្សេ ប្រទេសអាល់ហ្សេរី អាប់ឌែលម៉ាឡេក ឌ្រូកឌែល ជា​មេកើយ​អាល់កៃដា​នៅអាហ្វ្រិកដែលមាន​អាយុ​យឺនយូរជាងគេ និង​បានកាន់​តំណែង​ស្ទើរ​គ្រប់​ដំណាក់ ទម្រាំ​ក្លាយ​ជាមេធំ។ នៅ​ឆ្នាំ​១៩៩០ ក្នុង​ពេល​អាល់ហ្សេរី​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល អាប់ឌែលម៉ាឡេក ឌ្រូកឌែល ជា​និស្សិតផ្នែក​​វិស្វករ បាន​ចូល​ខ្លួន​ធ្វើ​ជា​សកម្មជន​នៃ​ចលនា​រណសិរ្សស្វាគមន៍​អ៊ីស្លាម FIS។ ជា​ចលនា​ដែល​ប្រឈម​តតាំង​ដោយ​ផ្ទាល់​ទល់​​នឹងរបប​​កាន់​អំណាច​ផ្ទាល់ បន្ទាប់​ពី​មាន​ការ​លុប​ចោល​លទ្ធផល​បោះឆ្នោត​ឆ្នាំ​១៩៩២ ដែល​ចលនា​ត្រូវ​ឈ្នះ។ នៅ​អាយុ​២៣​ឆ្នាំ អាប់ឌែលម៉ាឡេក ឌ្រូកឌែល ​រត់​ចូល​ព្រៃ​ ទៅ​បម្រើ​​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម GIA និង​បាន​ទទួល​តួនាទី​កាន់​តែ​ធំៗ​ឡើង តែ​ក៏​​ត្រូវ​បាន​តុលាការ​អាល់ហ្សេរី​កាត់​ទោស​ប្រហារជីវិតដោយ​កំ​បាំង​មុខ ចំនួន៥​ដង ពី​បទ​បាន​ទៅ​ប្រយុទ្ធ​នៅ​អាហ្វហ្កានីស្ថាន និង​ធ្វើ​សកម្មភាព​ភេរវកម្មផ្សេងៗ។ នៅ​ឆ្នាំ​២០០៤ អាប់ឌែលម៉ាឡេក ឌ្រូកឌែល បាន​ក្លាយ​ជា​មេបញ្ជាការ​ និង​ប្រកាសភ្ជាប់ខ្លួនទៅ​នឹង​បណ្តាញ​ភេរវនិយមអន្តរជាតិ​អាល់កៃដា ហើយ​ចាប់​ផ្តើម​បញ្ចេញ​សកម្មភាព និងសាបព្រោះ​​មនោគមវិជ្ជា​អាល់កៃដា នៅ​​​អាល់ហ្សេរី ​ប្រទេសម៉ូរីតានី តំបន់​សាហ៊ែល តំបន់វាលខ្សាច់​សាហារ៉ា និង ទៅ​ដល់​ប្រទេសម៉ាលី។

មិន​ដឹង​ដោយ​ហេតុ​យុទ្ធសាស្ត្រឬអ្វី ក្រុមអាល់កៃដា​ម៉ាហ្ក្រេប​ដឹកនាំដោយ​ឌ្រូកឌែល ដែល​មានកំណើតនៅ​អាល់ហ្សេរី បាន​ប្តូរ​ទី​បញ្ជាការដ្ឋាន​ទៅភាគ​ខាង​ជើង​​ម៉ាលី ទឹក​ដី​ដែល​ អាប់ឌែលម៉ាឡេក ឌ្រូកឌែល មិន​ទាន់​សូវ​ស្គាល់ច្បាស់ ទើប​ក្រុម​ប្រតិបត្តិការ​ពិសេសបារាំង​​អាច​កម្ចាត់​បាន។

ឥទ្ធិពល​នៃការស្លាប់របស់អាប់ឌែលម៉ាឡេក ឌ្រូកឌែល

បារាំង​កម្ចាត់​បាន​មេកើយ​ចលនា​ភេរវនិយមក្នុង​​តំបន់ច្រើន​រូបមកហើយ តែ​មិន​អាច​កាច់បំបាក់​​យន្តការ​និងដំណើរការ​ជ្រើសរើស​សមាជិក​ភេរវជន​ថ្មី​ទេ។ យ៉ាងណាមិញ ការ​ស្លាប់​របស់ អាប់ឌែលម៉ាឡេក ឌ្រូកឌែល មិនមែន​មានន័យ​ថា​ចលនា​អាល់កៃដា​ម៉ាហ្ក្រេប អាក់មី រលត់រលាយ​ឡើយ។

ប៉ុន្តែ​ការស្លាប់​នេះ ជាជោគជ័យ​ប្រកបដោយ​និម្មិត្តរូបខ្លាំង ព្រោះ អាប់ឌែលម៉ាឡេក ឌ្រូកឌែល ជា​មេកើយអាក់មី ​ដែល​មានបទពិសោធន៍​និង​ដឹកនាំយូរ​អង្វែង​ជាងគេ នៅ​អាល់ហ្សេរី នៅ​ម៉ូរីតានី និងនៅ​ម៉ាលី។ ម្យ៉ាង​វិញ​ទៀត អាប់ឌែលម៉ាឡេក ឌ្រូកឌែល​​ មានឥទ្ធិពល​ខ្លាំង​ផ្នែកផ្សព្វផ្សាយ​មនោគមវិជ្ជាអាល់កៃដា និង​ជា​គំរូ គ្រប់គ្រង​​ចលនាជីហាតជា​ច្រើនផ្សេង​ ​ក្នុង​តំបន់សាហ៊ែល។ ​ការ​ស្លាប់​នេះ អាច​នឹង​ធ្វើ​ឱ្យ​បណ្តាញ​​ជីហាត​តំបន់ សាហ៊ែល លែង​មាន​លំនឹង ដោយ​អាប់ឌែលម៉ាឡេក ឌ្រូកឌែល ​អាច​ជាជនអាល់ហ្សេរី​ចុង​ក្រោយដែល​​​ជា​អ្នក​ដឹកនាំ​ចលនាភេរវនិយម​នៅ​តំបន់សាហ៊ែល។

យ៉ាងណា​ក៏​ដោយ ក៏​គេ​អាចអបអរនឹង​ជោគជ័យ​នេះ​ ប៉ុន្តែ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ចលនាភេរវនិយមនៅ​បន្ត​ខ្លាំងក្លា​ដដែល ជាពិសេស​ប្រឆាំង​នឹង​​ចលនា​ភេរវនិយម​ស្និទ្ធ​នឹង​​​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​កំពុង​សកម្ម​ខ្លាំង​នៅ​តំបន់​សាហ៊ែល​ត្រង់​ប្រជុំ​ព្រំដែន​បី​ប្រទេស និង​ដែល​ជា​គូ​ប្រជែងភេរវនិយម​​របស់​ក្រុម​AQMI។ កាលពី​ថ្ងៃទី ១៩ ឧសភា ក្រុម​ប្រតិបត្តិការ​បាកានបារាំង​ចាប់​បាន​ អ្នក​ទទួល​ខុស​ត្រូវដ៏​សំខាន់​ម្នាក់​​ខាង​រើសជន​​ជីហាត​ថ្មី​​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅអាហ្វ្រិក​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ