ដំរីអាហ្រ្វិកជិត៣០០ក្បាលស្លាប់ដោយអាថ៌កំបាំង
ចុះផ្សាយនៅថ្ងៃ៖
យ៉ាងតិច ដំរី ២៧៥ក្បាល ត្រូវបានគេរកឃើញស្លាប់ក្នុងលក្ខខណ្ឌដ៏អាថ៌កំបាំង នៅប្រទេសបុតស្វាណា ក្នុងទ្វីបអាហ្រ្វិក។ បុតស្វាណា ដែលមានព្រំដែនជាប់ប្រទេសអាហ្វ្រិកខាងត្បូង មានដំរី ព្រៃ ប្រមាណ ១៣០ ០០០ក្បាល ដែលស្មើនឹងមួយភាគ បី នៃដំរីព្រៃសរុប នៅទឹកដីអាហ្វ្រិក។ ប៉ុន្តែ ថ្មីៗ អាជ្ញាធរសត្វព្រៃ បានរកឃើញ សាកសពសត្វដំរី ដែលដេកដួលស្លាប់ នៅតាមដងទន្លេ Okavango ភាគខាងជើង ប្រទេសបុតស្វាណា។
ឧទ្យានជាតិទន្លេOkanvango នៅប្រទេសបុតស្វាណា បានទទួលសេចក្តីរាយការណ៍ដែលថា មានដំរី ជាង ៣៥០ក្បាល ស្លាប់ដោយមិនដឹងមូលហេតុ នៅតាមដងទន្លេ Okanvango។ នៅថ្ងៃព្រហស្បតិ៍ ប្រធានឧទ្យានជាតិ បុតស្វាណា លោក បានបញ្ជាក់ ចំនួនសត្វដំរី ២៧៥ក្បាលស្លាប់នៅក្នុងតំបន់ឧទ្យាន Okanvango។
តាមប្រធានឧទ្យានជាតិដដែល គេកំពុងរកមូលហេតុដែលធ្វើឲ្យសត្វដំរី ស្លាប់ក្នុងចំនួនដ៏ច្រើនក្បាលបែបនេះ។ ប្រធានឧទ្យាន បានផាត់ចោល សម្មតិកម្មដែលថា សត្វដំរី ស្លាប់ដោយសារជំងឺ Anthrax ដែលអាចឆ្លងតាមទឹក និងដី។ តាមប្រធានឧទ្យាន សត្វដំរីដែលស្លាប់ជាបន្តបន្ទាប់ តាំងពីខែមិថុនា ក៏មិនមែនស្លាប់ដោយសារព្រានលួចប្រមាញ់ដែរ ព្រោះរាល់សាកសពសត្វដំរីព្រៃ សុទ្ធតែមានភ្លុក នៅជាប់ជាមួយ។
សំណាករបស់សាកសពសត្វដំរី ត្រូវផ្ញើរួចហើយទៅប្រទេសអាហ្វ្រិកខាងត្បូង ស៊ីមបាវ៉េ និងកាណាដា ដើម្បីធ្វើការវិភាគរកមើលមូលហេតុពិតប្រាកដ ដែលធ្វើឲ្យសត្វដំរីព្រៃ នៅបុតស្វាណា ដេកដួលស្លាប់យ៉ាងដូច្នេះ។
សាស្រ្តាចារ្យ McCann ដែលបម្រើការនៅមូលនិធិសង្រ្គោះឧទ្យានជាតិ បានឲ្យដឹងថា សម្រាប់ដំរីដែលនៅរស់ គេសង្កេតឃើញវា ដើរវិលចុះ វិលឡើង មិនព្រមដើរទៅមុខ ហាក់ដូចជាប្រព័ន្ធប្រសាទរបស់វា ត្រូវប៉ះពាល់ដោយជំងឺអ្វីមួយ។
នៅពេលដែលទឹក និងដី គ្មានជាតិពុល ដែលអាចសម្លាប់សត្វដំរី សាស្រ្តាចារ្យ McCann បានដាក់ការសង្ស័យលើជំងឺកូវីដ ១៩ ដែលលោកជឿថា កំពុងចាប់ផ្តើមឆ្លងទៅសត្វ។
ស្ថិតនៅកណ្តាល ឡោមព័ទ្ធដោយហ្សំប៊ី ណាមីប៊ី អាហ្វ្រិកខាងត្បូង ប្រទេសបុតស្វាណា ជាជំរកសត្វដំរី ព្រៃ ជាង ១៣០ ០០០ក្បាល។ ដំរីភាគច្រើនរស់នៅមានសេរីភាព ក្នុងឧទ្យាន តាមដងទន្លេ Okavango ដែលជាកន្លែងដ៏ទាក់ទាញសម្រាប់អ្នកទេសចរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ