អានតួអត្ថបទ
លីប៊ី

ក្តីសង្ឃឹមថ្មី ​ក្រោយ​ភាគី​លីប៊ី​ទាំង២ ប្រកាស​ទំលាក់​អាវុធ​បណ្តោះ​អាសន្ន និង​សន្យា​រៀបចំ​ការ​បោះឆ្នោត

ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sissi ដែលគាំទ្រ​ភាគ​ខាងកើត អមដោយលោក Aguila Saleh (ឆ្វេង) ប្រធានសភាភាគខាងកើត និងលោកមេបញ្ជាការ Khalifa Haftar (ស្តាំ) ។​ ទីក្រុងកែរ ថ្ងៃទី​៦ មិថុនា ២០២០
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sissi ដែលគាំទ្រ​ភាគ​ខាងកើត អមដោយលោក Aguila Saleh (ឆ្វេង) ប្រធានសភាភាគខាងកើត និងលោកមេបញ្ជាការ Khalifa Haftar (ស្តាំ) ។​ ទីក្រុងកែរ ថ្ងៃទី​៦ មិថុនា ២០២០ EGYPTIAN PRESIDENCY / AFP
ដោយ៖ ម៉ម ពិសី
១៤ នាទី

នៅថ្ងៃទី២២សីហា ភាគីជម្លោះនយោបាយ​ទាំង២នៅលីប៊ី បានចេញលិខិតប្រកាស ដាច់ដោយឡែកពីគ្នា ដោយ​បាន​សម្រេច​ទំលាក់​អាវុធ ឈប់បាញ់​ជាបណ្តោះអាសន្ន និងបានសន្យាថានឹងរៀបចំការបោះឆ្នោត នៅរវាង​ខែមីនាខាងមុខ។ នេះគឺជាដំណឹងដ៏ល្អមួយ ធ្វើឲ្យ​សហគមអន្តរជាតិ មានការត្រេកអរ។ បើទោះបីជាវាមិន​មានលក្ខណៈអចិន្ត្រៃយ៍ក្តី តែការយល់ព្រមទំលាក់អាវុធនេះ វាគឺជាការបោះជំហានទៅមុខ ដើម្បីចរចា និងកសាងសន្តិភាព​​ នៅលីប៊ី។

ផ្សាយពាណិជ្ជកម្ម

លោក Fayez al-Sarraj ប្រមុខរដ្ឋាភិបាល​បង្រួបបង្រួមជាតិលីប៊ី ដែលគ្រប់គ្រងភាគខាងលិច បានបញ្ជាឲ្យ​ទំលាក់អាវុធជាបន្ទាន់ និងបាន​ប្រកាសអំពីការរៀបចំបោះឆ្នោតប្រធានាធិបតី​ និងបោះឆ្នោតសភា នៅខែមីនាឆ្នាំក្រោយ។​

នៅក្នុងសេចក្តីប្រកាសមួយទៀត លោក Aguila Saleh ប្រធានសភានៅភាគខាងកើតលីប៊ី បាន​ប្រកាសដែរ អំពីបំណងចង់រៀប​ចំការបោះឆ្នោត តែដោយមិន​បានបញ្ជាក់ថាពេលណាទេ។ ក្រុមភាគខាងកើត បានអំពាវនាវ​ឲ្យទំលាប់អាវុធ ផ្អាកឈប់បាញ់ នៅទូទាំងប្រទេសលីប៊ី។

យោងតាមលិខិតប្រកាស របស់ភាគីទាំង២ ការទំលាក់អាវុធ ក៏គឺដើម្បីអនុញ្ញាតឲ្យ​ សកម្មភាពផលិតនឹងចម្រាញ់ប្រេងកាត អាចចាប់ផ្តើមដំណើរការឡើងវិញ​​។ តែជាការចម្លែក ដែលនៅក្នុងលិខិតប្រកាស របស់ក្រុមភាគខាងកើតនេះ គេមិនឃើញ​ហត្ថលេខារបស់​លោកមេបញ្ជាការ Haftar ទេ។ យោងតាមការវិភាគខ្លះ ក្រុមភាគខាងកើត ប្រហែលជាបាន​បោះបង់​ចោល​ការគាំទ្រ លើ​លោកមេបញ្ជាការ​ Haftar ដែលមានទំនោររឹងទទឹងជ្រុល ក្នុងចេតនាធ្វើសង្រ្គាម មិនព្រម​​ចរចា ជាមួយ​ក្រុមភាគខាងលិច។

យ៉ាងណាក៏ដោយ ដំណឹងនៃការប្រកាសទំលាក់អាវុធបណ្តោះអាសន្ន ព្រមទាំងចេតនារៀបចំការបោះឆ្នោត ពីសំណាក់​ភាគីជម្លោះនយោបាយ​ទាំង២នេះ បានបង្កឲ្យ​ការត្រេកអរ នឹងក្តីសង្ឃឹមជាច្រើន។ អេហ្ស៊ីបដែលកន្លងមក​ គាំទ្រក្រុមខាងកើត នឹងធ្លាប់បាន​អះអាងថាចង់នបញ្ជូនទ័ពចូលអន្តរាគមន៍នោះ បានសម្តែងការត្រេកអរចំពោះ​ដំណឹងថ្មីនេះ។

ដូចគ្នាដែរ លោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុប បាន​លើកឡើងថា នេះគឺជាការបោះជំហានទៅមុខ ដ៏សំខាន់ ដើម្បីស្វែងរកការចរចាដោយសន្តិវិធី ដើម្បីបញ្ចប់សង្រ្គាម​ជារៀងដរាបនៅលីប៊ី។ លោក​ប្រមុខការទូតអឺរ៉ុប បានបន្ថែមថា សហភាពអឺរ៉ុប គាំទ្រឲ្យ​មានការទំលាក់អាវុធ ជាអចិន្ត្រៃយ៍ ដែលនេះមានន័យថា ត្រូវតែបញ្ឈប់ឲ្យអស់ នូវការប្រយុទ្ធ និងការចល័តទ័ព។ ហើយ​ក្រុម​កម្លាំងប្រយុទ្ធ ដែលប្រទេសមួយចំនួនបញ្ជូនមកជួយ​បក្សម្ខាងៗ គឺត្រូវតែដកចេញពីលីប៊ីឲ្យអស់ ដើម្បីបើកផ្លូវឲ្យ​មានវត្តមានរបស់​កងរក្សសន្តិភាព នៃអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ ក៏បានស្រុះស្រួលគ្នា អំពាវនាវថា ត្រូវតែមាន « កិច្ចព្រមព្រៀងរួម » មួយ ដែលនឹងបិទបញ្ចប់ វត្តមានរបស់​កងកម្លាំងបរទេស នៅលីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ