អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់៖ កិច្ចព្រមព្រៀង​សន្តិភាព រវាង​រដ្ឋាភិបាល​​និង​ក្រុម​ឧទ្ទាម​ បិទ​បញ្ចប់​ទំព័រ​សង្រ្គាម​​រយៈ​ពេល​​១៧​ឆ្នាំ

ប្រធានក្រុមប្រឹក្សា​ជាតិស៊ូដង់ លោកមេបញ្ចាការ Abdel Fattah al-Burhan លោកប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir និងលោក  ប្រធានាធិបតីប្រទេសឆាដ Idriss Deby ក្នុងពេលអាន និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិភាព រវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលបណ្តោះអាសន្នស៊ូដង់។ ក្រុងជូបា សូដង់ខាងត្បូង ថ្ងៃទី ៣ តុលា ២០២០
ប្រធានក្រុមប្រឹក្សា​ជាតិស៊ូដង់ លោកមេបញ្ចាការ Abdel Fattah al-Burhan លោកប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir និងលោក ប្រធានាធិបតីប្រទេសឆាដ Idriss Deby ក្នុងពេលអាន និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិភាព រវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលបណ្តោះអាសន្នស៊ូដង់។ ក្រុងជូបា សូដង់ខាងត្បូង ថ្ងៃទី ៣ តុលា ២០២០ REUTERS - JOK SOLOMUN
ដោយ៖ ម៉ម ពិសី
១៦ នាទី

កាលពី​ថ្ងៃសៅរ៍ ទី​៣តុលា រដ្ឋាភិបាលបណ្តោះអាសន្នស៊ូដង់ បានចុះហត្ថលេខា​ លើកិច្ចព្រមព្រៀង​សន្តិភាព​​ជាផ្លូវការ ជាមួយនិងក្រុមឧទ្ទាម​ នៅឯទីក្រុង​ជូបា រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូង។ នេះគឺជាការបើកទំព័រសករាជថ្មី ដើម្បីបិទបញ្ចប់​សង្រ្គាម​ស៊ីវីល ដែលបានអូសបន្លាយ​ប្រមាណ​១៧ឆ្នាំមកហើយ ហើយដែលបាន​រារាំងប្រទេសអាហ្វ្រិកដ៏ធំនេះ មិនឲ្យ​រីកចម្រើនអភិវឌ្ឍន៍បាន។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​៣តុលា សម្លេងស្គរ តន្ត្រី ចម្រៀងកងរំពង បានលាន់ឮនៅក្រុងជូបា រដ្ឋធានីស៊ូដង់ខាងត្បូង ដើម្បីអបអរការចុះហត្ថលេខាជាផ្លូវការ​ លើ​កិច្ចព្រមព្រៀងសន្តិភាព រវាងរដ្ឋាភិបាល​ក្រុងខាទូម ជាមួយ​និងក្រុមឧទ្ទាមនៅស៊ូដង់។ កម្មវិធីចុះហត្ថលេខានេះ ត្រូវបានចូលរួមជាសាក្សី ដោយ​តំណាងរដ្ឋាភិបាល​ស៊ូដង់ខាងត្បូង ដែលជាអ្នកជួយសម្របសម្រួល តំណាងអង្គទូតបរទេសមួយចំនួន ដូចជាប្រទេសឆាដ កាតា អេហ្ស៊ីប សហពន្ធអាហ្វ្រិក សហភាពអឺរ៉ុប និង​អង្គការសហប្រជាជាតិផងដែរ។

សូមរំលឹកថា ប្រមាណ១៧ឆ្នាំមកហើយ ដែលសង្រ្គាមស៊ីវីលនៅស៊ូដង់ បានអូសបន្លាយ ដោយក្រុម​ឧទ្ទាមជាច្រើនក្រុម បានប្រមូលផ្តុំគ្នា ប្រយុទ្ធដណ្តើមអំណាច និងអធិបេយ្យភាពរៀងៗខ្លួន។ រដ្ឋបាលស៊ូដង់ ដឹកនាំដោយ​លោក អូម៉ា អ៊ែលបាឆៀរ បានដួលរលំនៅខែមេសាឆ្នាំ២០១៩ បន្ទាប់ពីប្រជាជនស៊ូដង់ និង​ក្រុមយោធាមួយក្រុមបានធ្វើរដ្ឋប្រហារ ហើយបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។

គឺរដ្ឋាភិបាលនេះហើយ ដែលបានផ្តល់អាទិភាពដល់ការចរចា ជាមួយក្រុមឧទ្ទាមទាំងអស់។ កិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី៣តុលា គឺត្រូវបានចុះហត្ថលេខា ដោយលោក Mohamed Hamdan Daglo មេបញ្ជាការកងទ័ព និងជាអនុប្រធានាធិបតីស៊ូដង់ តំណាង​ឲ្យ​រដ្ឋាភិបាលបណ្តោះអាសន្នក្រុងខាទូម និងក្រុម​សម្ព័ន្ធ​ឧទ្ទាម ដែលមាន​៥ក្រុម​រួមគ្នា។

កិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់នេះ មានកំណត់នូវ​៨ចំណុចធំៗ ដែលមានជាអាទិ៖ ការរៀបចំ​បែងចែកកម្មសិទ្ធិដីធ្លី របស់សហគមជនជាតិផ្សេងៗគ្នា ការរៀបចំប្រពន្ធយុត្តិធម៌ក្នុងសម័យអន្តរកាល ការសងសំណងខូចខាត ការអភិ​វឌ្ឍន៍​ដល់​វិស័យពាក់ព័ន្ធនឹងទំនៀមទំលាប់ បំលាស់ទីរបស់សហគមជនជាតិ ព្រមទាំង​ចាត់ចែង​​ការបែងចែកអំណាច និង​ភោគផលឲ្យមានសមភាព និងចុងក្រោយ គឺរៀបចំឲ្យមានការត្រលប់មកវិញរបស់ប្រជាជន ដែលបានរត់ភៀសខ្លួន ឬ​ជន្លៀស​ចេញដោយសារសង្រ្គាម។ កិច្ចព្រមព្រៀងនេះ ក៏បានកំណត់ផងដែរ ឲ្យ​ចាត់បញ្ចូលក្រុមឧទ្ទាមប្រដាប់អាវុធទាំងអស់ ទៅក្នុងជួរកងទ័ពជាតិស៊ូដង់តែមួយ ដោយធ្វើយ៉ាងណា ធានាឲ្យបាននូវសមមាត្រ រវាង​សហគមជនជាតិទាំងអស់។

គួរកត់សំគាល់ថា​ នេះគឺជាការបើកទំព័រសករាជថ្មី សម្រាប់ប្រទេសអាហ្វ្រិកដ៏ធំមួយនេះ បន្ទាប់ពីឆ្លងកាត់សង្រ្គាម ស៊ីវីល​រ៉ាំរ៉ៃ ប្រមាណជាង៣០ឆ្នាំមកហើយ។ សង្រ្គាមដែល​បានធ្វើឲ្យ​ដែនដីស៊ូដង់ខាងត្បូង ប្រកាសឯករាជ្យនៅឆ្នាំ២០១១។ ទោះជាយ៉ាងណាក៏ដោយ គ្រប់ភាគីទាំងអស់ ទទួលស្គាល់ថា នេះគឺជាដំណាក់កាលចាប់ផ្តើម ក្នុងការកសាង​សន្តិភាព ខណៈដែលការលំបាកកំពុងរងចាំនោះ គឺការរៀបចំស្តារសេដ្ឋកិ​ច្ច ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងអំណាចរដ្ឋបាល ឲ្យ​មានប្រសិទ្ធិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ