អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាលី៖ចុះបើកងទ័ពបន្តកាន់អំណាចរហូតដោយមិនប្រគល់ឲ្យស៊ីវិល?

សំឡេង ០៤:៣៩
កិច្ចចរចា​រវាង​របបសឹក​ម៉ាលី និង​គណៈប្រតិភូ​របស់​សហភាព​នៃ​រដ្ឋអាហ្រ្វិកខាងលិចក្នុង​ទីក្រុង​បាម៉ាកូ ថ្ងៃទី២៣ សីហា
កិច្ចចរចា​រវាង​របបសឹក​ម៉ាលី និង​គណៈប្រតិភូ​របស់​សហភាព​នៃ​រដ្ឋអាហ្រ្វិកខាងលិចក្នុង​ទីក្រុង​បាម៉ាកូ ថ្ងៃទី២៣ សីហា REUTERS/Mamadou Keita
២៩ នាទី

នៅ​ក្នុង​ប្រទេស​ម៉ាលី ១សប្តាហ៍​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​ប្រធានាធិបតី​លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កីតា​ក្នុង​ថ្ងៃទី១៨ សីហា​មក កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី២៣ សីហា​ពី​ការ​ចង់​បង្កើត​ចេញ​នូវ​សម័យអន្តរកាល​មួយ​ដែល​មាន​រយៈ​រយៈពេល ៣ឆ្នាំ មុន​នឹង​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុម​ស៊ីវិល។ ទន្ទឹម​គ្នា​នេះ កងទ័ព​ក៏​បាន​យល់ព្រម​ដោះ​លែង​លោក​កីតា​ឲ្យ​ទៅ​រស់នៅ​ក្នុង​គេហដ្ឋាន​របស់​លោក និង​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​រូប​នេះ​អាច​ចេញ​ទៅ​មើល​ជំងឺ​នៅ​បរទេស។ គួរ​បញ្ជាក់​ថា រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​កេអ៊ីតា​បាន​ទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ តែ​ហាក់​មិន​សូវ​មាន​ការ​សោកស្តាយ និង​ភ្ញាក់ផ្អើល​ពី​ប្រជាជន​ម៉ាលី​ទូទៅ​ប៉ុន្មាន​ទេ។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពេល​នេះ គឺ​ខ្លាច​តែ​កងទ័ព​ដែល​បាន​ភ្លួករសជាតិ និង​ឈ្លក់​​អំណាច​បែរ​ជា​តោង​ជាប់​មិន​ព្រម​ប្រគល់​ទៅ​ឲ្យ​ស៊ីវិល​វិញ។

ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ម៉ាលី​លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កីតា​ក្នុង​ថ្ងៃទី១៨ សីហា​មក សហគមន៍អន្តរជាតិ រួម​ទាំង​សហភាព​នៃ​រដ្ឋអាហ្រ្វិកខាងលិច​ហៅ​កាត់​សេដេអាអូ (Cédéao) បាន​ចេញ​មុខ​ថ្កោលទោស និង​ទារទាម​ឲ្យ​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​កីតា​វិញ។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​បន្ទាប់​ពី​បាន​ជួប​ចរចា​គ្នា​អស់​រយៈ​ពេល ៤៨ម៉ោង​មក សេដេអាអូ និង​កងទ័ព​ម៉ាលី​បាន​ឯកភាព​គ្នា​លើ​ការ​បិទបញ្ចប់​សករាជ​របស់​លោក​កីតា និង​បើក​ទំព័រ​ថ្មី​សម្រាប់​ប្រទេស​ម៉ាលី។ ប្រភព​មួយ​ចេញ​ពី​គណៈប្រតិភូ​របស់​សេដេអាអូ និង​បញ្ជាក់​ដោយ​សមាជិក​ម្នាក់​នៃ​កងទ័ព​ម៉ាលី​បាន​ឲ្យ​ដឹង​ថា របបសឹក​ចង់​បង្កើត​ឡើង​នូវ​សម័យ​អន្តរកាល​មួយ​ដែល​មាន​រយៈពេល ៣ឆ្នាំ​ដោយ​មាន​ប្រធានាធិបតី​ម្នាក់​ចេញ​ពី​កងទ័ព និង​រដ្ឋាភិបាល​អន្តរកាល​មួយ​ដែល​សមាជិក​ភាគច្រើន​ចេញ​ពី​កងទ័ព​ដូច​គ្នា។

ក្រៅ​ពី​ចង់​បង្កើត​ឲ្យ​មាន​សម័យ​អន្តរកាល​មួយ កងទ័ព​ក៏​បាន​យល់ព្រម​ដោះលែង​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កីតា​ឲ្យ​ទៅ​រស់នៅ​ក្នុង​គេហដ្ឋាន​របស់​លោក និង​អនុញ្ញាត​ឲ្យ​លោក​អាច​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​បរទេស។ ចំណែក​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​លោក​ប៊ូប៊ូ ស៊ីសសេ​ដែល​កងទ័ព​បាន​ចាប់​ខ្លួន​ក្នុង​ពេល​តែ​មួយ​ជាមួយ​លោក​កីតា​នៅ​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ កងទ័ព​បាន​យល់ព្រម​ឲ្យ​យក​លោក​ស៊ីសសេ​ទៅ​ឃុំ​ក្នុង​គេហដ្ឋាន​មាន​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​បាម៉ាកូ។ គួរ​រម្លឹក​ថា​កាល​ពី ២ថ្ងៃ​មុន​នេះ សហភាព​នៃ​រដ្ឋអាហ្រ្វិកខាងលិច​ហៅ​កាត់​សេដេអាអូ (Cédéao) បាន​ចាត់​តាំង​អតីត​ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Goodluck Jonathan ឲ្យ​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ចរចា​ផ្ទាល់​ជាមួយ​កងទ័ព​ម៉ាលី​ក្នុង​ទីក្រុង​បាម៉ាកូ។

បេសកកម្ម​របស់​លោក Goodluck Jonathan គឺ​និយាយ​បញ្ចុះបញ្ចូល​កងទ័ព​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ឃ្លាត​ចេញ​ពី​គន្លង​ច្បាប់​រដ្ឋម្មនុញ្ញ​ម៉ាលី​ដែល​មាន​ស្រាប់។ តើ​នៅ ៣ឆ្នាំ​ក្រោយ​សម័យ​អន្តរកាល របបសឹក​មាន​គម្រោង​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុម​ស៊ីវិល​យ៉ាង​ដូចម្តេច និង​ក្រោម​រូបភាព​ណា​ទៅ?។ នេះ​ជា​សំណួរ​មួយ​ដែល​កងទ័ព​នៅ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​នៅ​ម៉ាលី​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ម៉ាលី និយាយ​ដោយឡែក និង​សម្រាប់​ទ្វីបអាហ្រ្វិក និយាយ​ជា​រួម​ទេ។ តែ​បើ​គេ​មើល​ឲ្យ​ឆ្ងាយ​បន្តិច​ទៅ រដ្ឋប្រហារ​យោធា​ពេល​នេះ​អាច​ជា​រឿង​មួយ​ដែល​ចៀស​មិន​រួច និង​វា​មិនមែន​ជា​លើកទី១ ទេ​សម្រាប់​ម៉ាលី។ លើស​ពី​នេះ រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​កីតា​ថែម​ទាំង​ទទួល​បាន​ការ​សាទរ​ពី​ប្រជាជន​ម៉ាលី​ភាគ​ច្រើន​ទៀត​ផង។

ការ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា អំពើ​ពុករលួយ ការ​ចែក​អំណាច​តែ​ក្នុង​បក្សពួក អសមត្ថភាព​ក្នុង​ការ​បិទបញ្ចប់​អសន្តិសុខ​បង្ក​ក្រុម​ជីហាត​អ៊ីស្លាមជ្រុលនិយម​នៅ​តំបន់​កណ្តាល និង​ប៉ែកខាងជើង និង​វិបត្តិ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​កូវីដ-១៩ ទាំង​នេះ​សុទ្ធសឹង​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​លោក​កីតា​ពិបាក​រក្សា​កៅអី​ប្រធានាធិបតី​របស់​ខ្លួន។ ចូរ​កុំ​ភ្លេច​ថា ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​លោក​កីតា​ដែល​បាន​ជាប់​ឆ្នោត​ដំបូង​ក្នុង​ឆ្នាំ ២០១៣ និង​ជាប់​ឆ្នោត​ជា​ថ្មី​ក្នុង​ឆ្នាំ ២០១៨ បាន​រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ប្រជាជន​តាម​រយៈ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​របស់​ចលនាប្រឆាំង។ នៅ​ទីបំផុត និង​ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង កងទ័ព​ដែល​ធា្លប់​ស្មោះស្ម័គ្រ និង​គាំទ្រ​លោក​កីតា​ជា​អ្នក​បញ្ចប់​តំណែង​លោក​កីតា។

ឃើញ​ថា​ជា​ថ្មី​ម្តង​ទៀត ប្រទេស​អាហ្រ្វិក​មួយ​នេះ​បាន​វិល​ទៅ​រក​ទ្រនំ​ដើម​ដែល​អំណាច​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​កងទ័ព។ តាម​ពិត​ទៅ សហភាព​នៃ​រដ្ឋអាហ្រ្វិកខាងលិច​មិន​ជំទាស់​នឹង​កងទ័ព​ដែល​ចង់​ដឹកនាំ​ប្រទេស​នៅ​ក្នុង​សម័យ​អន្តរកាល​មួយ​ទេ គ្រាន់​តែ​ថា ចង់​ឲ្យ​សម័យអន្តរកាល​មាន​រយៈពេល​តិច​ជាង ៣ឆ្នាំ និង​ចង់​បាន​ច្រក​ចេញ​ពី​វិបត្តិ​មួយ​ទទួល​យក​ពី​គ្រប់​ភាគី​ម៉ាលី​ទាំង​អស់។ យ៉ាង​ណា​ក៏​ដោយ ប្រមុខរដ្ឋ​របស់​សហភាព​នៃ​រដ្ឋអាហ្រ្វិកខាងលិច​នឹង​ជួបប្រជុំ​គ្នា​តាម​វីដេអូ​នៅ​ថ្ងៃទី២៦ សីហា​ដើម្បី​សម្រេច​លើ​ជម្រើស​ពីរ ឬ​មួយ​សម្រាល​ទណ្ឌកម្ម​ដែល​ខ្លួន​បាន​ដាក់​លើ​ម៉ាលី​នៅ​ក្រោយ​រដ្ឋប្រហារ ឬ​មួយ​ពង្រឹង​ទណ្ឌកម្ម​បន្ថែម បើ​ខ្លួន​គិត​ថា របបសឹក​មិន​បាន​បង្ហាញ​ចេញ​នូវ​ឆន្ទៈ​ល្អ​នោះ​ទេ។ តើ​រដ្ឋប្រហារ​យោធា​នៅ​ម៉ាលី​ពេល​នេះ​ជា​ការ​ធ្វើ​បដិវត្ត​មួយ​ដើម្បី​ឈាន​ទៅ​រក​ការ​ផ្លាស់ប្តូរ​ក្នុង​ផ្លូវ​វិជ្ជមាន ឬ​មួយ​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​ដណ្តើម​អំណាច?។ មាន​តែ​កងទ័ព​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ