អានតួអត្ថបទ
WHO-អាហ្រ្វិក

WHO ប្រកាសពីជោគជ័យក្នុងការកំចាត់ជំងឺស្វិតដៃ ជើងជាផ្លូវការនៅក្នុងទ្វីបអាហ្រ្វិក

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus REUTERS/Denis Balibouse
១៣ នាទី

នៅ​ថ្ងៃ​អង្គារ ទី២៥ សីហា អង្គការ​សុខភាពពិភពលោក​ហៅកាត់ WHO បាន​ប្រកាស​ពី​ជោគជ័យ​ក្នុង​ការ​កំចាត់​ជំងឺ​ស្វិត​ដៃ ជើង​ជា​ផ្លូវការ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​គ្មាន​ករណី​ឆ្លង​ថ្មី​រយៈពេល ៤ឆ្នាំ​ជាប់​គ្នា និង​បន្ទាប់​ពី​មាន​ការ​ពង្រឹង​យុទ្ធនាការ​ចាក់ថ្នាំវ៉ាក់សាំង​បង្ការ​លើ​កូនក្មេង។ ពិធី​ប្រកាស​ជោគជ័យ​នេះ​បាន​រៀបចំ​ធ្វើ​តាម​វីដេអូ និង​មាន​ការ​ចូលរួម​ពី​ប្រធាន​គណៈកម្មការ​នៃ​វិញ្ញាបនកម្ម​ប្រចាំ​តំបន់​អាហ្រ្វិក​លោកស្រី​រ៉ូ លេគេ នាយក WHO ប្រចាំ​តំបន់​អាហ្វ្រិក​លោកស្រី​ម៉ាតស្ហ៊ីឌីសូ ម៉ូអេទី និង​អគ្គនាយក WHO លោក​ទេពដ្រូស។ « ពិត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សម្រាប់​អាហ្រ្វិក។ ចាប់​ពី​ពេល​នេះ​ទៅ កូនក្មេង​ដែល​នឹង​ចាប់​កំណើត​នៅ​លើ​ទ្វីបអាហ្រ្វិក​នឹង​លែង​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ស្វិតដៃ ជើង​ទៀត​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ម៉ាតស្ហ៊ីឌីសូ ម៉ូអេទី។ ចំណែក​លោក​ទេបដ្រូស​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង និង​រីករាយ​ចំពោះ​ការ​ប្រយុទ្ធដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាង ២៤ ឆ្នាំ​នៅ​ទ្វីបអាហ្វ្រិក។

ផ្សាយពាណិជ្ជកម្ម

« ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​នៃ​ការ​ប្រារព្ធពិធី និង​ជា​ថ្ងៃ​នៃ​ក្តីសង្ឃឹម។ ថ្ងៃ​នេះ យើង​បាន​ជួបជុំ​គ្នា​ដើម្បី​សម្តែង​ក្តី​សប្បាយរីករាយ​ចំពោះ​ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​វិស័យ​សុខភាព។ គឺ​ជោគជ័យ​នៃ​ការ​កំចាត់​ជំងឺ​ស្វិតដៃ ជើង​ជា​ផ្លូវការ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ ខ្ញុំ​សូម​សាទរ និង​កោតសរសើរ​ដល់​ពលរដ្ឋអាហ្រ្វិក និង​រដ្ឋាភិបាល​អាហ្រ្វិក​ចំពោះ​វិធានការ និង​ការ​ប្តេជ្ញាចិត្ត​របស់​ពួក​គេ។គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​បាន​ទេ។

ការ​វិនិយោគ​ដ៏​ច្រើន​សម្បើម​ដែល​យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​ដើម្បី​ជំនះ​លើ​ជំងឺ​ស្វិត​ដៃ ជើង​បាន​ហុច​ផ្លែផ្កា​គួរ​ជា​ទី​មោទនភាព។ តាំង​ពី​ឆ្នាំ ១៩៩៦ មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ស្វិតដៃ ជើង​ចំនួន ៩ ០០០លានដូស​ត្រូវ​បាន​ចែកចាយ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ មាន​ករណី​ឆ្លង​ជំងឺ​ស្វិតដៃ ជើង​ចំនួន ១ ៨០០ ០០០ករណី​ត្រូវ​បាន​បញ្ជៀស និង​មាន​ជីវិត​មនុស្ស​រហូត​ដល់​ទៅ ១៨០ ០០០នាក់​ត្រូវ​បាន​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​ស្វិតដៃ ជើង។

ក្នុង​អតីតកាល អនាគត​គ្មាន​ជំងឺ​ស្វិតដៃ ជើង​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​ទេ។ តែ​នៅ​ក្នុង​សម្តី​របស់​លោក​នែលសុន ម៉ន់ដេឡា នៅ​ពេល​ដែល​មនុស្ស​បាន​ប្តេជ្ញាចិត្ត​ហើយ ពួក​គេ​អាច​ជំនះ​លើ​អ្វី​គ្រប់​យ៉ាង »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ