អានតួអត្ថបទ
លីប៊ី

អង្គការ​សហប្រជាជាតិ​តក់ស្លុត ក្រោយ​​រកឃើញ​វាលកប់​សពមនុស្ស​ជាច្រើន​កន្លែង ​នៅលីប៊ី

កងកម្លាំងរដ្ឋាភិបាលលីប៊ី ក្រុងទ្រីប៉ូលី ចង្អុរបង្ហាញសំលៀកបំពាក់សាកសពមនុស្ស​ នៅរាយប៉ាយ កប់ក្នុងរណ្តៅ នៅតំបន់ Tarhouna ថ្ងៃទី​១១ មិថុនា ២០២០
កងកម្លាំងរដ្ឋាភិបាលលីប៊ី ក្រុងទ្រីប៉ូលី ចង្អុរបង្ហាញសំលៀកបំពាក់សាកសពមនុស្ស​ នៅរាយប៉ាយ កប់ក្នុងរណ្តៅ នៅតំបន់ Tarhouna ថ្ងៃទី​១១ មិថុនា ២០២០ REUTERS - ISMAIL ZITOUNY
ដោយ៖ ម៉ម ពិសី
1 នាទី

សាកសពមនុស្សជាច្រើន ត្រូវបគេប្រទះឃើញនៅតាមទីវាលជាច្រើនកន្លែង នៅប្រទេសលីប៊ី ភាគអាគ្នេយ៍ទីក្រុងទ្រីប៉ូលី។ តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុក​វិបត្តិលីប៊ី បាន​សម្តែងការតក់ស្លុតយ៉ាងខ្លាំង និងបានអំពាវនាវឲ្យ​មានការស៊ើបអង្កេតដោយឯករាជ្យ ស្តីអំពីលក្ខខណ្ឌ នៃការស្លាប់របស់មនុស្សទាំងនោះ។ សូមបញ្ជាក់ថា តំបន់ដែលគេប្រទះឃើញ​វាលកប់សាកសពមនុស្សនេះ គឺធ្លាប់ស្ថិតក្នុងការគ្រប់គ្រង របស់ក្រុម​យោធា​លោកមេបញ្ជាការ ហាហ្វតា ដែលបានធ្វើសង្រ្គាម​ដណ្តើមអំណាច ជាមួយក្រុមរដ្ឋាភិបាលទីក្រុង​ទី្រប៉ូលី។ តំបន់នេះទើបតែបានធ្លាក់ទៅក្នុងដៃ ទាហានរដ្ឋាភិបាលទ្រីប៉ូលី កាលពីសប្តាហ៍កន្លងទៅ។

ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ គេបានប្រទះឃើញទីវាលកប់សាកសពយ៉ាង​រាយប៉ាយថ្មីៗ ចំនួន​៨ទីតាំង ដែលភាគច្រើន គឺស្ថិតនៅតំបន់ Tarhouna ភាគអាគ្នេយ៍ក្រុងទ្រីប៉ូលី ចំងាយប៉ុន្មាន​៦៥គីឡូម៉ែត្រ។ តំណាងបេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការលីប៊ី បានអំពាវនាវ ឲ្យ​ការស៊ើបអង្កេត ឯករាជ្យតម្លាភាព​ទាក់ទិននឹងករណីស្លាប់មនុស្ស​ទាំងនេះ។

នៅថ្ងៃព្រហស្បតិ៍ទី១១មិថុនា ក្រសួង​យុត្តិធម៌របស់រដ្ឋភិបាល​ក្រុងទ្រីប៉ូលី បានបង្កើតគណកម្មការពិសេសមួយ ដើម្បីរៀបចំ រក្សាសន្តិសុខ ការពារនៅតំបន់ទីវាលកប់សាកសព ស្រាវជ្រាវកំណត់អត្តសញ្ញាណសាកសព ស្វែងយល់មូលហេតុនៃការស្លាប់ និងបន្ទាប់មកគឺ​ប្រគល់​សាកសព​ ទៅឲ្យក្រុមគ្រួសារ។ លោក Fatih Bachagha រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់រដ្ឋាភិបាលលីប៊ី ក្រុងទ្រីប៉ូលី បានអំពាវនាវផងដែរ ថាភាពចាំបាច់នាពេលនេះ គឺការស្តារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅតំបន់ Tarhouna ដើម្បីសម្រួលឲ្យក្រុមការងារ អាចធ្វើការទៅដោយរលូន ឯករាជ្យ និងតម្លាភាព។

ដោយឡែក បើផ្អែកតាមលោកនាយកមន្ទីរពេទ្យមួយនៅ តំបន់Tarhouna បានឲ្យដឹងថា នៅកន្លែង​រក្សាសពនៃមន្ទីរពេទ្យ គេបានប្រទះសាកសពមនុស្ស​ចំនួន​១៦០នាក់ ផ្សេងទៀត។ ប្រភពដដែលអះអាងថា សាកសពទាំងនោះ ត្រូវបានក្រុមការងារ របស់អង្គការអឌ្ឍចន្ទក្រហមលីប៊ី បញ្ជូនយកទៅទីក្រុងទ្រីប៉ូលី និងក្រុងមីស្រាតា។

សូមបញ្ជាក់ថា តំបន់Tarhouna ធ្លាប់ស្ថិតនៅក្នុងដៃរបស់​ក្រុម​កងទ័ពលីប៊ីភាគខាងកើត ដែលដឹកនាំដោយលោកមេបញ្ជាការ Khalifa Haftar។ ប៉ុន្តែនៅថ្ងៃទី៥ មិថុនា កងទ័ពលីប៊ី របស់រដ្ឋាភិបាលក្រុងទ្រីប៉ូលី បាន​វាយដណ្តើមបានតំបន់នេះមកវិញ។ ក្រោយការដណ្តើមបានតំបន់នេះមកវិញ រដ្ឋាភិបាល​បង្រួបបង្រួមជាតិក្រុងទី្រប៉ូលី ដែលត្រូវបាន​សហគមអន្តរជាតិទទួលស្គាល់នោះ បានអំពាវនាវឲ្យ​កងកម្លាំងខ្លួន ត្រូវការពារអាយុជីវិតរបស់ប្រជាជនតំបន់នោះ ហើយត្រូវបញ្ចៀសឲ្យ​បាននូវ​ការសងសិក ប្រមូលទ្រព្យសម្បត្តិជ័យភណ្ឌ ធ្វើបាបប្រជាពលរដ្ឋ។

គួរកត់សំគាល់ដែរថា កងទ័ពរដ្ឋាភិបាលទ្រីប៉ូលី បានសម្រុកវាយដណ្តើមយកតំបន់ភាគខាងកើត ដែលជាតំបន់សំបូរអណ្តូងប្រេង។ តែយ៉ាងណា កាលពីថ្ងៃទី​១១មិថុនា សហរដ្ឋអាមេរិក បានចូលរួមជាមួួយអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឲ្យ​មានការទំលាក់អាវុធ ហើយស្វែងរកការចរចា។ តួគី ដែលបានបញ្ជូនទ័ពទៅជួយខាងក្រុមរដ្ឋាភិបាលក្រុងទ្រីប៉ូលី បានប្រកាសថាខ្លួន គាំទ្រឲ្យមានការទំលាក់អាវុធ ទៅតាមលក្ខខណ្ឌ​ស្នើរ​ដោយ​​អង្គការសហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ