អានតួអត្ថបទ
លីប៊ី-បទឈប់បាញ់

បុរស​ខ្លាំង​លីប៊ី​លោក​ ហាហ្វតារ គាំទ្រ​បទ​ឈប់​បាញ់​ដែល​មាន​សុពលភាព​ពី​ថ្ងៃ​ទី​៨ មិថុនា​

ក្រុមអ្នកតវ៉ាប្រឆាំងនឹងលោកឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វតារ ប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីអំពីលីប៊ី នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៩ ខែមករាឆ្នាំ ២០២០។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងលោកឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វតារ ប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីអំពីលីប៊ី នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៩ ខែមករាឆ្នាំ ២០២០។ REUTERS - Christian Mang
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

បុរស​ខ្លាំង​លីប៊ី​លោក​ឧត្តមសេនីយ៍​ខាលីហ្វា​ ហាហ្វតារ​ (Khalifa Haftar) បាន​សម្រេច​គាំទ្រ​បទ​ឈប់​បាញ់​មួយ​នៅ​លីប៊ី​ ដែល​នឹង​ចាប់​មាន​ពលភាព​ពី​ថ្ងៃ​ចន្ទ​ ទី​៨​ មិថុនា​ត​ទៅ​។ នេះ ​បើ​តាម​ការ​ប្រកាស​ឲ្យដឹង​ពី​ប្រធានាធិបតី​អេហ្ស៊ីប​លោក ​អាប់ឌែល​ ហ្វាតា​ អាល់​ស៊ីស៊ី​ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​ឧត្តមសេនីយ៍​ហាហ្វតារ​ ក្នុង​ទីក្រុង​គែរ​​រួច​មក​។

ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​គាំទ្រ​បទឈប់បាញ់​របស់​លោក​សេនា​ប្រមុខ​ខាលីហ្វា​ ហាហ្វតារ​ នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្លាំងទ័ព​របស់​លោក​ ត្រូវ​ធ្លាក់ខ្លួន​ចាញ់​ជា​បន្ត​បន្ទាប់​ក្នុងសមរភូមិក្រោយ​ដៃ​កង​ទ័ព​របស់រដ្ឋាភិបាល​សហភាព​ជាតិ​ក្រុង​ទ្រីប៉ូលី ដែលទទួលស្គាល់​ដោយ​អ.ស.ប។

នៅក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​ នា​ថ្ងៃ​សៅរ៍​ ទី៦​ មិថុនា​ អម​ដោយ​វត្តមាន​របស់​បុរស​ខ្លាំង​លីប៊ី ​ហាហ្វតារ​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​​ អាល់​ស៊ីស៊ី​ បាន​និយាយ​ថា​ “គំនិត​ផ្តួច​ផ្តើម​នេះ ​អំពាវនាវ​ឲ្យ​គោរព​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​គំនិត​ផ្តួចផ្តើម​អន្តរជាតិ​ ដោយ​ប្រកាស​បទ​ឈប់​បាញ់​ពី​ម៉ោង​៦ ព្រឹក​ ថ្ងៃចន្ទ​ ទី​៨ មិថុនា​ ឆ្នាំ​២០២០​ត​ទៅ​។

លោក​ អាល់​ស៊ីស៊ី​ បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​ គំនិត​ផ្តួចផ្តើម​ខាងលើ​នេះ​ អាច​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​ សម្រាប់​ការ​បង្កើត​ក្រុម​ប្រឹក្សា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៅ​ក្នុង​ប្រទេស​លីប៊ី​ផងដែរ​។ មាន​ន័យ​ថា​ ចំណាត់ការ​នេះ​សមស្រប​ទៅតាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ស្វែង​រក​ការ​រៀបចំ​បោះឆ្នោត​មួយ​នៅ​លីប៊ី​ដើម្បី​ឈាន​ទៅដល់​ការបិទ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​នេះ​។

ទន្ទឹមគ្នានេះ​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ក៏​បាន​ជំរុញ​ផងដែរ​ ឲ្យ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ចំពោះ​គំនិត​ផ្តួចផ្តើម​ដែល​លោក​ហៅថា​ "សេចក្តី​ប្រកាស​ក្រុង​គែរ​" ជំរុញ​ឲ្យ​ដក​ទាហាន​ស៊ីឈ្នួល​បរទេស​ទាំងអស់​ចេញពី​ទឹកដី​លីប៊ី​។ ក្រៅពីនេះ​លោក ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​អង្គការ​សហប្រជាជាតិ​ អញ្ជើញ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​ មក​ចូលតុ​ពិភាក្សា​​ជាមួយ​លោក​ឧត្តម​សេនីយ៍​ខាលីហ្វា​ ហាហ្វតារ​។

គួរ​គូស​បញ្ជាក់​ជូនថា​ ប្រទេស​លីប៊ី​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូកច្របល់​តាំង​ពី​ឆ្នាំ​ ២០១១​ ក្រោយ​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី​ធ្លាក់ចេញ​ពី​អំណាច​។ តាំង​ពី​ឆ្នាំ​២០១៤​ មក​ លីប៊ី​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង មាន​រដ្ឋាភិបាល​សហភាពជាតិ​របស់​លោក​ហ្វៃយែហ្ស អាល់សារ៉ាហ្ស​ គ្រប់គ្រង​ទីក្រុង​ទ្រីប៉ូលី និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ ​នៅ​ម្ខាង​ទៀត លោក​សេនាប្រមុខ​ហាហ្វតារ ​គ្រប់គ្រង​តំបន់​ប៉ែកខាង​កើត​។

កាលពី​ឆ្នាំ​ទៅមិញ​ កម្លាំងទ័ព​របស់​បុរស​ខ្លាំង​ហាហ្វតារ​ បាន​សង្គ្រប់​ប្រយុទ្ធ​យ៉ាងខ្លាំង​ ដើម្បី​អាច​ដណ្តើម​យក​ទីក្រុងទ្រីប៉ូលី​មក​កាន់កាប់​។ ក៏ប៉ុន្តែ​ កងកម្លាំង​របស់​លោកសេនា​ប្រមុខ​ហាហ្វតារ​ បាន​ជួប​បរាជ័យ​ជាបន្តបន្ទាប់​ ក្រោម​ស្នាដៃ​នៃ​កងកម្លាំង​ទ័ព​របស់​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​ ដែល​គាំទ្រ​ដោយ​តួកគី​។ ចំណែក​ លោកឧត្តមសេនីយ៍​ ខាលីហ្វា​ ហាហ្វតារ​ ទទួលបាន​ការ​គាំទ្រ​ពី​អេហ្ស៊ីប​ អារ៉ាប់រួម​ និង​ប្រទេស​រុស្ស៊ី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ