អេត្យូពី-ការវាយប្រហារ

មនុស្ស​ ២០៧​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​មួយ​នៅ​អេត្យូពី

នៅក្នុងរូបភាពនេះ បុរសម្នាក់ឈរនៅមុខផ្ទះរបស់គាត់ដែលត្រូវបានបំផ្លាញនៅឯភូមិ Bisober ក្នុងតំបន់ទីហ្ក្រេប្រទេសអេត្យូពីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០។
នៅក្នុងរូបភាពនេះ បុរសម្នាក់ឈរនៅមុខផ្ទះរបស់គាត់ដែលត្រូវបានបំផ្លាញនៅឯភូមិ Bisober ក្នុងតំបន់ទីហ្ក្រេប្រទេសអេត្យូពីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០។ AFP - EDUARDO SOTERAS
ដោយ៖ អ៊ុង គឹមអ៊ាន់
១៦ នាទី

មនុស្ស​សរុប​ចំនួន​ ២០៧ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មួយ​កាលពី​ថ្ងៃពុធ​នៅ​ភាគ​ខាង​លិច​ប្រទេស​អេត្យូពី​។ អត្រា​អ្នក​ស្លាប់​បាន​កើន​ឡើង​ជាង​ទ្វេដង​ប្រៀបធៀប​នឹង​ស្ថិតិ​ចាស់​។ នេះ​បើ​តាម​ការ​អះអាង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អេត្យូពី​ (EHRC) កាល​ពី​យប់​ថ្ងៃសុក្រ​ ទី២៥ ធ្នូ​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

ការ​វាយ​ប្រហារ​ចុង​ក្រោយនេះ​កើត​ឡើង​នៅ​ក្នុង​តំបន់​មេកេឡេ​ (Mekele) នៃ​រដ្ឋ​បេនីស្ហានហ្គូល​ ហ្គូមឺហ្ស​ (Benishangul-Gumuz) ភាគ​ខាងលិច​ប្រទេស​អេត្យូពី​។ គណៈកម្មាការ​ធិការ​សិទ្ធិ​មនុស្ស​អេត្យូពី​ (EHRC) បានឲ្យដឹង​ថា​ក្នុង​ចំណោម​ជនរង​គ្រោះ​ទាំងអស់​មាន​បុរស​ចំនួន​ ១៣៣ នាក់ ស្ត្រី ៣៥ នាក់​ មនុស្ស​ចាស់​ ២០​នាក់​ និង​កុមារ​ ១៧ នាក់​ដែល​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ជា​ទារក​អាយុ​ទើប​បាន​ ៦ ខែ​ប៉ុណ្ណោះ​។

នៅពេលនេះ​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​កំពុង​បន្ត​ធ្វើ​ដោយ​មាន​ជំនួយ​ពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ និង​ដោយ​យោង​តាម​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ​។ មន្ត្រី​ប៉ូលិស​ អាជ្ញាធរ​ក្នុង​តំបន់​ ព្រមទាំង​ការិយាល័យ​មេធាវី​ ត្រូវបានបង្កើតឡើង​ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​ ការចុះឈ្មោះ​ និង​ពិធី​បញ្ចុះសព​ជន​រងគ្រោះ​។

មន្ត្រី​ក្នុង​តំបន់​ម្នាក់​ក៏​បាន​ជូន​ដំណឹង​ដល់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អេត្យូពី​ដែរ​ថា​ជន​រងគ្រោះ​ពីរ​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ខណៈពេល​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ Bulen កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។

បន្ទាប់ពី​ការ​វាយប្រហារ​កាលពីថ្ងៃពុធ​ ក្រុម​អ្នក​ការពារសិទ្ធិ​មនុស្ស​បាន​អំពាវនាវ​សា​ជា​ថ្មី​ទៀត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​ត្រូវការ​ចាំបាច់​និង​ជា​បន្ទាន់​ដើម្បី​ចែក​ជូន​ដល់ជន​រងគ្រោះ​និង​មនុស្ស​ដែល​រត់​ចេញពី​ផ្ទះសម្បែង​ពីព្រោះតែ​អំពើ​វាយប្រហារ​។

គួរជម្រាបជូនថា​ ការ​វាយប្រហារការ​បង្ហូរឈាម​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ ១០ យប់​ ម៉ោង​នៅ​អេត្យូពី​កាលពី​ថ្ងៃ​អង្គារ​។ ក្រុម​ប្រដាប់​អាវុធ​បាន​បាញ់​រះ​សំដៅ​ទៅលើ​អ្នក​ស្រុក​នៅពេល​ដែល​ពួកគេ​កំពុង​លង់លក់​ក្នុង​ដំណេក​ ហើយ​ដំណាំ​របស់​ពួកគេ​ជា​ច្រើន​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ​ខ្ទេចខ្ទី​អស់​ផង​ដែរ​។

អាជ្ញាធរ​អេត្យូពី​បានឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ទាហាន​រដ្ឋាភិបាល​បាន​សម្លាប់​ក្រុម​ប្រដាប់​អាវុធ​ ៤២ នាក់​ដែលបាន​ចូលរួម​ក្នុង​សកម្មភាព​សម្លាប់​រង្គាល​ខាងលើ​។ យ៉ាងណា​ក៏ដោយ ​ទាហាន​អេត្យូពី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ​អំពី​អត្តសញ្ញាណ​របស់​ពួកគេ​។

ទន្ទឹមគ្នានេះ​ នាយករដ្ឋមន្រ្តី​អេត្យូពី​លោកអាប៊ី អាមេដ​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតទ័រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ការ​សម្លាប់រង្គាល​នៅក្នុង​តំបន់​បេនីស្ហានហ្គូល​ ហ្គូមឺហ្ស​ គឺជា​រឿង​ដ៏​សោកសៅ​ខ្លាំង​ណាស់​មួយ​”។ លោកបាន​បន្ត​ដោយ​ទទួលស្គាល់​ដែរ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI