អានតួអត្ថបទ
រដ្ឋប្រហារ​នៅម៉ាលី

កងទ័ព​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​ប្រធានាធិបតី​ម៉ាលី ដែល​ប្រជាជន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យចុះចេញពីអំណាច

មនុស្សម្នារ​អបអរ ក្បួន​រថយន្ត​កងទ័ព​ដែល​បើក​នៅទីក្រុង​បាម៉ាកូ នៅថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី ម៉ាលី ថ្ងៃទី ១៨ សីហា ២០២០
មនុស្សម្នារ​អបអរ ក្បួន​រថយន្ត​កងទ័ព​ដែល​បើក​នៅទីក្រុង​បាម៉ាកូ នៅថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី ម៉ាលី ថ្ងៃទី ១៨ សីហា ២០២០ STRINGER / AFP
ដោយ៖ ឈាង បុប្ផា
៤១ នាទី

នៅប្រទេស​ម៉ាលី កងទ័ព​បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។ នៅ​ប៉ុន្មានម៉ោងក្រោយ ប្រធានាធិបតី​ម៉ាលី ដែល​ត្រូវ​កងទ័ព ចាប់ខ្លួន​ជាមួយ​នាយករដ្ឋមន្រ្តី យក​ទៅទុក​នៅបន្ទាយទាហាន ក្បែរ​រដ្ឋធានី បាម៉កូ បាន​ប្រកាស ចុះចេញ​ពី​តំណែង រំលាយ​រដ្ឋាភិបាល និង​រំលាយសភា។ សហគមន៍​អន្តរជាតិ ថ្កោលទោស ការធ្វើរដ្ឋប្រហារ ចំណែក ​សហគមន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​អាហ្វ្រិក​ខាងលិច បាន​ប្រកាស​ភ្លាមៗ ថ្កោលទោស និង​បិទព្រំដែន​ជាមួយ​ប្រទេស​ម៉ាលី។

ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ម៉ាលី រដ្ឋប្រហារ​របស់​មន្រ្តីយោធា និង​ទាហាន​បះបោរ​បាន​ឈាន​ទៅ​ចាប់ឃុំខ្លួន ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​ នៅបន្ទាយទាហាន។ នៅប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋប្រហារ ប្រធានាធិបតី ម៉ាលី លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា Ibrahim Boubacar Keïtaប្រកាស ចុះចេញ​ពី​អំណាច និង​រំលាយ​រដ្ឋសភា។

អ្នកនាំពាក្យ​របស់​ទាហាន​បះបោរ ដែល​ចូល​ទៅ​ចាប់​ប្រធានាធិបតី ដល់​គេហដ្ឋាន កាលពី​ថ្ងៃ​អង្គារ បាន​ចេញមុខ ប្រកាស​តាម​ទូទស្សន៍ ថា ពួកគេ ជា​កងទ័ព​ស្នេហាជាតិ ដែលប្រមូលផ្តុំ​ក្នុង “គណៈកម្មការ​ជាតិ​សម្រាប់​ស្រោចស្រង់​ប្រជាជន។”

រដ្ឋប្រហារ​ទមា្លក់​មេដឹកនាំ​ជាទម្លាប់​ប្រពៃណី កើតមាននៅ​ប្រទេស​ម៉ាលី។ ការផ្លាស់ប្តូរ​របបដឹកនាំ​នីមួយៗ ធ្វើឡើង​តាមរយៈ ការធ្វើ​រដ្ឋប្រហារ មុន​នឹងមាន​ការចរចា បង្កើត​រដ្ឋាភិបាល​ស៊ីវិល ឡើងវិញ តាម​ការបោះឆ្នោត។

ហេតុការណ៍​ធ្វើ​រដ្ឋប្រហារ នៅថ្ងៃ​អង្គារ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រដ្ឋប្រហារ កាលពី​ឆ្នាំ ២០១២ ទាំង​ឈ្មោះ​បន្ទាយ​ទាហាន​Kati  និង​រូបភាព​កងទ័ព ដែល​បាន​បើក​រថយន្ត ចូល​ទៅ​វិមាន​ប្រធានាធិបតី នៅ​ទីក្រុង ប៉ាម៉ាកូ។ អ្វីដែល​ខុស​ប្លែក ពី​ឆ្នាំ ២០១២ គឺនៅត្រង់​ថា លោក​ប្រធានាធិបតី អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា គ្មាន​សំណាង បាន​រត់គេច​ខ្លួន ដូច​ប្រធានាធិបតី​មុន។ គឺ​រដ្ឋប្រហារ​ឆ្នាំ ២០១២ ដែលបាន​បើកផ្លូវ​ឲ្យ​មាន​ការបោះឆ្នោត ជ្រើសតាំង លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ជាប្រធានាធិបតីម៉ាលី នៅឆ្នាំ ២០១៣។

ថ្លែងតាម​កញ្ចក់ទូរទស្សន៍ជាតិ កាលពី​ថ្ងៃ​ម្សិលមិញ អ្នកនាំពាក្យ​របស់​ក្រុមយោធា​បះបោរ បាន​អះអាងថា ពួកគេ​សម្រេច​ធ្វើ​រដ្ឋប្រហារ លើកនេះ ក៏ដោយសារ តែ ឃើញ​ថា ម៉ាលី​បាន​ធ្លាក់​ខ្លួន​កាន់តែ​ជ្រៅ ក្នុង​វិបត្តិ ចលាចល អនាធិបតេយ្យ និង​អសន្តិសុខ ដោយសារ​តែ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​មេដឹកនាំ។

នៅក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី កងទ័ព​ម៉ាលី​សន្យា​រៀបចំ​ការបោះឆ្នោត ដើម្បី ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។ អ្នកនាំពាក្យ​របស់​ក្រុមទាហាន​បះបោរ បាន​និយាយ​ធានា​ថា ពួកគេ​នឹង​ប្រគល់​ផ្ទេរអំណាច​ដឹកនាំ​ប្រទេស ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល អន្តរកាល មួយ ដែល​មានតួនាទី​រៀបចំ ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ សាជាថ្មី។

រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី ម៉ាលី បាន​ទទួល​ការអបអរ​សាទរ ពី​ប្រជាជន ម៉ាលី និង​ចលនា​របស់​សម្ព័ន្ធ​អ្នកប្រឆាំង​រដ្ឋាភិបាល ដែល​បាន​ធ្វើ​បាតុកម្ម​តាំង​ពី​ខែ​មិថុនា មក​ដើម្បី​ទាមទារឲ្យ​លោក​​ប្រធានាធិបតីអ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ​ចុះចេញ​ពីអំណាច។

នៅ​ម៉ាលី ដែល​មាន​ប្រជាជន​រស់នៅ ២០​លាន​នាក់ រដ្ឋាភិបាល​របស់​លោក អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា បានរងការរិះគន់ ថា បន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោត​សភា ប្រព្រឹត្ត​អំពើពុករលួយ បែងចែក​អំណាច​តែ​ក្នុង​ចំណោម សមាជិក​គ្រួសារ​របស់​អ្នកមាន​អំណាច។ ពួកគេ​ចោទប្រកាន់​លោកប្រធានាធិបតី អ៊ីប្រាហ៊ីម ប៊ូបាការ កេអ៊ីតា ផងដែរថា អសមត្ថភាព មិនអាច​បិទបញ្ចប់ បញ្ហា អសន្តិសុខ បង្កឡើង​ដោយសារ ការវាយប្រហារ ភេរវកម្ម របស់​ក្រុមជីហាត​អ៊ីស្លាមជ្រុលនិយម នៅតំបន់​កណ្តាល និង​ភាគខាងជើង ម៉ាលី។

អសន្តិសុខ បូករួម​ជាមួយ វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ បានធ្វើ​ឲ្យប្រជាជន​ម៉ាលី​មាន​កំហឹង ស្អប់​មេដឹកនាំ របស់ខ្លួន​កាន់តែ​ខ្លាំងឡើង។ នៅមុន​រដ្ឋប្រហារ​ទមា្លក់​ប្រធានាធិបតី​ទៅទៀត សម្ព័ន្ធ​ក្រុមប្រឆាំង​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ម៉ាលី​ធ្វើ​បាតុកម្ម​ប្រឆាំងប្រធានាធិបតី នៅពេញ​១សប្តាហ៍​ក្រោយ។

សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋប្រហារ​យោធា ទម្លាក់​ប្រធានាធិបតី​ចេញពីការបោះឆ្នោត

រដ្ឋប្រហារ​របស់​កងទ័ព​ម៉ាលី​បាន​ទទួល​ការគាំទ្រ​ពី​ប្រជាជន​ក្នុង​ស្រុក​មែន ប៉ុន្តែ ​សហគមន៍អន្តរជាតិ និងប្រទេស​អាហ្វ្រិក​ជិតខាង​បាន​ថ្កោលទោស យ៉ាងខ្លាំង។

នៅក្រោយ​រដ្ឋប្រហារ ទម្លាក់​តំណែង​ប្រធានាធិបតី ម៉ាលី អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​អំពាវនាវ​ក្រុមយោធា​បះបោរ ឲ្យ​ដោះលែង លោកប្រធានាធិបតី ម៉ាលី ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បើកកិច្ចប្រជុំ​បន្ទាន់ នៅ​ល្ងាចថ្ងៃ​ពុធ នៅទីក្រុង​ញូវយ៉ក ដើម្បី និយាយ​ពី​វិបត្តិ​នៅ​ម៉ាលី ទៅតាម​ការស្នើសុំ​របស់​បារាំង ​និង នីហ្សេ ដែល​ជា​ប្រធានផ្លាស់វេន នៃ​សហគមន៍ សេដ្ឋកិច្ច​រដ្ឋអាហ្វ្រិកខាងលិច Cédéao។

បារាំង ដែល​បញ្ជូន​ទ័ព ជាង​៥ពាន់នាក់ សម្រាប់ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត អ៊ីស្លាមជ្រុលនិយម នៅ​តំបន់​សាហែល ដែលនៅក្នុង​នោះ មាន​ផងដែរ ទឹកដី​ម៉ាលី តាំង​ពី​ឆ្នាំ ២០១២ បាន​ថ្កោលទោស រដ្ឋប្រហារ​យោធាកាលពី​ថ្ងៃ​ម្សិលមិញ និង​បាន​ទាមទារ​ឲ្យ​មានការចរចា​សន្តិភាព ក្រោមជំនួយ​គាំទ្រ​របស់​សហគមន៍ អាហ្រិ្វក​ខាងលិច Cédéao។

សហគមន៍ សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច Cédéao ដែល​ម៉ាលី​ជា​សមាជិក​មួយដែរនោះ បាន​ប្រកាស បិទព្រំដែន គោក អាកាស បិទច្រកទំនាក់ទំនង​សេដ្ឋកិច្ច រួម​ទាំង​ប្រកាស ដាក់ទណ្ឌកម្ម លើ​មន្រ្តីយោធា ដែល​បះបោរ ធ្វើរដ្ឋប្រហារ​ទម្លាក់ ប្រធានាធិបតី ម៉ាលី កាលពី​ថ្ងៃ​ម្សិលមិញ។ តាមវិមានប្រធានាធិបតី​នីហ្សេ ក្រុមប្រទេស​សមាជិក Cédéao នឹង​បើក​សន្និសីទ​វីដែអូ​បន្ទាន់​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍។

រដ្ឋប្រហារ​យោធា​នៅ​ម៉ាលី នៅថ្ងៃ​ម្សិលមិញ ក៏អាច​ជា​លទ្ធផល​នៃ​បរាជ័យ​របស់ អង្គការ​Cédéao​ដែលក្នុង​នាមខ្លួន​ជា​អន្តរការី ប៉ុន្តែ មិនសម្របសម្រួល លោក ប្រធានាធិបតី ម៉ាលី ជាមួយ ក្រុមបក្សប្រឆាំង។

ហេតុអ្វី បាន​ជា​គេ​ត្រូវ​ចាប់អារម្មណ៍​ពី​រដ្ឋប្រហារ​យោធា នៅ ប្រទេស​ម៉ាលី?

ប្រទេស​ម៉ាលី ដែល​ឡោមព័ទ្ធ​ដោយ​ប្រទេស​អាហ្វ្រិក​ដល់ទៅ ៧​នៅ​អាហ្វ្រិក​ខាងលិច ជាប្រទេស​ផលិត នាំចេញ អំបោះកូតុង ធំជាងគេ​ក្នុង​ពិភពលោក និង​ជា​ប្រទេសនាំ​ចេញ មាស ​ទី​៤ ក្នុងលោក។ ប៉ុន្តែ ម៉ាលី បាន​ជួបបញ្ហា អសន្តិសុខ តាំង​ពី​ឆ្នាំ ២០១២ ដោយសារ​ការវាយប្រហារ​កាន់តែច្រើន របស់​ក្រុមឧទ្ទាម Touarec ហើយ​និង​ពួកជីហាត បណ្តាញ​របស់​អាល់កៃដា ដែល​បាន​ពង្រាយខ្លួន បោះទីតាំង​នៅ​តំបន់​កណ្តាល និង​ភាគខាងជើង​ម៉ាលី។ ក្រុមជីហាត កាន់តែ​ខ្លាំងដៃ ដោយសារ​មានអាវុធ យុទ្ធភ័ណ្ឌ ដែល​ពួកនេះ បាន​លួច​យក​ពី​លីប៊ី នៅក្រោយ បដិវត្ត​ផ្តួលរំលំ​របប​កាដាហ្វី។

បារាំងដែល​ធ្លាប់ធ្វើ​អាណានិគម​លើ​ប្រទេស​ម៉ាលី បាន​បញ្ជូន​កងទ័ព​ទៅ​វាយបណ្តេញ ពួកជីហាត នៅ​ឆ្នាំ ២០១៣។ នៅ​ឆ្នាំ ២០១៤ បារាំង​បាន​ប្រែក្លាយ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ទៅ​ជា​ប្រតិបត្តិការ​ប្រឆាំង​ជីហាត នៅ​តំបន់​សាហែល។ ចាប់តាំង​ពី​ឆ្នាំ ២១០៣ អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព មួកខៀវ សម្រាប់​ប្រតិបត្តិការ​ដ៏សំខាន់ ទៅ​ម៉ាលី នេះដែរ។ បន្ថែមពីលើនេះ គឺ​មាន​កងកម្លាំង​ប្រឆាំង ជីហាត នៅសាហែល ដែល​ប្រមូល​ផ្តុំ កងទ័ព​របស់​៥​ប្រទេស ដូចជា​នីហ្សេ ម៉ូរីតានី បួគីណាហ្វាសូ ឆាត និង​ម៉ាលីជាដើម។ នៅប៉ុន្មាន​ខែ​នេះ បារាំង បាន​បង្កើន​ប្រតិបត្តិការ​យោធា ដើម្បី​វាយបណ្តេញ​ក្រុមជីហាត ដែល​កំពុង​ចាប់សកម្មខ្លាំង នៅ​ត្រង់ព្រំដែន​ប្រទេស​ម៉ាលី នីហ្សេ និង​បៀរគីណាហ្វាសូ។ សម្រាប់​បារាំង និង​បណ្តា​ប្រទេស​អាហ្វ្រិក​ជិតខាង រដ្ឋប្រហារ​យោធា និង​អស្ថិរភាព​នយោបាយ​ណាមួយ នៅ​ម៉ាលី នឹង​ផ្តល់​ឱកាស​ដល់​ក្រុម​ជីហាត ឲ្យ​ពង្រីកដែន​ឥទ្ធិពល​របស់ខ្លួន នៅក្នុង​ទឹកដី​ម៉ាលី។ បើសិន​ម៉ាលី​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមជីហាត គឺ​គេ​កាន់តែ​ពិបាក ក្នុង​ការប្រយុទ្ធ​ប្រឆាំង ធ្វើឲ្យ ក្រុមភេរវនិយម ទាំងនេះ អាច​រលាយបាត់មុខ ពី​ទឹកដី​អាហ្វ្រិកខាងលិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ