អានតួអត្ថបទ
WHO-កូវីដ១៩

អង្គការ​សុខភាព​ពិភព​លោក​ចង់​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​កូវីដ​លឿន​ឲ្យ​បាន​ចំនួន​ ១២០​លាន​សំរាប់​រដ្ឋ​ក្រីក្រ

លោក​ Tedros Adhanom Ghebreyesus ប្រធានអង្គការ​សុខភាពពិភពលោក។
លោក​ Tedros Adhanom Ghebreyesus ប្រធានអង្គការ​សុខភាពពិភពលោក។ REUTERS - POOL New
ដោយ៖ អ៊ុង គឹមអ៊ាន់
១២ នាទី

ខណៈដែល​ជំងឺរាតត្បាត​កូវីដ​នៅតែ​បន្ត​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ មិនថា​ប្រទេស​អ្នកមាន​ ប្រទេសក្រីក្រក្តី​ អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាស​ពី​បំណង ចង់​ឲ្យ​មាន​ការធ្វើតេស្ត​កូវីដ​យ៉ាងរហ័ស​ឲ្យ​បាន​ចំនួន​ ១២០ លាន​សំរាប់​រដ្ឋ​ក្រីក្រ​។ កាលពី​ថ្ងៃចន្ទ​ ២៨​ កញ្ញា​ម្សិលមិញ​ អង្គការ​សុខភាពពិភពលោក​បាន​និយាយថា​ ការ​ធ្វើតេស្ត​យ៉ាងលឿន​ចំនួន​ប្រមាណ​ ១២០ លាន​នឹង​ត្រូវ​ផ្គត់ផ្គង់​ទៅឲ្យ​បណ្តា​ប្រទេស​ក្រីក្រ​ ក្នុងតម្លៃ​ម្នាក់៥ ដុល្លារ ប្រសិនបើ​អង្គការ​អាច​ស្វែងរក​ថវិកា​ទ្រទ្រង់បាន​គ្រប់គ្រាន់។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាស​ឲ្យដឹងថា​ ថវិកា​ទ្រទ្រង់​ គឺជា​គម្រោង​ថវិកា​ចំនួន​ ៦០០ លាន​ដុល្លារ​ ដែល​នឹង​អាច​ជួយដល់​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូលទាប​ និង​មធ្យម​ ឲ្យអាច​កាត់​បន្ថយ​គម្លាត​ជាមួយ​ប្រទេស​អ្នកមាន​ ក្នុងការ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​។ ជំងឺកូវីដ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​មួយលាន​នាក់​ ចាប់តាំងពី​ផ្ទុះ​ឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូហាន​ ប្រទេសចិន​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៩​មក។

ការ​ធ្វើ​តេស្ត​លឿន​រហ័ស​ នឹង​ត្រូវ​ផ្គត់ផ្គង់​នៅទូទាំង​ ១៣៣​ ប្រទេស​ក្រក្រី​ ក្នុង​រយៈពេល​ ៦ ខែ​ខាងមុខ​ គឺ​មិន​គួរឲ្យ​ទុកចិត្ត​ដូចការ​ធ្វើតេស្ត​តាម​ច្រមុះ​ (PCR តេស្ត) នោះទេ​ ប៉ុន្តែ​វា​លឿន​ជាង​ មាន​តម្លៃ​ធូរថ្លៃ​ និង​ងាយស្រួល​អនុវត្តជាង​។

ប្រធាន​អង្គការ​សុខភាពពិភព​លោកតេដ្រូស​ (Tedros Adhanom Ghebreyesu) បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយថា​ “យើង​មាន​កិច្ច​ព្រមព្រៀង​ យើង​ប្រឹងប្រែង​ប្រមូល​មូលនិធិ​ ហើយ​ឥឡូវនេះ​យើង​ត្រូវការ​ថវិកា​ឲ្យបាន​គ្រប់​ចំនួន​ ដើម្បី​ទិញ​សម្ភារៈ​ធ្វើតេស្ត​ទាំងនោះ​ (RDTតេស្ត)”។

លោក​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បាន​បន្ថែម​ទៀត​ថា​ ការ​ធ្វើ​តេស្ត​លឿន​ចំនួន​ប្រមាណ​ ១២០ លាន​តេស្ត​នឹង​ត្រូវផ្គត់ផ្គង់​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​។ “ការ​ធ្វើតេស្តនេះ​ ផ្តល់នូវ​លទ្ធផល​គួរឲ្យ​ទុកចិត្ត​ក្នុង​រយៈពេល​ប្រហែល​ជា ១៥ ទៅ ៣០ នាទី​ ជាជាង​រយៈពេល​ច្រើនម៉ោង​ ឬច្រើនថ្ងៃ​ ក្នុង​តម្លៃ​ទាប​ជាមួយ​នឹង​ឧបករណ៍​ដែលមិនសូវ​ទំនើប​ខ្លាំង​ដូចការ​ធ្វើតេស្ត PCRឡើយ​។

យ៉ាងណាក៏ដោយ​ អង្គការ​សុខភាពពិភពលោក​បាន​និយាយ​ថា​ ការធ្វើតេស្ត​នេះ​នឹង​ជួយ​បង្កើន​ចំនួន​ធ្វើតេស្ត​រកជំងឺកូវីដ​នៅ​ក្នុង​តំបន់​ដែល​ពិបាក​ទៅដល់​និង​ដែល​មិនមាន​មន្ទីរពិសោធន៍​ ឬ​បុគ្គលិក​សុខាភិបាល​ ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​គ្រប់គ្រាន់​ដើម្បី​ធ្វើតេស្ត PCR​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ