អានតួអត្ថបទ
លីប៊ី

លីប៊ី៖ រដ្ឋាភិបាលក្រុងទ្រីប៉ូលី បដិសេធ​មិន​ចូលរួម​ការប្រជុំ​រកផ្លូវ​ចរចា ​ដឹកនាំ​ដោយ​សម្ព័ន្ធ​អារ៉ាប់

លោក Fayez al-Serraj ប្រមុខរដ្ឋាភិបាលលីប៊ី ក្រុងទ្រីប៉ូលី ក្នុងពេល​ប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសតួកគី ដែលជាសម្ព័ន្ធមិត្ត ។ ក្រុងទ្រីប៉ូលី ថ្ងៃទី​១៧ មិថុនា ២០២០
លោក Fayez al-Serraj ប្រមុខរដ្ឋាភិបាលលីប៊ី ក្រុងទ្រីប៉ូលី ក្នុងពេល​ប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសតួកគី ដែលជាសម្ព័ន្ធមិត្ត ។ ក្រុងទ្រីប៉ូលី ថ្ងៃទី​១៧ មិថុនា ២០២០ VIA REUTERS - The Media Office of the Prime Mi
ដោយ៖ ម៉ម ពិសី
1 នាទី

វិបត្តិនៅលីប៊ី ភាគីម្ខាងៗ កំពុងតែស្វែងរកច្រកផ្លូវចរចា ឈានទៅទំលាក់អាវុធ តែយ៉ាងណាម្នាក់ៗសុទ្ធតែមានលក្ខខណ្ឌអាទិភាពរៀងៗខ្លួន។ យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ទី២០មិថុនា​ ក្រុមរដ្ឋាភិបាលក្រុងទ្រីប៉ូលី (GNA) ដែលគ្រប់គ្រងភាគខាងលិច បានបដិសេធមិនចូលរួមការប្រជុំតាមប្រព័ន្ធវីស្យូខុនហ្វឺរិន ក្នុងក្របខណ្ឌប្រទេសសម្ព័ន្ធអារ៉ាប់ទេ។ តួកគី ដែលគាំទ្ររដ្ឋាភិបាល ក្រុងទ្រីប៉ូលី បានអះអាងថា នឹងចរចាទំលាក់អាវុធល្គឹកណា ក្រុមកម្លាំងភាគខាងកើត ដឹកនាំដោយលោកមេបញ្ជាការហាហ្វតា ព្រមដកថយ ទៅកាន់ចំណុចឈរជើង កាលពីឆ្នាំ២០១៥។ 

ផ្សាយពាណិជ្ជកម្ម

ដោយមានសំណើរពីអេហ្ស៊ីប សម្ព័ន្ធអារ៉ាប់បានកោះប្រជុំបន្ទាន់មួយ រវាងរដ្ឋមន្ត្រីការបរទេស ដើម្បីស្វែងរកដំណោះស្រាយក្នុងសង្រ្គាមដណ្តើមអំណាចនៅលីប៊ី។ តែការកោះប្រជុំនេះ ត្រូវបាន​រដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលលីប៊ីក្រុងទ្រីប៉ូលី បដិសេធតាមទំព័រហ្វេសប៊ុក ដោយលើកហេតុផលថា ភាគីខ្លួន មិនត្រូវបាន​គេពិគ្រោះយោបល់ជាមុនទេ ហើយមួយវិញទៀត សំណុំរឿងនេះ មានភាពស្មុគស្មាញខ្លាំងណាស់ ដែលត្រូវជជែកគ្នាដោយផ្ទាល់ មិនអាចមកប្រជុំលេងៗ តាមប្រព័ន្ធវីស្យូខុនហ្វឺរិន បានទេ។

តំណាងរដ្ឋាភិបាល​ក្រុងទ្រីប៉ូលី បានលើកឡើងថា តាមការពិត កិច្ចប្រជុំដែលអេស្ស៊ីបជាអ្នកស្នើនេះ គឺគ្រាន់តែជាចេតនា ទុលពេលឲ្យ​ក្រុមរបស់មេបញ្ជាការ ហាហ្វតា ដែលគ្រប់គ្រងភាគខាងកើត អាចសម្រាក និង​ប្រមូលកម្លាំងមកវិញតែប៉ុណ្ណោះ ព្រោះប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមនេះ បានចាញ់ និងដកថយជាច្រើនសមរភូមិ។

គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដោយមានជំនួយពី​កងទ័ព​តួកគី បានសម្រុកវាយដណ្តើមបានជាបន្តបន្ទាប់ ​នូវដែនដីមួយផ្នែកមកវិញ នៅ​ភាគពាយ័ព្យ។ ជាមួយនឹងជ័យជំនះនេះ ក្រុមរដ្ឋាភិបាលបង្រួមបង្រួមជាតិក្រុងទ្រីប៉ូលី ដែលសហគមអន្តរជាតិទទួលស្គាល់នេះ បាន​ដំឡើងសំឡេងដាក់លក្ខខណ្ឌជាច្រើន ដើម្បីចរចាទំលាក់អាវុធ។

នៅថ្ងៃសៅរ៍ទី២០មិថុនា រដ្ឋមន្ត្រីការបរទេសតួកគី បាន​លើកឡើងថា តួកគីនិង​ក្រុមរដ្ឋាភិបាល​ទីក្រុងទ្រីប៉ូលីព្រមចរចា ល្គឹកណាក្រុមលោកមេបញ្ជាការហាហ្វតា ដែលមានអេហ្ស៊ីប រុស្ស៊ី និង​អេមៀរ៉ាត់អារ៉ាប់រួមនៅពីក្រោយនោះ ព្រមដកថាចេញពីទីក្រុង Sytre និងក្រុង al-Joufra។ លក្ខខណ្ឌរបស់តួកគី គឺភាគីទាំងអស់ ត្រូវដកថយទៅ​កាន់ចំណុចកាន់កាប់ នៅឆ្នាំ២០១៥ ក្នុងពេលចុះកិច្ចព្រមព្រៀងនៅ​ម៉ារ៉ុក។ រដ្ឋមន្ត្រីការបរទេសតួកគី បានឆ្លៀតនិយាយថា តួកគីនៅខាងរដ្ឋាភិបាលស្របច្បាប់ មិនដូចប្រទេសខ្លះ មានបារាំង អេហ្ស៊ីប និងអេមៀរ៉ាត់អារ៉ាបរួម ដែល​គាំទ្រក្រុមលោកបញ្ជាការហាហ្វតា ដែលគ្រាន់តែជាក្រុមស៊ីឈ្នួលធ្វើសង្រ្គាមតែប៉ុណ្ណោះ។

ដោយឡែក នៅថ្ងៃសៅរ៍ទី២០មិថុនា លោក​ Fayez al-Sarraj ប្រមុខរដ្ឋាភិបាល​​ក្រុងទ្រីប៉ូលី បានទៅទីក្រុងអាលហ្សេ ជួបជាមួយប្រធានាធិតបីអាល់ហ្សេរី និយាយគ្នាអំពីការរៀបចំឲ្យ​អាល់ហ្សេរី​ ធ្វើជាអាជ្ញាកណ្តាល ដើម្បីចរចាសន្តិភាពរវាគូបដិបក្សលីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ