ទំនាក់ទំនង​អ៊ីស្រាអែល-ម៉ារ៉ុក៖ អាល់ហ្សេរី​មើលឃើញ ការគំរាមកំហែង​នៅនឹង​ព្រំដែន​របស់ខ្លួន

ទាហាន​អាល់ហ្សេរី លីក្តារមឈ្ឈូស សព របស់​Mohamed Abdelaziz,អគ្គលេខាធិការ​របស់​រណសិរ្ស​ប៉ូលីសារីយ៉ូ ដែល​ជា​ចលនា​ទាមទារ​ផ្តាច់ទឹកដី​នៅ​សាហារ៉ាខាងលិច គាំទ្រ​ដោយ​អាល់ហ្សេរី ប៉ុន្តែ ដែល​ប្រយុទ្ធដណ្តើមទឹកដី​ជាមួយ​ម៉ារ៉ុក
ទាហាន​អាល់ហ្សេរី លីក្តារមឈ្ឈូស សព របស់​Mohamed Abdelaziz,អគ្គលេខាធិការ​របស់​រណសិរ្ស​ប៉ូលីសារីយ៉ូ ដែល​ជា​ចលនា​ទាមទារ​ផ្តាច់ទឹកដី​នៅ​សាហារ៉ាខាងលិច គាំទ្រ​ដោយ​អាល់ហ្សេរី ប៉ុន្តែ ដែល​ប្រយុទ្ធដណ្តើមទឹកដី​ជាមួយ​ម៉ារ៉ុក AP - Sidali Djarboub
ដោយ៖ ឈាង បុប្ផា
១៥ នាទី

មួយថ្ងៃ​ក្រោយ ប្រធានាធិបតី អាមេរិក​ប្រកាស​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​ជាមួយម៉ារ៉ុក ​ប្រទេស​អារ៉ាប់ មួយទៀត នៅក្នុង​តំបន់ អាល់ហ្សេរី បានចេញមុខ​ប្រតិកម្ម រិះគន់ អ៊ីស្រាអែល និង​សកម្មភាព​បរទេស ដែល​សំដៅ បង្ក​អស្ថិរភាព​របស់​ប្រទេស​អាល់ហ្សេរី។ កាលពី​ថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តី អាល់ហ្សេរី លោក អាប់ឌែលឡាហ្ស៊ីស ហ្សេរ៉ាដ Abdelaziz Djerad បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា កំពុង​មានឆន្ទៈ​ចង់​ខិតចូលជិត​ព្រំដែន​អាល់ហ្សេរី។

ផ្សាយពាណិជ្ជកម្ម

អាល់ហ្សេរី ដែល​មាន​ព្រំដែន ជាប់​ជាមួយ​ប្រទេស​ម៉ារ៉ុក មិន​ស្វាគម​កិច្ចព្រមព្រៀង​ជាប្រវត្តិសាស្រ្ត​ដែល​ភ្ជាប់​ទំនាក់ទំនង​អ៊ីស្រាអែល និង​ម៉ារ៉ុកនោះទេ។ នៅក្នុង​ក្រសែភ្នែក​របស់​អាល់ហ្សេរី ទំនាក់ទំនង​ជា​ប្រក្រតី​ឡើងវិញ រវាង​ប្រទេស​អារ៉ាប់ ដូចជា​ម៉ារ៉ុក​ជាមួយ​រដ្ឋជ្វីហ្វ​អ៊ីស្រាអែល នឹង​បើកផ្លូវ​ឲ្យ​អ៊ីស្រាអែល ចូល​ខិត​កាន់តែជិត ព្រំដែន​របស់​អាល់ហ្សេរី ដែលបើតាម​នាយករដ្ឋមន្រ្តី អាល់ហ្សេរី វា​មិនមែន​ជា​រឿងនោះទេ សម្រាប់​ស្ថិរភាព​របស់​អាល់ហ្សេរី។

សម្រាប់អ្នកវិភាគនយោបាយ​អាល់ហ្សេរី លោក Abed Charef ការខិតចូលជិតគ្នា​រវាង​ម៉ារ៉ុក និង​អ៊ីស្រាអែល ដែល​សុទ្ធ​តែ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូចគ្នា​បាន​បើកផ្លូវ កាន់តែ​ធំជាងមុន សម្រាប់​ឲ្យ​អ៊ីស្រាអែល​អាច​ទាញ​យក​ប្រយោជន៍​ពីកងទ័ព​ម៉ារ៉ុក នៅក្នុង​ទិដ្ឋភាព​ជាច្រើន តាំង​ពីការតាមដាន​បច្ចេកវិទ្យា ការត្រួតពិនិត្យ​ដែនអាកាស ដ្រូន ចារកម្ម និង​ការសាបព្រួស​ឥទ្ធិពល​របស់​អ៊ីស្រាអែល​លើ​បណ្តាញ​គ្រប់គ្រង​អ៊ីនធ័រនែត​របស់​ម៉ារ៉ុក។

មួយវិញទៀត ការដែល​អាមេរិក​ទទួល​ស្គាល់​តំបន់​សាហារ៉ា​ខាងលិច​ថា ជា​ទឹកដី ស្របច្បាប់​របស់​ម៉ារ៉ុក ក៏នឹង​ធ្វើ​ឲ្យ​អាល់ហ្សេរី បាត់បង់​ប្រយោជន៍ដែរ ព្រោះថា អាល់ហ្សេរី ជាអ្នកជួយគាំទ្រ ពីក្រោយ ក្រុមរណសិរ្ស ទាមទារ​ឯករាជ្យ ប៉ូលីសារីយ៉ូ ដែល​គ្រប់គ្រង​ទឹកដី មួយផ្នែក នៅ​សាហារ៉ាខាងលិច។

នៅថ្ងៃ​សុក្រ លោកប្រធានាធិបតី ដូណាល់ ត្រាំ​បាន​ប្រកាស​ពីការចុះកិច្ចព្រមព្រៀង​ភ្ជាប់ទំនាក់ទំនង​អ៊ីស្រាអែល និង​ម៉ារ៉ុក និង​ការចុះ​ហត្ថលេខា​ទទួល​ស្គាល់​តំបន់​សាហារ៉ា​ខាងលិច ថា ជា​ដែនដី​ស្របច្បាប់​របស់​ម៉ារ៉ុក។  រណសិរ្ស ប៉ូលីសារីយ៉ូ ដែល​ជា​ក្រុម​ទាមទារ​ផ្តាច់ទឹកដី​និយម​ក្នុង​តំបន់​សាហារ៉ាខាងលិច បាន​បរិហា​ផ្តន្ទាទោស​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ។

សូមបញ្ជាក់ថា នៅក្រោយ​ អេស្ប៉ាញ​ដកខ្លួន លែង​ធ្វើអាណានិគមទៅលើ​តំបន់ សាហារ៉ាខាងលិច នៅ​ឆ្នាំ ១៩៧៥ ម៉ារ៉ុក និង​ម៉ូរីតានី​បាន​ប្រយុទ្ធគ្នា ដើម្បី ដណ្តើម​គ្រប់គ្រង​រៀងៗខ្លួន។ ប៉ុន្តែ នៅពេល​ម៉ូរីតានី​ដកខ្លួន នៅ​ឆ្នាំ ១៩៧៩ ម៉ារ៉ុក ត្រូវ​ជាប់ដៃ ប្រយុទ្ធគ្នា ជាមួយ​ក្រុមទាមទារ​ឯករាជ្យ ប៉ូលីសារីយ៉ូ រហូត​ដល់សព្វថ្ងៃនេះ។ អាមេរិក​បាន​គាំទ្រ​សព្វាវុធ​ដល់​កងទ័ព​ម៉ារ៉ុក ចំណែក អាល់ហ្សេរី​ចូលរួម​ប្រយុទ្ធ​ជួយ​រណសិរ្ស​ប៉ូលីសារីយ៉ូ ដែល​មាន​កងទ័ព​ប្រមាណ ១៥ ០០០នាក់។

នៅ​ថ្ងៃសៅរ៍ ក្រៅតែ​អាល់ហ្សេរី អ៊ីរ៉ង់ ដែល​ជា​សត្រូវសួពូជ​របស់​អ៊ីស្រាអែល​បាន​ចេញ​មុខ​ថ្កោលទោស​ផងដែរ កិច្ចព្រមព្រៀង​ភ្ជាប់ទំនាក់ទំនង​អ៊ីស្រាអែល ម៉ារ៉ុក ដែល​អ៊ីរ៉ង់ ចាត់ទុក​ជា​ការក្បត់​នឹង​សាសនា​អ៊ីស្លាម ហើយ​និង​ប្រជាជន​ប៉ាឡេស្ទីន។ ទីក្រុង​រ៉ាបា​របស់​ម៉ារ៉ុក​បាន​បញ្ជាក់​នៅថ្ងៃ​ព្រហស្បតិ៍ថា ខ្លួន​នឹង​រៀបចំ​ទំនាក់ទំនង​ជាផ្លូវការ និង​ការទូត​ជាមួយ​ភាគី​អ៊ីស្រាអែលឲ្យ​បាន​ឆាប់​ជាទីបំផុត។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI