ទាហានបារាំងចំនួន ៣នាក់របស់កម្លាំងបារកានបានបាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃចន្ទ ទី២៨ ធ្នូ ទាហានបារាំងចំនួន ៣នាក់របស់កម្លាំងបារកានត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការក្នុងប្រទេសម៉ាលី។ តាមព័ត៌មានរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ ការស្លាប់របស់ទាហានបារាំងទាំង ៣នាក់បានកើតឡើងនៅពេលដែលពួកគេកំពុងបំពេញបេសកម្មជិះរថយន្ត និងដែលរថយន្តរបស់ពួកគេបានបរជាន់លើគ្រាប់មីនច្នៃក្នុងតំបន់ហូមបូរី។ ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងចាត់ទុកការបាត់បង់ជីវិតនៅក្នុងបេសកកម្មរបស់ពួកគេជាការបាត់បង់ជីវិតដើម្បីប្រទេសបារាំង។
នៅក្នុងប្រទេសម៉ាលី តំបន់ហូមបុរីជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់ដែលកំពុងមានវត្តមានក្រុមប្រដាប់អាវុធភេរវនិយមហៅកាត់ RVIM (Rassemblement pour la victoire de l'islam et des musulmans)។ តាមក្រសួងការពារជាតិបារាំង កម្លាំងទ័ពបានចូលអន្តរាគមន៍នៅក្នុងតំបន់មួយដែលក្រុមភេរវជនវាយប្រហារលើជនស៊ីវិល និងគំរាមកំហែងល់ស្ថិរភាពតំបន់។ ចំណែកវិមានប្រធានាធិបតីបារាំងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីលោកម៉ាក្រុងបានរម្លឹកពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវនិយម។
ទន្ទឹមគ្នានេះ លោកម៉ាក្រុងបានចូលរួមសោកស្តាយយ៉ាងខ្លាំងពីការស្លាប់ទាហានបារាំងទាំង ៣នាក់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិ រួមទាំងបញ្ជាក់ពីការទទួលស្គាល់ និងសាមគ្គីភាពរបស់ជាតិ។ តាមលោកម៉ាក្រុង ការស្លាប់របស់ទាហានបារាំងទាំង ៣នាក់នៅក្នុងបេសកកម្មជាការស្លាប់ដើម្បីប្រទេសបារាំង។ សាររំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធក៏មានពីប្រធានាធិបតីម៉ាលីលោក Bah N’Daw ដែរ។ « ខ្ញុំសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធចំពោះទាហានបារាំងវ័យក្មេងទាំង ៣នាក់ជាវីរៈបុរស » នេះជាសាររបស់លោក Bah N’Daw។
សូមបញ្ជាក់ថា កម្លាំងទ័ពបារាំង និងម៉ាលីទើបបានបោះទីតាំងនៅក្នុងតំបន់ហូមបូរីសម្រាប់បេសកកម្មរយៈពេលមួយខែដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ និងការពារជនស៊ីវិលនៅក្នុងតំបន់។ មន្រ្តីម្នាក់ក្នុងកម្លាំងបារកានបានប្រាប់ RFI ថា គ្រាប់មីនច្នៃជាការគំរាមកំហែងចម្បងចំពោះកងទ័ព។ គួររម្លឹកថា កងទ័ពបារាំងបានចូលរួមបេសកម្មនៅក្នុងប្រទេសម៉ាលីជាមួយនឹងកម្លាំង Serval ក្នុងឆ្នាំ ២០១៣ និងកម្លាំងបារកានតាំងពីឆ្នាំ ២០១៤។ គិតមកទល់ពេលនេះ មានទាហានបារាំងចំនួន ៤៧នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ