នីហ្សេរីយ៉ា-បូកូហារ៉ាំ

នីហ្សេរីយ៉ា៖ ក្រុម​ជីហាត​បូកូហារ៉ាំ សម្លាប់​ពលករ​ធ្វើចំការ​ ​ជាង​​១០០​នាក់ នៅ​ភាគ​ឥសាន្ត

មនុស្សម្នានាំគ្នាឈរមើលសាកសពមនុស្ស​ជាង​១០០នាក់ ដែលត្រូវបាន​សម្លាប់ ដោយ​ក្រុមជីហាត​បូកូហារ៉ា នៅរដ្ឋ Borno ភាគឥសាន្តនីហ្សេរីយ៉ា ថ្ងៃទី​២៩ វិច្ឆិកា ២០២០។
មនុស្សម្នានាំគ្នាឈរមើលសាកសពមនុស្ស​ជាង​១០០នាក់ ដែលត្រូវបាន​សម្លាប់ ដោយ​ក្រុមជីហាត​បូកូហារ៉ា នៅរដ្ឋ Borno ភាគឥសាន្តនីហ្សេរីយ៉ា ថ្ងៃទី​២៩ វិច្ឆិកា ២០២០។ AP - Jossy Ola
ដោយ៖ ម៉ម ពិសី
១២ នាទី

កាលពីថ្ងៃទី​២៨វិច្ឆិកា ក្រុមជីហាតអ៊ីស្លាមបូកូហារ៉ាំ បានចេញធ្វើសកម្មភាព សម្លាប់មនុស្ស​​ជាច្រើននាក់​ នៅភាគឥសាន្ត ប្រទេសនីហ្សេរីយ៉ា។ យោងតាមតួលេខចុងក្រោយ ផ្តល់ឲ្យ​ដោយតំណាងអង្គការសហប្រជាជាតិ គឺមានមនុស្ស​យ៉ាងហោច ១១០នាក់ ដែល​បានស្លាប់ ដោយសារអំពើដ៏ព្រៃផ្សៃ របស់ក្រុមជីហាតអ៊ីស្លាម​នេះ។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បានកើតឡើង នៅ​ក្នុងភូមិ Koshobe ភាគឥសាន​នីហ្សេរីយ៉ា កាលពីរសៀល ថ្ងៃទី២៨វិច្ឆិកា ដោយ​ក្រុម​ជីហាតអ៊ីស្លាមបូកូហារ៉ាំ បានជិះម៉ូតូមកធ្វើសកម្មភាព សម្លាប់​ប្រជាជន ដែលកំពុងតែធ្វើការនៅក្នុង​ចំការ និងវាលស្រែ។

យ៉ាងហោចណាស់ ប្រជាកសិករស្លូតត្រង់ ចំនួនយ៉ាងហោច​១១០នាក់ បានស្លាប់ ដោយ​សារអំពើ​នេះ។ នេះបើផ្អែក តាម​លិខិតប្រកាសព័ត៌មានចុងក្រោយ​ ផ្សាយល្ងាចថ្ងៃទី២៩វិច្ឆិកា របស់​លោក Edward Kallon តំណាងកិច្ចការមនុស្ស​ធម៌ នៃ​អង្គការសហប្រជាជាតិ ប្រចាំនៅនីហ្សេរីយ៉ា។

យោងតាមប្រភព ពីអាជ្ញាធរតំបន់កើតហេតុ ជនរងគ្រោះ គឺជា​ពលករស៊ីឈ្នួលធ្វើការនៅក្នុងចំការ និងវាលស្រែ។ ក្រុមជីហាត បានចុះមកសម្លាប់ពួកគេ ដោយ​ខ្លះ​ត្រូវបាន​អារកសម្លាប់នៅហ្នឹងកន្លែង។ កាលពីថ្ងៃសៅរ៍ គេបានរកឃើញសាកសពដំបូងចំនួន​៤៣នាក់ ដែលសុទ្ធតែជាពលករចំណាកស្រុក ធ្វើដំណើរមកពីតំបន់ Sokoto នៅភាគពាយ័ព្យ​នីហ្សេរីយ៉ា​ ចំងាយ​ប្រមាណ​១០០០គីឡូម៉ែត្រ ពីទីតាំងកើតហេតុ។

សូមបញ្ជាក់ថា សក​ម្មភាព​សម្លាប់មនុស្ស​ដ៏ព្រៃផ្សៃ របស់ក្រុម​បូកូហារ៉ាំនេះ គឺបានកើតឡើង នៅថ្ងៃដែលរដ្ឋនៅភាគឥសាននេះ រៀបចំការបោះឆ្នោត ជាលើកដំបូង គិតចាប់ពីឆ្នាំ​២០០៩មក។ លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា បានសម្តែងការកាន់ទុក្ខចំពោះ​ជនរងគ្រោះ និងបានថ្កោលទោស​អំពើព្រៃផ្សៃ បង្កឡើងដោយ​ក្រុម​បូកូហារ៉ាំ។

សូមបញ្ជាក់ថា ក្រុមបូកូហារ៉ាំ គឺជាផ្នែកមួយនៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅតំបន់អាហ្វ្រិកខាងលិច (Iswap) ហើយក្រុមនេះ តែងតែធ្វើសកម្មភាព សម្លាប់ប្រជាជន អ្នកកាប់ឈើក្នុងព្រៃ អ្នក​នេសាទ និងពលករស៊ីឈ្នួលធ្វើចំការ ដោយ​ចោទថាពួកគេ គឺជាឈ្លបយកការណ៍ឲ្យ​ទាហាន ឬក្រុមប្រដាប់អាវុធ ស្និទជាមួយ​រដ្ឋាភិបាល។ ប្រមាណ​១០ឆ្នាំមកនេះ ក្រុមជីហាតអ៊ីស្លាម​បូកូហារ៉ាំ បានសម្លាប់ជីវិតប្រជាជនស្លូតត្រង់ អស់ប្រមាណ​៣៦០០០នាក់ នឹងបានធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោច ២លាននាក់ ត្រូវបង្ខំចិត្តភៀសខ្លួន ចេញពីភូមិស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI