វិបត្តិជនភៀសខ្លួន

អ.ស.ប ថា​មាន​មនុស្ស​រហូត​ដល់​ទៅ​ជាង​ ៨០​លាន​នាក់​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង

ដោយសារសង្គ្រាម ចំនួនប្រជាជនដែលរត់ភៀសខ្លួនទាំងបង្ខំចិត្តចេញពីផ្ទះសម្បែងបានកើនឡើងរហូតដល់ទៅជាង ៨០ លាននាក់ នៅឆ្នាំ២០២០នេះ។
ដោយសារសង្គ្រាម ចំនួនប្រជាជនដែលរត់ភៀសខ្លួនទាំងបង្ខំចិត្តចេញពីផ្ទះសម្បែងបានកើនឡើងរហូតដល់ទៅជាង ៨០ លាននាក់ នៅឆ្នាំ២០២០នេះ។ AP - Hani Mohammed
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

រហូតមកទល់នឹង​ពេលនេះ ​បើទោះបីជា​មានការ​អំពាវនាវ​ ឲ្យ​មាន​បទ​ឈប់​បាញ់​ និង​ក្តី​អាណិត​មេត្តា​ចំពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩ក្តី​ ក៏​ការ​វាយប្រយុទ្ធគ្នា​ នៅតែ​បន្ត​កើត​ឡើង​ដដែល​ក្នុង​ប្រទេស​ជាប់ជម្លោះ​។ យោងតាម​អង្គការ​សហប្រជាជាតិ​ នៅក្នុង​ឆ្នាំ​ ២០២០​នេះ​ មាន​ប្រជាជន​រហូតដល់​ទៅជាង​ ៨០​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក​ ដែល​ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​ចេញពីផ្ទះ​សម្បែង​ ដោយសារ​អំពើហិង្សា​ និង​ការធ្វើទុក្ខបុកម្នេញ​។

ផ្សាយពាណិជ្ជកម្ម

ដោយសារ​សង្គ្រាម​ ចំនួន​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ទាំងបង្ខំចិត្ត​ចេញពី​ផ្ទះសម្បែង​ បាន​កើន​ឡើង​រហូតដល់ទៅជាង​ ៨០ លាននាក់​។ នេះ​ គឺជា​ចំនួន​ដ៏​ច្រើន​លើសលុប​ និង​កម្រ​មាន​បំផុត​មួយ​ យោង​ទៅតាម​ការបញ្ជាក់ប្រាប់​របស់​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​នៅថ្ងៃពុធ​ ទី៩​ ធ្នូ​នេះ​។

ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុកជនភៀស​ខ្លួន​របស់​អ.ស.ប លោក​ Filippo Grandi បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា​ ស្ថានការណ៍​កំពុង​ដើរ​ឈាន​ទៅ​រក​ដំណាក់​កាល​ដ៏​ពិបាក​មួយ​បន្ថែម​ទៀត​ ល្គឹកណាតែ​មេដឹកនាំ​ពិភពលោក​បញ្ឈប់​សង្គ្រាម​។

គួររំឭកជូនថា​ តាំងតែពី​ខែមីនា​ ឆ្នាំ ២០២០​ អគ្គលេខាធិការ​អ.ស.ប លោក​អង់តូនីញ៉ូ ហ្គូទែរស៍ បាន​អំពាវឲ្យ​មាន​បទឈប់បាញ់​ជា​សកល​មួយ​ ខណៈដែល​ពិភពលោក ប្រយុទ្ធទល់​នឹង​ជំងឺ​រាតត្បាតកូវីដ​ ដែល​មកទល់នឹង​សព្វថ្ងៃនេះ​បានសម្លាប់មនុស្ស​លើល ១ លាន ៥សែននាក់ហើយ។។

ដោយឡែក​ បើទោះបីជា​មានការអំពាវនាវ​ដោយទទូច​ ម្តងជាពីរដង​ហើយយ៉ាងណាក្តី​ ក៏ការ​វាយ​ប្រយុទ្ធគ្នានៅតែ​បន្តមាន​ក្នុងប្រទេស​មួយចំនួន​ដដែល​។ ជាក់ស្តែង​ ទីភ្នាក់ងារ​អ.ស.ប​ទទួល​បន្ទុក​ជនភៀស​ខ្លួនបាន​ឲ្យដឹងថា​ តាមតួលេខ​បឋម​ក្នុង​ឆមាស​ទីមួយនៃឆ្នាំ ២០២០​ អំពើហិង្សា​ នៅក្នុង​ប្រទេសស៊ីរី​ កុងហ្គោ ម៉ូសំប៊ិក​ សូម៉ាលី​ និង​ប្រទេស​យេម៉ែន​ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​រត់ភៀស​ខ្លួនចេញ​ពីផ្ទះសម្បែង​របស់ពួកគេ​។

បន្ទាប់មានទៀត​ គឺ​នៅ​តំបន់​សាហេល​ស្ថិតនៅកណ្តាល​នៃ​ទ្វីបអាហ្វ្រិក​ ក៏​ការ​ផ្លាស់ទី​រត់ភៀសខ្លួន​ ឲ្យកត់សម្គាល់​ខ្លាំង​ដែរ​ ពីព្រោះតែ​អំពើហិង្សា​ដ៏ឃោរឃៅ​រួមមានទាំង​ការ​ចាប់រំលោភ​ និង​ការ​កាប់សម្លាប់​។ ជាមួយនឹង​អត្រា​រត់ភៀសខ្លួន​កើនឡើង​ទ្វេដង​នៅក្នុង​ទសវត្សរ៍​ចុងក្រោយនេះ​ សហគមន៍អន្តរជាតិ​ កំពុងតែ​ខកខានមិនអាច​ការពារសន្តិភាព​ទៅតាម​គោលដៅ​ចង់បាន​របស់ខ្លួន​ឡើយ។

អ.ស.ប បាន​ចង្អុល​បង្ហាញ​ថា ក្រៅតែ​គ្មាន​ការឈប់​វាយប្រយុទ្ធគ្នា​ជា​ដុំកំភួន​ហើយនោះ​ វិបត្តិ​កូរ៉ូណាវីរុស​ បាន​ទៅ​រំខាន​ដល់​គ្រប់ផ្នែក​នៃ​ជីវិតរស់នៅ​របស់​មនុស្ស​ និង​បាន​ធ្វើឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​បញ្ហាប្រឈមនានា​ ដែល​មាន​សម្រាប់​ជន​ភៀសខ្លួន​និង​អ្នក​គ្មាន​ទី​ជម្រក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI