សាធារណរដ្ឋអាហ្វ្រិកកណ្តាល

អាហ្វ្រិកកណ្តាលមានះ រៀបចំការ​បោះឆ្នោត ទោះបីប្រឈម​ការ​គំរាម​កំហែង ផ្នែក​សន្តិសុខ

ប្រជាជនរងចាំចូលបោះឆ្នោត នៅសង្កាត់មួយ​ ក្នុងរដ្ឋធានី បានហ្គី ប្រទេសអាហ្វ្រិកកណ្តាល។ ថ្ងៃទី​ ២៧ ធ្នូ ២០២០
ប្រជាជនរងចាំចូលបោះឆ្នោត នៅសង្កាត់មួយ​ ក្នុងរដ្ឋធានី បានហ្គី ប្រទេសអាហ្វ្រិកកណ្តាល។ ថ្ងៃទី​ ២៧ ធ្នូ ២០២០ REUTERS - STRINGER
ដោយ៖ ម៉ម ពិសី
១៦ នាទី

ថ្ងៃទី​២៧ធ្នូនេះ សាធារណៈរដ្ឋ​អាហ្វ្រិកកណ្តាល បានរៀបចំ​ការបោះឆ្នោតជ្រើសរើសសមាជិក​សភា និងជ្រើសរើសប្រធានាធិបតី។ ជាការបោះឆ្នោត ដែលស្ថិត​នៅក្នុងគ្រោះថ្នាក់​បំផុត ដោយសារតែ​ក្រុមឧទ្ទាមប្រដាប់អាវុធ បានគំរាមថានឹងវាយប្រហារ និងរារាំងដំណើការ​បោះឆ្នោតនេះ។ ការបោះឆ្នោតនេះ ក៏បានទទួល​ការការពារ​ ពីសំណាក់​ក្រុមកងកម្លាំងមួកខៀវរបស់អង្គការ​សហប្រជាជាតិ កងទ័ព​របស់រ៉ូវ៉ាន់ដា ព្រមទាំង​កម្លាំងពិសេសរបស់រុស្ស៊ីផងដែរ។

ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាមប្រដាប់អាវុធ ធ្លាប់បានប្រកាសថា នឹងបំផ្លាញការបោះឆ្នោតនេះ ដើម្បីរារាំង កុំឲ្យ​លោក Touadéra អាចបន្តកាន់អំណាចបានតទៅទៀត។ យោងតាមប្រភពជាច្រើន នៅតាមតំបន់មួយចំនួនធំ នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺក្រុមឧទ្ទាម បាន​គំរាមសំឡុត សម្លាប់អ្នកដែលហ៊ានទៅបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមតំបន់ខ្លះ ក្រុមឧទ្ទាម បាន​រឹបអូសយកសម្ភារៈបោះឆ្នោតទៀតផង។ ក្រៅតែពីនៅរដ្ឋធានី បានហ្គី ដែលការបោះឆ្នោត​ហាក់បានដំណើរការទៅ​តាមសម្រួល ចំណែកនៅតំបន់ផ្សេងទៀត ប្រជាជន​រាប់ម៉ឺននាក់ បានអះអាងថា គេមិនបានទទួលបណ្ណបោះឆ្នោតឡើយ រហូតដល់ព្រឹកថ្ងៃបោះឆ្នោត។

គួរកត់សំគាល់ថា នៅក្នុងបរិបទបែបនេះ ភាពត្រឹមត្រូវស្របច្បាប់ អាចយកជាការបាន នៃការបោះឆ្នោតនេះ កំពុងតែត្រូវបានគេចោទសួរ។ លោកប្រធានាធិបតី​ Touadéra ដែលមានះ ចង់រៀបចំការបោះឆ្នោតនេះ ត្រូវបាន​គេបរិហាផងដែរ ថាបានរៀបចំ​ការបន្លំសន្លឹកឆ្នោត ដើម្បីអាចជាប់នៅជុំទីមួយតែម្តង ខណៈដែល បក្ស​នយោបាយ​ប្រឆាំង បាន​បែកបាក់គ្នា រាយប៉ាយ​ជាបក្សតូចៗ គ្មាននរណាអាចប្រជែងបាន។

គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ត្រូវបាន​ទទួលការ​តាមដានការពារ ពីសំណាក់ កងទ័ពមួកខៀវនៃបេសកកម្មរក្សាសន្តិភាពប្រចាំអាហ្វ្រិក របស់អង្គការសហប្រជាជាតិ ចំនួន១១៥០០នាក់។ បន្ថែមពីនេះ រ៉ូវ៉ាន់ដា បានបញ្ជូនកងកុម្មង់ដូពិសេស ចំនួន​៣០០នាក់។ រុស្ស៊ីដែល​បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ​លោក​ប្រធានាធិបតី Touadéra ក៏បានបញ្ជូនកងកម្លាំងឯកជនចំនួន​៣០០នាក់ដែរ ដើម្បី​ការពារការបោះឆ្នោតនេះ។

យ៉ាងណាក៏ដោយ លោក Thierry Vircoulon អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបារាំងសិក្សាទំនាក់ទំនងអន្តរជាតិ បាន​លើកឡើងថា ក្រុមឧទ្ទាម មានលទ្ធភាព រ៉ៅឆានការបោះឆ្នោតនេះ ដោយ​មិនចាំបាច់ លើកកម្លាំងចូលទៅវាយ​ដល់រដ្ឋធានីទេ។ ចំណែក លោក ​Roland Marchal អ្នកជំនាញនៅ​មជ្ឈមណ្ឌលស្រាវជ្រាវ​អន្តរជាតិ នៃសាលា​វិទ្យាសាស្ត្រនយោបាយ​ប៉ារីស បាន​លើកឡើងថា ប្រជាជនអាហ្វ្រិក​កណ្តាល កំពុងតែក្លាយជាចំណាប់ខ្មាំង ដោយសារតែការបោះឆ្នោត ដែលមិនអាចយកជាការបាន។

សូមរំលឹកថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាប្រទេសមួយ​ក្នុងចំណោមប្រទេសក្រីក្របំផុត​លើលោក។ សង្រ្គាមស៊ីវីលដណ្តើមអំណាច ដែលបានផ្ទុះឡើងតាំងតែពីឆ្នាំ​២០១៣មក បានធ្វើ​ឲ្យ​ប្រជាជនអាហ្វ្រិកកណ្តាល ប្រមាណ​ជិត​២លាននាក់ ត្រូវបង្ខំចិត្ត រត់ភៀសខ្លួនចោលផ្ទះសំបែង។ ក្រុមនយោបាយអ៊ីស្លាម Séléka និងក្រុម​លោកអតីតប្រធានាធិបតី François Bozizé ដែលបាន​​ប្រយុទ្ធគ្នា និងកាប់សម្លាប់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់ ត្រូវបាន​អង្គការសហប្រជាជាតិ ចោទ​ប្រកាន់​​ពី បទឧក្រិដ្ឋកម្មសង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI