នាយករដ្ឋមន្រ្តីអេត្យូពី ក្លាយ​ពី​ជ័យលាភី​ណូបែល​សន្តិភាព ទៅ​មេទ័ពសង្រ្គាម?

នាយករដ្ឋមន្រ្តី​អេត្យូពី លោក​អាប៊ី អាមេដ Abiy Ahmed ក្នុង​ពេលរង់ចាំ​ជួប​ប្រធាន​គណៈកម្មការអឺរ៉ុប កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩
នាយករដ្ឋមន្រ្តី​អេត្យូពី លោក​អាប៊ី អាមេដ Abiy Ahmed ក្នុង​ពេលរង់ចាំ​ជួប​ប្រធាន​គណៈកម្មការអឺរ៉ុប កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩ REUTERS - TIKSA NEGERI

១០ថ្ងៃ ក្រោយ​កងទ័ព​រដ្ឋាភិបាល​អេត្យូពី បើកការវាយប្រហារ​ទៅលើ​តំបន់​គ្រប់គ្រង​ដោយ​ក្រុមបក្សប្រឆាំង នៅ​ភាគខាងត្បូង ប្រមុខ​ឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​កាលពី​ថ្ងៃ សុក្រ​ម្សិលមិញ ឲ្យ​បើកការស៊ើបអង្កេត​ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅក្នុង​ទឹកដី អេត្យូពី។ ការទាមទារ​របស់​អង្គការ​សហប្រជាជាតិ​ធ្វើឡើង​នៅមួយ​ថ្ងៃក្រោយ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ចេញមុខ​បរិហា​រិះគន់​ការកាប់សម្លាប់រង្គាល ទៅលើ​ប្រជាជន​ស៊ីវិល​រាប់រយ​នាក់ នៅក្នុង​តំបន់ ដែល​មាន​ការប្រយុទ្ធគ្នា រវាង​ក្រុមទ័ព​ប្រឆាំង Tigré ហើយ​និង​កងទ័ព​រដ្ឋាភិបាល​អេត្យូពី ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​ដែល​ទើប​ទទួល​បាន ជ័យលាភីណូបែល​សន្តិភាព។

ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ២០១៩ លោក​នាយករដ្ឋមន្រ្តី អេត្យូពី ​អាប៊ី អាមេដ ត្រូវ​បាន​គណៈកម្មការ​ណូបែល​នៅទីក្រុង​ស្តុកខូម បោះឆ្នោត ជាជ័យលាភី​ណូបែល​សន្តិភាព សម្រាប់​ការប្រឹងប្រែង​របស់​លោក ក្នុង​ការជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព ជាមួយប្រទេស​អេរីត្រេ ដែលជា​សត្រូវសួពូជ​របស់​អេត្យូពី។ ប៉ុន្តែ នៅមួយឆ្នាំក្រោយ លោក​អាប៊ី អាមេដ​ដដែល កំពុង​គំរាម ឲ្យ​ផ្ទុះ​កើតមាន​សង្រ្គាមស៊ីវិល ជម្លោះ​ប្រដាប់អាវុធ រវាង​សហគមន៍​ជនជាតិ ភាគតិច ក្នុង​ប្រទេស​អេត្យូពី​ខ្លួនឯង។

១០​ថ្ងៃ មកនេះ លោកនាយករដ្ឋមន្រ្តីអេត្យូពី អាប៊ី អាមេដ (Abiy Ahmed) បាន​ប្តូរ​ឯកសណ្ឋាន​ពី ជ័យលាភីណូបែល​សន្តិភាព មក​ជា​មេទ័ព​ ប្រកាស​សង្រ្គាម ជាមួយ​មេដឹកនាំ​ថ្នាក់តំបន់​នៅ​ភាគខាងត្បូង Tigré ដែល​លោក​ចោទប្រកាន់ថា មិន​ស្តាប់​គោរព​អំណាច​របស់​នាយករដ្ឋមន្រ្តី។ នៅពេល​ការប្រយុទ្ធ​នៅតែ​បន្តសន្ធឹកខ្លាំង​រវាង​ភាគី​ជម្លោះទាំងពីរ លោក​អាប៊ី អាមេដ បាន​ប្រកាស កាលពី​ថ្ងៃ​សុក្រ ​ដាក់​ឱសានវាទ​ឲ្យ​កងកម្លាំង​របស់​រណសិរ្ស រំដោះ​ប្រជាជន​Tigré ដែល​គ្រប់គ្រង​តំបន់​ភាគ​អាគ្នេយ៍ អេត្យូពី ​ទម្លាក់អាវុធ​ចុះចូល​ជាមួយ​កងទ័ព​រដ្ឋាភិបាល  នៅក្នុង​រយៈពេល ពីរ បីថ្ងៃ​ខាងមុខ ដើម្បី អាច​រស់ជីវិត។

តើ​អេត្យូពី​កំពុង​បែរត្រលប់​ជារបបផ្តាច់ការ ដោយសារ​តែ​នយោបាយ​បើកចំហរ​របស់​នាយករដ្ឋមន្រ្តី អាប៊ី អាមេដ​ឬ​ក៏យ៉ាងណា? នៅពេល​ចូលកាន់​តំណែង ជានាយករដ្ឋមន្រ្តី​របស់​ប្រទេស​អេត្យូពី​ដែល​មានប្រជាជន​ច្រើនជាងគេ​លំដាប់ទី ២ នៅ​អាហ្វ្រិក លោក​អាប៊ី អាមេដ មានអាយុ មិន​ដល់ ៤២​ឆ្នាំផង។ ជានាយករដ្ឋមន្រ្តី​វ័យក្មេង និង​ធ្លាប់​មាន​ប្រវត្តិតស៊ូ ជា​ទាហាន ប្រយុទ្ធ​កៀកស្មា​ជាមួយ​រណសិរ្ស រំដោះ ប្រជាជន​Tigré លោក​អាប៊ី អាមេដ ធ្លាប់​ជា​ក្តីសង្ឃឹម នៃ​ការបង្រួបបង្រួម​ជាតិ​នៅ អេត្យូពី។ ប៉ុន្តែ កំណែទម្រង់ និង​នយោបាយ​បើកចំហរ របស់​លោក​បាន​លើកទឹកចិត្ត ឲ្យ​ក្រុមសហគមន៍ ជាតិពិន្ធុ ចង់ ផ្តាច់ខ្លួន ចេញពីអំណាច​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អេត្យូពី។ ជាក់ស្តែង ក្រុមរណសិរ្ស​រំដោះប្រជាជន​Tigré ដែល​ធ្លាប់​ក្តោបក្តាប់​ស្ថាប័ន​នយោបាយ និង​សន្តិសុខ របស់អេត្យូពី ជាង​៣០​ឆ្នាំ​មកហើយនោះ បាន​តាំងខ្លួន​ជា​ក្រុមប្រឆាំង និង​បែរខ្នង លែង​ស្តាប់​បញ្ជា​របស់​នាយករដ្ឋមន្រ្តី​តទៅទៀត។

នៅដើមខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ដែល​ជា​ជ័យលាភី ណូបែល​សន្តិភាព​បាន​បដិសេធ​មិន​ចរចា ទាត់ចោល និង​វាយបក​អ្នករិះគន់​លោកថា មិន​យល់​កាលៈទេសៈ សា្ថនការណ៍​នៅអេត្យូពី។ បន្ទាប់​ពី​លោកស្រី អ៊ុងសាន ស៊ូជី តើ​លោក​នាយករដ្ឋមន្រ្តី អេត្យូពី អាប៊ី អាមេដ ជា​ជ័យលាភីណូបែល​សន្តិភាព​ទី​២ ដែលកំពុង​ធ្វើ​សហគមន៍​អន្តរជាតិ ខកចិត្ត ឬ​យ៉ាងណា? នៅ​ថ្ងៃ​សុក្រ ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស របស់អង្គការ​សហប្រជាជាតិ បើកការស៊ើបអង្កេត ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាមនៅអេត្យូពី បន្ទាប់​ពី មានសេចក្តីរាយការណ៍ ពីការកាប់សម្លាប់​រង្គាល​ទៅលើ​ប្រជាជន​ស៊ីវិល នៅ​ ​ក្នុងតំបន់​ប្រយុទ្ធគ្នា ក្បែរ តំបន់គ្រប់គ្រងរបស់​ក្រុម​ប្រឆាំងTigré។ គេ​នៅមិនទាន់ដឹងថា តើ​ការសម្លាប់រង្គាល ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​លើកឡើង​នោះ ជា​ស្នាដៃ​របស់​ក្រុមណានោះទេ ប៉ុន្តែ​សាក្សី ដែល អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ជួបសាកសួរ បាន​ចោទប្រកាន់​ក្រុមទាហាន​របស់​រណសិរ្ស រំដោះប្រជាជន​Tigré ដែល​ជា​សត្រូវ​របស់​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI