អានតួអត្ថបទ
ស៊ីមបាវ៉េ

ប្រជាពលរដ្ឋស៊ីមបាវ៉េ ​៦០% ត្រូវ​ការ​ជំនួយ​ស្បៀងអាហារ នៅ​ឆ្នាំ​២០២០

ប្រជាពលរដ្ឋហ្ស៊ីមបាវ៉េ ៦០% ត្រូវការជំនួយស្បៀងអាហារ នៅឆ្នាំ២០២០
ប្រជាពលរដ្ឋហ្ស៊ីមបាវ៉េ ៦០% ត្រូវការជំនួយស្បៀងអាហារ នៅឆ្នាំ២០២០ AP - Tsvangirayi Mukwazhi
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ប្រជាពលរដ្ឋ​ រស់​នៅ​ក្នុង​ប្រទេស ស៊ីមបាវ៉េ ចំនួន​ប្រមាណ​៦០% ត្រូវធ្លាក់​ក្នុង​​ស្ថានភាព​អ​សន្តិសុខ​ចំណីអាហារ ពី​ពេលនេះ​ដល់​ដំណាច់​ឆ្នាំ​២០២០។ ពោល​គឺដោយហេតុ​តែ​វិបត្តិ​​​អាកាសធាតុរាំងស្ងួត​ផង វិបត្តិសេដ្ឋកិច្ច​ដើរថយ​ក្រោយផង បូក​នឹង​វិបត្តិ​កូវីដ១៩​មួយ ​ពលរដ្ឋ​ស៊ីមបាវ៉េ ជាង​៨លាន​៦​នាក់ ត្រូវ​ការ​ជំនួយ​ជា​​ស្បៀងអាហារ។ នេះ​បើ​តាម​ការ​ព្រមាន​របស់​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (PAM)។

ផ្សាយពាណិជ្ជកម្ម

ពីពេល​នេះ​ដល់​ចុង​ឆ្នាំ​២០២០ ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះ​គ្មាន​ស្បៀង​អាហារ​​គ្រប់គ្រាន់​ នឹង​កើន​ឡើង​ដល់​៨លាន​៦​សែន​នាក់ នៅប្រទេស​ស៊ីមបាវ៉េឬ​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​ប្រទេស​ (៦០%)។ នេះ​បើ​តាម​ការព្យាករណ៍​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ៣០​កក្កដា ២០២០ ជាមួយ​នឹង​ការ​អំពាវនាវ​​ស្វែក​រក​មូលនិធិ​ ចំនួន ២៥០​លាន​ដុល្លារ​ បន្ថែម​សម្រាប់​យក​ទៅ​ជួយ​ជន​រងគ្រោះ​ទាំង​នោះ។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បានលម្អិត​ទៀត​ថា ​វិធានការ​បិទ​ខ្ទប់​ប្រទេស​ដើម្បី​ទប់​ស្កាត់​ការ​រីករាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​រុញ​ច្រាន​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ និង​ទី​ប្រជុំជន​ ជា​ច្រើន​នាក់​ឱ្យ​ធ្លាក់​ក្នុង​ភាព​អត់​ការងារ​ធ្វើ។ ឯ​ចំណែក​ពលរដ្ឋ​រស់​នៅ​តាម​ទី​ជនបទត្រូវ​​ធ្លាក់​ក្នុង​គ្រោះ​​ទុរ្ភិក្ស​ កាន់​ច្រើន​ ដោយ​ហេតុ​តែ​អ្នក​ធ្វើ​ចំណាក​ស្រុក​​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​ត្រូវ​បង្ខំ​ចិត្ត​វិល​មក​ស្រុកកំណើត​វិញ ទាំង​បាត​ដៃ​ទទេ។

បើ​តាម​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នេះ​ដដែល ​​បីភាគ​បួន​នៃ​ប្រជាជន​ស៊ីមបាវ៉េ​ ជា​កសិករ​ ជា​អ្នក​ដាំ​ដុះ​ធញ្ញជាតិ​ជា​​ស្បៀង​អាហារប្រចាំជីវិត ប៉ុន្តែដោយ​​បញ្ហា​អាកាសធាតុ ប្រទេសធ្លាក់​ក្នុង​​ភាព​រាំង​ស្ងួត​ខ្លាំងបី​រដូវ​ជាប់ៗគ្នា​ ទិន្នផល​កសិកម្ម​ឆ្នាំ​២០២០​ទាបខ្លាំង ប្រមូល​មិន​​​បាន​ពាក់​កណ្តាល​នៃ​ទិន្នផល​កាលពី​ឆ្នាំ​កន្លង​ទៅ​ផង។

ជាមួយ​នឹង​​អតិផរណា​ខ្លាំង​ហួសហេតុ តម្លៃ​នៃ​ស្បៀង​អាហារ​ជា​មូលដ្ឋាន​​បាន​ឡើង​ថ្លៃ​កប់​ពពក​​លើស​កំរិត​ជីវភាព​មធ្យម​របស់​ប្រជា​ពលរដ្ឋ​ហ្ស៊ីមបាវ៉េ​ជា​ទូទៅ​​ទៀត។ កាលពី​ខែ​មុន តម្លៃ​គ្រាប់ពោត​បាន​ឡើង​ថ្លៃ​មួយ​គុណ​ជា​ពីរ។ ស៊ីមបាវ៉េមាន​វិបត្តិ​សេដ្ឋកិច្ច​រ៉ាំរ៉ៃ​តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ និង​ជួប​គ្រោះ​ខ្វះខាត​ផលិតផលបឋម​ជា​ច្រើន​មុខ។ ​ស្ថានភាព​​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លាំងបន្ថែម​ ដោយ​ហេតុ​ភាព​រាំងស្ងួត​​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ឥលូវ​ត្រូវ​មក​ជួប​វិបត្តិ​កូវីដ១៩មួយ​ទៀត។ គិត​មក​ទល់​ថ្ងៃ​នេះ ស៊ីមបាវ៉េ​មាន​ករណី​វិជ្ជមានកូវីដ១៩​ចំនួន ២៨០០​នាក់ ក្នុង​នោះ​៤១នាក់​បាន​ស្លាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ