ក្បួនជំនួយអន្តរជាតិដំបូងទៅដល់តំបន់ទីហ្ក្រេនៃប្រទេសអេត្យូពី
ចុះផ្សាយនៅថ្ងៃ៖
ក្បួនជំនួយអន្តរជាតិដំបូងបានទៅដល់រដ្ឋធានីស្ថិតនៅក្នុងតំបន់ទីហ្ក្រេ (Tigray) នៃប្រទេសអេត្យូពី នាថ្ងៃសៅរ៍ ទី១២ ធ្នូ ក្រោយការប្រយុទ្ធគ្នាផ្ទុះឡើងជាងមួយខែរួចមក។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលអេត្យូពី និងក្រុមយោធារំដោះតំបន់ទីហ្ក្រេ បានបង្កឲ្យមានវិបត្តិជនភៀសខ្លួន។ កាលពីខែមុន អង្គការសហប្រជាជាតិបានស្វះស្វែងរកថវិកាបន្ទាន់ប្រមាណ ១៥ពាន់លានដុល្លារ សម្រាប់ជួយប្រជាជនអេត្យូពីរាប់ម៉ឺននាក់ដែលបានរត់ភៀសខ្លួនទៅប្រទេសក្បែរខាងស៊ូដង់។
រថយន្តចំនួន ៧ គ្រឿងដែលមានផ្ទុកទៅដោយថ្នាំសង្កូវ និងសម្ភារៈពេទ្យសម្រាប់អ្នករងរបួសចំនួន ៤០០នាក់ និងជំនួយសង្គ្រោះផ្សេងទៀតបានទៅដល់ទីក្រុងមេកេឡេ (Mekele) ដែលជាទីប្រជុំជនធំរបស់តំបន់ទីហ្ក្រេស្ថិតនៅភាគខាងជើងអេត្យូពី។ ប្រជាជនជិតកន្លះលាននាក់នៅទីនោះ រស់នៅយ៉ាងលំបាកលំបិន និងមិនបានទទួលជំនួយមនុស្សធម៌ចាប់ពីជម្លោះផ្តើមផ្ទុះឡើង។
ក្បួនជំនួយអន្តរជាតិខាងលើ គឺជាជំនួយដំបូងគេដែលបានទៅដល់ក្រុងមេកេឡេ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់ទីហ្ក្រេ កាលពីថ្ងៃទី ៤ វិច្ឆិកា។ នេះបើយោងទៅតាមគណៈម្មាធិការនៃកាកបាទក្រហមអន្តរជាតិ ដោយបានបន្ថែមទៀតថា អគារថែទាំសុខភាពនៅទីនោះបានរងការបំផ្លាញយ៉ាងដំណំ។
លោក Patrick Youssef នាយកប្រចាំតំបន់ទ្វីបអាហ្វ្រិករបស់គណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិបានមានប្រសាសន៍ថា ជំនួយមនុស្សធម៌នឹងផ្តល់លទ្ធភាពដល់ក្រុមគ្រូពេទ្យក្នុងការកាត់បន្ថយការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនរងគ្រោះ។ រយៈពេលជាច្រើនសប្តាហ៍មកនេះ ក្រុមគ្រូពេទ្យទាំងនោះបានព្យាយាមបំពេញបេសកកម្មរបស់ពួកគេទាំងដែលគ្មានទឹក និងភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់។
ក្បួនរថយន្តដឹកជំនួយបានទៅដល់អេត្យូពី នៅក្រោយពេលដែលអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះស្ថានភាពនៃជនភៀសខ្លួនអេរីត្រេដែលមានចំនួនជិត ១សែននាក់នៅតំបន់ទីហ្ក្រេ និងបានអំពាវនាវឲ្យមានការចូលជួយជាបន្ទាន់ដល់ពួកគេ ព្រមទាំងប្រជាជនរងគ្រោះប្រមាណ ៦ សែននាក់ផ្សេងទៀត ដែលរស់ត្រូវការជំនួយស្បៀងអាហារតាំងពីមុនជម្លោះចាប់ផ្តើមទៅទៀត។
គួរជ្រាបថា ក្រោយផ្ទុះការវាយប្រយុទ្ធគ្នា រដ្ឋាភិបាលអេត្យូពីបានរឹតត្បិតលើការធ្វើដំណើរទៅកាន់តំបន់ទីហ្ក្រេ។ មួយវិញទៀត ការដាច់ចរន្តអគ្គិសនីបានធ្វើឲ្យមានការលំបាកក្នុងការវាយតម្លៃពីទំហំនៃការរងគ្រោះ។ ក្រុមផ្តល់ជំនួយរបស់អ.ស.ប បានព្រមានជាច្រើនសប្តាហ៍អំពីវិបត្ដិខ្វះខាតចំណីអាហារ ក៏ប៉ុន្តែការប៉ុនប៉ងបញ្ជូនជំនួយទៅអេត្យូពីត្រូវបានពន្យារជាច្រើនលើកច្រើនសារ។ យ៉ាងណាក៏ដោយ នៅទីបំផុតទៅ ក្បួនជំនួយមនុស្សធម៌ដំបូងរបស់អ.ស.ប បានទៅដល់ទីក្រុងមេកេឡេនៃតំបន់ទីហ្ក្រេនៅថ្ងៃសៅរ៍ ទី១២ ធ្នូ ឆ្នាំ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ