អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​ព្រមានពី​វិបត្តិមនុស្សធម៌​ដ៏ធំមួយ នៅ​អេត្យូពី

នៅ​មាត់ទន្លេ Setit ដែល​ស្ថិតនៅ​ព្រំដែន​ស៊ូដង់ និង​អេរីត្រេ ប្រជាជន​អេត្យូពីរត់គេច​ពី​តំបន់​ Tigr​é​ដែល​កំពុង​រងការវាយប្រហារ​ពីកងទ័ព​រដ្ឋាភិបាល​អេត្យូពី នៅថ្ងៃទី ១៤​វិច្ឆិកា ២០២០
នៅ​មាត់ទន្លេ Setit ដែល​ស្ថិតនៅ​ព្រំដែន​ស៊ូដង់ និង​អេរីត្រេ ប្រជាជន​អេត្យូពីរត់គេច​ពី​តំបន់​ Tigr​é​ដែល​កំពុង​រងការវាយប្រហារ​ពីកងទ័ព​រដ្ឋាភិបាល​អេត្យូពី នៅថ្ងៃទី ១៤​វិច្ឆិកា ២០២០ REUTERS - EL TAYEB SIDDIG
ដោយ៖ ឈាង បុប្ផា
១៨ នាទី

វិបត្តិមនុស្សធម៌​ក្នុងទ្រង់ទ្រាយធំ​កំពុង​កើតមាន​នៅ ព្រំដែន​ស៊ូដង់ និង​អេត្យូពី។ នេះ​ជាការព្រមាន​របស់​ឧត្តមស្នងការ ទទួល​បន្ទុកជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។ ការប្រយុទ្ធគ្នា រវាង​កងទ័ព​រដ្ឋាភិបាល​អេត្យូពី ជាមួយ កម្លាំង​យោធា មកពី​តំបន់​Tigré ភាគខាងជើង អេត្យូពី​បាន​ជំរុញ​ឲ្យ​ប្រជាជន​អេត្យូពី រាប់ម៉ឺននាក់ រត់ភៀសខ្លួន ទៅ​ប្រទេស​ជិតខាង ស៊ូដង់។

ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការ​ទទួលបន្ទុក  ​របស់​អង្គការ​សហប្រជាជាតិ បានទាញ​សញ្ញា​អាសន្ន​ពី​ការកើតមាន​វិបត្តិ​មនុស្សធម៌​មួយ​ទៀត នៅ​ទឹកដី​អាហ្វ្រិក។ នៅ​២សប្តាហ៍​មកនេះ សង្រ្គាម​ប្រយុទ្ធគ្នា​រវាង កងទ័ព​រដ្ឋាភិបាល​អេត្យូពី និង​ក្រុមប្រឆាំង​នៅ​តំបន់​Tigré បាន​ជំរុញ​ឲ្យ​ប្រជាជន​រាប់ម៉ឺននាក់​រត់ភៀសខ្លួន​ទៅ​ក្នុង​ទឹកដី​ស៊ូដង់។

មន្រ្តី របស់​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ថា បើសិន​ការប្រយុទ្ធគ្នា​នៅតែ​បន្ត មនុស្ស​កាន់តែច្រើន​នឹង​រត់ភៀសខ្លួន ទៅកកកុញ ច្រើនជ្រុល ច្រើនហួស​សមត្ថភាព​ទទួល​យកបាន​របស់​ជំរំ​របស់​អង្គការ​សហប្រជាជាតិ។

តាម​អ្នកនាំពាក្យ​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ក្នុង​មួយថ្ងៃៗ មានមនុស្ស​ប្រមាណ ៤ពាន់នាក់ ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ទៅ កាន់ ជំរំភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ នៅ​ទឹកដី​ស៊ូដង់​ជាប់ព្រំដែន​ជាមួយ​ប្រទេស​អេរីត្រេ។ ពួកគេ​ភាគច្រើន​ជា ​ប្រជាជនរស់នៅក្នុង​តំបន់​Tigré ដែល​កំពុង​រង​ការវាយប្រហារពី ​កងទ័ពជើង​អាកាស​អេត្យូពី។

នាយករដ្ឋមន្រ្តី​អេត្យូពីរ ដែល​បាន​ប្តូរ​ឯកសណ្ឋាន ពី​ជ័យលាភី​ណូបែល​សន្តិភាព ទៅ​ជា​មេទ័ពធ្វើសង្រ្គាម បាន​ប្រកាស កាលពីថ្ងៃ អង្គារម្សិលមិញ ថា នៅក្រោយ ចប់​ឱសានវាទ នៅ​ថ្ងៃ​អង្គារ កងទ័ព​រដ្ឋាភិបាល​នឹង​បើក​ការវាយប្រហារ​ចុងក្រោយ ទៅលើ​ក្រុមប្រឆាំង​បះបោរ ​Tigré នៅ​តំបន់ភាគខាងជើង ដែល​មាន​ជាប់ព្រំដែន ជាមួយ​ស៊ូដង់ និង​អេរីត្រេ។

នៅពេល​ការប្រយុទ្ធគ្នា​នៅតែ​បន្ត មេដឹកនាំ​ក្រុមប្រឆាំង​Tigré បាន​ចោទប្រកាន់  ​រដ្ឋាភិបាល​អេត្យូពី ថា​បាន​សម្លាប់​ប្រជាជន​ស៊ីវិល នៅក្នុង​ការវាយប្រហារ​ផ្នែកអាកាស​ទៅលើ​រដ្ឋធានី របស់ Tigré ​កាលពី ថ្ងៃ​ចន្ទ។

នៅ​ចុងសប្តាហ៍មុន ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​បើកការស៊ើបអង្កេត​ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​អេត្យូពី នៅក្រោយ មាន​សេចក្តីរាយការណ៍​ថា ប្រជាជន​ស៊ីវិល​ជាច្រើន​រយនាក់ ស្លាប់ នៅក្នុង​សមរភូមិ​ប្រយុទ្ធ រវាង​ទ័ព Tigré​និង​កងទ័ព​រដ្ឋាភិបាលអេត្យូពី។

ក្រៅតែ ពីវិបត្តិមនុស្សធម៌ មន្រ្តីអង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ដែរថា សង្រ្គាម​ស៊ីវិល​នៅ អេត្យូពី នឹង​អាច​រីកសាយភាយ​ទៅជា​សង្រ្គាម​ថ្នាក់តំបន់​សាជាថ្មី។ សូមបញ្ជាក់ថា រដ្ឋាភិបាល​អេត្យូពី និង​អេរីត្រេ ទើប​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព កាលពី​២ឆ្នាំ​មុន ប៉ុណ្ណោះ។ នៅ​ចុងសប្តាហ៍នេះ ក្រុមទ័ព​ប្រឆាំង Tigré បាន​ប្រកាស​ថា ខ្លួន​ជាអ្នកបាញ់​គ្រាប់ផ្លោង សំដៅ​ព្រលានយន្តហោះ​របស់​អេរីត្រេ ដើម្បី សងសឹក​អេរីត្រេ ដែល​ជួយ​សហការ​ជាមួយ រដ្ឋាភិបាល​អេត្យូពី ដើម្បី​វាយប្រហារ​លើ​ទាហាន​Tigré។

នៅថ្ងៃ​ចន្ទ ប្រធានាធិបតី​អូហ្កង់ដា និង​កេនយ៉ា​បានអំពាវនាវ​ឲ្យ​ការចរចា​សន្តិភាព រវាង​ភាគីជម្លោះ ប៉ុន្តែ នាយករដ្ឋមន្រ្តី អេត្យូពី លោក​អាប៊ី អាម៉េដ បាន​បដិសេធ​មិន​ចរចា​អ្វីទាំងអស់ បើសិន​មេដឹកនាំ​ក្រុម Tigré មិនព្រមទម្លាក់អាវុធ និង​បង្ហាញ​ខ្លួន​នៅតុលាការ។ សង្រ្គាម បង្ហូរឈាម​ រវាងរដ្ឋាភិបាល​អេត្យូពី និង​ថ្នាក់ដឹកនាំ​តំបន់​Tigré បាន​ផ្ទុះឡើង​នៅក្រោយ រដ្ឋាភិបាល​អេត្យូពី ចោទប្រកាន់ ទាហាន​Tigré ថា​បាន​វាយប្រហារ​លើ​បន្ទាយទាហាន​រដ្ឋាភិបាល កាលពី​ប៉ុន្មាន​ខែ​មុននេះ។ រដ្ឋាភិបាល​របស់​លោក​អាប៊ី អាម៉េដ​បាន​ចោទប្រកាន់​ផងដែរ មេដឹកនាំ​តំបន់​Tigré ថា​បាន​​រៀបចំការបោះឆ្នោតសភា ដោយខុសច្បាប់។ 

ជំហរ​ធ្វើសង្គ្រាមរបស់​លោក​នាយករដ្ឋមន្រ្តី​អេត្យូពី កំពុង​ធ្វើ​គណៈកម្មការ​ណូបែល​នៅ ទីក្រុង​ស្តុកខូម មានការបារម្ភ ព្រោះថា នាយករដ្ឋមន្រ្តី​អេត្យូពី ទើប​ត្រូវ​បាន​គណៈកម្មការជ្រើសរើស ឲ្យ​ទទួល​រង្វាន់ ណូបែល​សន្តិភាព កាលពីឆ្នាំមុន សម្រាប់ការប្រឹងប្រែង​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង អេរីត្រេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ