អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើបុគ្គលិក​អង្គការ​មនុស្សធម៌ បាន​​ក្លាយ​​ជា « ផ្ទាំងស៊ីបជាអទិភាព » របស់​ក្រុម​ភេរវកម្ម​ឬ?

សំឡេង ០៥:៥៥
រថយន្តដែលដឹកបុគ្គលិករបស់អង្គការ Acted ៦នាក់ រួមទាំងអ្នកបើកបរម្នាក់ និងអ្នកបកប្រែម្នាក់ ត្រូវបាន​ក្រុមភេរវកម្មស្ទាក់បាញ់សម្លាប់។ តំបន់ Kouré ប្រទេសនីហ្សេ ថ្ងៃទី​៩សីហា ២០២០។
រថយន្តដែលដឹកបុគ្គលិករបស់អង្គការ Acted ៦នាក់ រួមទាំងអ្នកបើកបរម្នាក់ និងអ្នកបកប្រែម្នាក់ ត្រូវបាន​ក្រុមភេរវកម្មស្ទាក់បាញ់សម្លាប់។ តំបន់ Kouré ប្រទេសនីហ្សេ ថ្ងៃទី​៩សីហា ២០២០។ BOUREIMA HAMA / AFP
ដោយ៖ ម៉ម ពិសី
៣៣ នាទី

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា បុគ្គលិកអង្គការមនុស្សធម៌ ដែលបំពេញបេសកកម្ម​ជួយប្រជាជន នៅតាមតំបន់មានសង្រ្គាម និងជម្លោះប្រដាប់អាវុធ បានក្លាយជាជនរងគ្រោះ ដោយការវាយប្រហារសម្លាប់ និងចាប់ជាចំណាប់ខ្មាំង ពីសំណាក់ក្រុមឧទ្ទាម​ ឬក្រុមភេរវកម្ម។ ជាក់ស្តែង កាលពីថ្ងៃទី​៩​សីហា ថ្មីៗនេះ បុគ្គលិកជនជាតិបារាំង៦នាក់ របស់អង្គការ Acted ត្រូវបានជនប្រដាប់អាវុធ ស្ទាក់សម្លាប់នៅឯភាគនិរតីប្រទេសនីហ្សេ។ យោងតាមច្បាប់អន្តរជាតិ បុគ្គលិកអង្គការ​មនុស្សធម៌ គឺត្រូវបានទទួលនូវអភ័យឯកសិទ្ធិពិសេស ដើម្បីការពារសុវត្ថិភាព។ តើអភ័យឯកសិទ្ធិនេះ លែងមានប្រសិទ្ធិភាពហើយឬ? តើបុគ្គលិកអង្គការមនុស្សធម៌ បានក្លាយជាផ្ទាំងស៊ីបជាអាទិភាព របស់ក្រុម​ប្រដាប់អាវុធ ហើយមែនទេ?

ផ្សាយពាណិជ្ជកម្ម

ករណីស្ទាក់បាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ទៅលើបុគ្គលិកជនជាតិបារាំង៦នាក់ របស់អង្គការ Acted រួមទាំង​អ្នកអមដំណើរ​ ជនជាតិ​នីហ្សេ២នាក់ទៀត នៅតំបន់អភិរក្សសត្វព្រៃ ភាគនិរតីប្រទេសនីហ្សេ កាលពីថ្ងៃទី​៩សីហា បានធ្វើឲ្យ​សហគម បុគ្គលិក​អង្គការមនុស្សធម៌នានា មាន​ការតក់ស្លុតជាខ្លាំង។ បុគ្គលិកអង្គការមនុស្សធម៌ បានក្លាយ​ជាជនរងគ្រោះ ជាផ្ទាំងស៊ីបនៃការវាយប្រហារ យ៉ាងងាយស្រួលបំផុត។ នេះគឺជាការថ្លែង ដោយក្តីសោកស្តាយ​ របស់លោក Frederic Roussel ស្ថាបនិកម្នាក់ នៃអង្គ ការ​ Acted។

សកម្មភាព និងប្រតិបត្តិការការងារ របស់អង្គការមនុស្សធម៌ ក្នុងការជួយប្រជាជនស្លូតត្រង់ ត្រូវជាប់ក្នុងរនាំងនៃលក្ខខណ្ឌសុវត្ថិភាព ដែលកាន់តែតឹងរឹងទៅៗ មិនអាចឲ្យ​អង្គការមនុស្សធម៌ អាចបំពេញ​ការងារបានឲ្យអស់ពីដៃពីជើង។ សុវត្ថិភាព​របស់បុគ្គលិក​អង្គការ ដែលភាគច្រើន គឺជាជនបរទេស​ស្បែកស គឺជាកត្តាកាន់តែលំបាក ព្រោះមួយរយៈចុងក្រោយនេះ​​ បុគ្គលិកអង្គការ បានក្លាយ​ជា​ផ្ទាំងស៊ីប របស់ក្រុម​ភេវកម្ម និង​ក្រុមប្រដាប់អាវុធនានា។

លោក Frederic Roussel បានលើកឡើងថា ពីមុន បុគ្គលិកអង្គការមនុស្សធម៌ ធ្លាប់បានទទួលនូវ​ការគោរព និងមានអភ័យឯកសិទ្ធិពិសេស ក្នុងនាមជាជនអព្យាក្រិត្យ មិនកាន់ជើងភាគីណាមួយ​ហើយដែលកម្មវត្ថុនៃការងារ គឺដើម្បីជួយយកអាសារ ផ្តល់ស្បៀង ថ្នាំសង្កូវ មើលថែរសុខភាព​របស់ប្រជាជន​ស្លូតត្រង់ ដែលស្ថិតនៅតំបន់មានសង្រ្គាម ឬជម្លោះប្រដាប់អាវុធ។ តែពេលនេះ បុគ្គលិករបស់អង្គការមនុស្សធម៌ បានក្លាយជាជងរងគ្រោះ ជាផ្ទាំងស៊ីប ជម្រើសទីមួយ របស់​ពួកឧទ្ទាម ពួក​ភេរវកម្មនានា។ ស្ទាក់បាញ់សម្លាប់ បុគ្គលិកអង្គការមនុស្សធម៌ ដែលពាក់អាវយឺតអង្គការ គ្មានអាវុធជាប់នឹងខ្លួន វាគឺជារឿងងាយស្រួលបំផុត មិនដូចការទៅវាយប្រហារ លើមូលដ្ឋានកងទ័ពនោះទេ។

ការយល់ឃើញរបស់​លោកអគ្គនាយក​ អង្គការ Acted ក៏មិនខុសពី​ការយល់ឃើញ របស់អង្គការមនុស្សធម៌ផ្សេងៗទៀតដែរ។ លោក Pierre Mendiharat នាយករងប្រតិបត្តិរបស់​អង្គការ​ គ្រូពេទ្យគ្មានព្រំដែន បាន​លើកឡើងថា ក្រុមភេរវកម្មអង្គការរដ្ឋអ៊ីស្លាម នៅតំបន់អាហ្វ្រិកភាគខាងលិច ធ្លាប់បាន​ប្រកាសថា អ្នកណាក៏ដោយ ដែលធ្វើការឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល គឺសុទ្ធតែជាផ្ទាំងស៊ីប របស់​ពួកវាទាំងអស់។

ការគំរាមកំហែងមកលើអាយុជីវិត របស់បុគ្គលិកអង្គការមនុស្សធម៌ បានរំខានជាខ្លាំង ដល់លទ្ធភាព​នៃការបំពេញការងារ ក្នុងការជួយ​ប្រជាជនស្លូតត្រង់។ លោក Pierre Mendiharat បាន​បញ្ជាក់ថា នៅតំបន់អាហ្វ្រិកសាហ៊ែល កត្តាអសន្តិសុខបានចោទខ្លាំង និងបង្កការលំបាកដល់បុគ្គលិក ប្រមាណ​ជាង​១០ឆ្នាំរួចទៅហើយ។ ករណីបាញ់សម្លាប់ បុគ្គលិកជនជាតិបារាំង៦នាក់ នៅភាគនិរតីប្រទេសនីហ្សេ កាលពី​ថ្ងៃទី​៩សីហានេះ នឹងបង្ខំឲ្យ​អង្គការ​គ្រូពេទ្យគ្មានព្រំដែន ត្រូវ​តែ​រិតបន្តិង​​​សន្តិសុខ និងរិតត្បិតសកម្មភាពការងារបន្ថែមទៀត។

លោក Dominique Arthur អគ្គនាយកអន្តរជាតិ របស់សមាគម l’Ordre de Malte បាន​ពន្យល់​ថា ជាទូទៅ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ដែលស្ថិតនៅតំបន់មានសង្រ្គាម ត្រូវកំហិតការដើរហើររបស់ខ្លួន ដោយយោងទៅលើព័ត៌មាន ផ្តល់ឲ្យ​ដោយស្ថានទូតបរទេស ប្រចាំនៅទីនោះ។ តំបន់ក្រហម គឺជាតំបន់គ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងបំផុត។ ក៏ប៉ុន្តែមិនមែនមានន័យថា មិនធ្វើដំណើរទៅតំបន់ក្រហម គឺប្រាកដថាអាចគេចផុតពីគ្រោះថ្នាក់នោះទេ។ ជាក់ស្តែងករណីបាញ់សម្លាប់ នៅភាគនីរតីនីហ្សេ កាលពីថ្ងៃទី​៩សីហា គឺបានកើតឡើងនៅតំបន់ពណ៌លឿង ដែលជាតំបន់អភិរក្សសត្វព្រៃ មានទេសចរណ៍តែងទៅជាហូរហែរ។

យ៉ាងណាមិញលោក Pierre Micheletti ប្រធានអង្គការ​ Action contre la faim បានទទួលស្គាល់ថា បច្ចុប្បន្ននេះ បុគ្គលិកអង្គការមនុស្សធម៌ បានបាត់បត់អភ័យឯកសិទ្ធិ ដែលធ្លាប់មានពីមុនមក អស់រលីងទៅហើយ។ លោកពន្យល់ថា បុគ្គលិកអង្គការមនុស្សធម៌ បំពេញបេសកម្មនៅតាម​តំបន់ ដែលមានស្ថានភាពលំបាកក្រីក្របំផុត។ ពួកគេអាចក្លាយ​ជា​ កម្មវត្ថុដែល​មានតម្លៃ សម្រាប់ការ​ចាប់ជាចំនាប់ខ្មាំង របស់ឧក្រិដ្ឋជន។ មួយវិញទៀត បុគ្គលិកអង្គការមនុស្សធម៌ ភាគច្រើនលើសលប់ គឺជាជនជាតិ​ស្បែក​ស។ ពួកឧទ្ទាម ឬពួកភេរវកម្ម អាចចោទបុគ្គលិកជនជាតិស្បែកស​ ថាជាអាយ៉ងស៊ីឈ្នួល​បំរើផលប្រយោជន៍ ឲ្យរដ្ឋាភិបាលប្រទេសលោកខាងលិច។

កន្លងមក អង្គការនានា ធ្លាប់បានព្យាយាមរកវិធី ដើម្បីបញ្ចៀសបញ្ហាប្រឈមទាំងនេះ។ ជម្រើសមួយដ៏ល្អ គឺអង្គការមនុស្សធម៌ បានផ្តល់អាទិភាព ជ្រើសរើសបុគ្គលិក​ក្នុងស្រុក នៅតាមប្រទេសជាទីដែលគេធ្វើបេសកម្មតែម្តង។ បុគ្គលិកជាប្រជាជនមូលដ្ឋាន អាចយល់ដឹងពីស្ថានការណ៍ និងស្គាល់ស្ថានភាពភូមិសាស្ត្របានច្បាស់ល្អ។ តែបុគ្គលិកក្នុងស្រុក ក៏ប្រឈម​នឹងហានិភ័យ​ ខ្ពស់ដែរ។ ជាក់ស្តែង កាលពីចុងខែកក្កដា កន្លងទៅ បុគ្គលិក​អង្គការ​ Action contre la faim ចំនួន​៥នាក់ ជាជនជាតិនីហ្សេរីយ៉ា ត្រូវបាន​ក្រុមបូកូហារ៉ាំ ចាប់យកទៅសម្លាប់ចោល នៅភាគឥសានប្រទេសនីហ្សេរីយ៉ា។

បញ្ហាសន្តិសុខសុវត្ថិភាព របស់បុគ្គលិក មិនថាបុគ្គលិកបរទេស ឬបុគ្គលិកសក្នុងស្រុក នៅតែចោទជាចំបង​ ដែលអង្គការមានបន្ទុក​ធានាការពារ។ ឧទាហរណ៍ នៅស៊ីរី នៅអាហ្វហ្កានីស្ថាន ឬយេមែន ជាដើម ទីតាំងកន​្លែងស្នាក់នៅរបស់បុគ្គលិកអង្គការ ត្រូវ​ស្ថិតនៅក្នុងការយាម​សន្តិសុខយ៉ាងម៉ដ្ឋចត់ ហើយសូម្បីតែផ្លូវអាចដើរចេញក្រៅបាន ក៏មានបញ្ជីររាយឈ្មោះដែរ។

លោកប្រធានអង្គការ​ Action contre la faim បានលើកឡើងថា អង្គការ​មនុស្សធម៌ទាំងអស់​ ត្រូវតែរួមគ្នាពិចារណា រិះរកមធ្យោបាយឲ្យ​មានប្រសិទ្ធិភាព។ « អភ័យឯកសិទ្ធិនៃអង្គការមនុស្សធម៌ គឺលែងមានឥទ្ធិពលទៀតហើយ ព្រោះសង្រ្គាមនិង​ការប្រយុទ្ធគ្នា បង្កឡើងដោយក្រុមជ្រុលនិយម ក្រុមភេរវកម្មប្រដាប់អាវុធ ដែលជាក្រុមព្រៃផ្សៃ គ្មានស្គាល់អ្វីទៅ ហៅថាច្បាប់​អន្តរជាតិ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ