អានតួអត្ថបទ
ប្រទេសក្រីក្រ-វ៉ាក់សាំងកូវីដ១៩

កូវីដ​១៩​៖ វ៉ាក់សាំង​ ១០០​លាន​ដូស​ត្រូវ​បាន​កក់​ទុក​បន្ថែម​សម្រាប់​ប្រទេស​ក្រីក្រ

ស្ត្រីម្នាក់កំពុងកាន់ដបតូចមួយដែលមានដាក់ស្លាកថា“ វ៉ាក់សាំងបង្ការកូវីដ១៩” នៅក្នុងមន្ទីរពិសោធន៍មួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
ស្ត្រីម្នាក់កំពុងកាន់ដបតូចមួយដែលមានដាក់ស្លាកថា“ វ៉ាក់សាំងបង្ការកូវីដ១៩” នៅក្នុងមន្ទីរពិសោធន៍មួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ REUTERS - Dado Ruvic
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

ក្រុម​អ្នក​លើកកម្ពស់​សុខភាព​ពិភពលោក​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ ២៩ កញ្ញា ឆ្នាំ២០២០​ អំពី​ការ​កក់​វ៉ាកសាំង​ប្រឆាំង​កូវីដ​រហូត​ដល់​ចំនួន​ប្រមាណ ១០០ លាន​ដូស​បន្ថែម​ សម្រាប់​ប្រទេស​ក្រីក្រ​។ ការ​ធ្វើ​បែបនេះ​ គឺ​ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ​នាឆ្នាំ​ ២០២១​ខាងមុខ​ ដោយសារតែការ​ឆ្លងរាលដាល​នៃ​វីរុស​កូវីដ​ ហាក់​​គ្មាន​សញ្ញា​ថមថយ​គួរឲ្យ​កត់​សម្គាល់​អ្វី​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ស្តីពី​ការ​កក់វ៉ាក់សាំង​ ១០០ លាន​ដូស​បន្ថែម​ត្រូវ​បាន​ទទួលយកនិង​ធានា​ផ្គត់ផ្គង់ពី​វិទ្យាស្ថាន​សេរ៉ូម​ (Serum) នៃ​ប្រទេស​ឥណ្ឌាតាមរយៈ​កិច្ចសហការ​ផលិត​រួមគ្នា​រវាង​អង្គការ​ Gavi និង​មូលនិធិ​ Bill & Melinda Gates ដោយ​ស្របទៅ​តាម​កិច្ច​ព្រមព្រៀង​កាលពី​ខែមុន​ពោលគឺ​ខែសីហា​ឆ្នាំ​២០២០​។

នៅទីបំផុតទៅ​ ចំនួន​វ៉ាក់សាំង​បង្ការ​កូវីដ​ដែលបាន​កក់ទុក​សម្រាប់​ប្រទេស​ក្រីក្រ​មាន​ចំនួន​លើស​មុនច្រើន​ខ្លាំង​ ហើយ​បើ​តាមអង្គការ​ Gavi និង​មូលនិធិ​ Bill & Melinda Gates តម្លៃ​វ៉ាក់សាំង​នឹងត្រូវ​កំណត់​ត្រឹម​តែ​ចំនួន​ ៣ ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយ​ដូស​។

“ប្រទេស​អ្នកមានក្តី​ ឬក្រក្តី​ គ្មាន​ប្រទេស​ណាមួយ​ត្រូវ​បាន​គេ​ទុក​ចោល​មិន​អើពើ​ទាក់ទង​ការទទួលបានវ៉ាក់ប្រឆាំងជំងឺកូវីដឡើយ”។​ នេះគឺជា​ប្រសាសន៍​របស់​លោក​ Seth Berkley ប្រធាន​អង្គការ​ Gavi នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ដោយបាន​បន្ថែមទៀតថា​ កិច្ចសហ​ប្រតិបត្តិ​ការ​រវាងគ្នា​ នឹងនាំ​ឲ្យយើង​ដើរ​ទៅមុខ​បានមួយ​ជំហានទៀត​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅរួម​។

ជាគោលដៅ​ ដែល​លោក Seth Berkley សំដៅ​ដល់​មធ្យោបាយ​ធ្វើយ៉ាងណាឲ្យ​ការ​ទទួល​បាន​វ៉ាក់សាំង​មាន​ការស្មើភាពគ្នា​ ដោយ​មិនប្រកាន់​បែងចែក​រវាង​ប្រទេស​អ្នកមាន​ និង​ប្រទេសអ្នកក្រ​ ស្របទៅតាម​យន្តការ​ "Covax" របស់​អង្គការ​សហប្រជាជាតិ​។

គួរជ្រាបថា​ ឆ្លៀត​ក្នុង​ពេលបើក​មហាសន្និបាត​លើក​ទី​៧៥​ របស់​ខ្លួន​កាលពី​ថ្ងៃទី២២​ កញ្ញា កន្លងទៅ​ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ ​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​ចូលរួម​ក្នុង​យន្តការ "Covax" ដើម្បី​អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដោយ​ស្មើ​ភាព​គ្នា។

មាន​ប្រទេស​អ្នក​មាន​ចំនួន​ ៦៤ប្រទេស​បាន​ចូលរួម​នៅ​ក្នុង​យន្តការ​នេះ​ ហើយ​ក្រុម​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យមចំនួនជាង៩០ ប្រទេសផ្សេងទៀតនឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​យន្តការ​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដរបស់​អង្គការ​សុខភាព​ពិភពលោក​នេះដែរ។

គួរជ្រាបដែរថា​ រហូតមកទល់នឹងពេលនេះ​ ជំងឺកូវីដ​បាន​សម្លាប់​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ និង​មាន​ឆ្លង​ជាង៣​ លាននាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ