ហ្គីណេ-ជំងឺអេបូឡា

WHO ប្រកាសជួយប្រទេសហ្គីណេដែលកំពុងប្រឈមនឹងការផ្ទុះជំងឺអេបូឡាឡើងវិញ

WHO ប្រកាសជួយប្រទេសហ្គីណេដែលកំពុងប្រឈមនឹងការផ្ទុះជំងឺអេបូឡាឡើងវិញ
WHO ប្រកាសជួយប្រទេសហ្គីណេដែលកំពុងប្រឈមនឹងការផ្ទុះជំងឺអេបូឡាឡើងវិញ AFP - PASCAL GUYOT

នៅ​ក្នុង​ប្រទេស​ហ្គីណេ ជំងឺ​អេបូឡា​បាន​លេច​រូបរាង​ជា​ថ្មី បន្ទាប់​ពី​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល ៥ឆ្នាំ​កន្លង​មក។ ទីភ្នាក់ងារជាតិ​ទទួល​បន្ទុក​សន្តិសុខ​សុខភាព​បាន​បញ្ជាក់​ពី​វត្តមាន​ជំងឺ​អេបូឡា​ចំនួន ៧ករណី​នៅ​ប៉ែកអាគ្នេយ៍​ក្នុង​នោះ​មាន​ស្លាប់​ចំនួន ៣នាក់។ ប្រតិកម្ម​ភ្លាមៗ​នៅ​ក្រោយ​ជំនួប​ជាមួយ​រដ្ឋអំណាច​សុខភាព​ហ្គីណេ អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​ពី​ការ​ជួយ​ហ្គីណេ​ជា​បន្ទាន់​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ពិសេស​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​អេបូឡា។ គួរ​រម្លឹក​ថា ជំងឺ​ផ្ទុះ​នៅ​អាហ្រ្វិកខាងលិច​មួយ​នេះ​ធ្លាប់​បាន​សម្លាប់​មនុស្ស​ជាង ១១ ៣០០នាក់​នៅ​ចន្លោះ​ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៦។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​អង្គការសុខភាព​ពិភពលោក WHO បាន​ធ្វើ​ឡើង​ដោយ​អ្នក​តំណាង​ប្រចាំ​ប្រទេស​ហ្គីណេ​លោក Alfred George Ki-Zerbo នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​កូណាគ្រី។ លោក Zerbo បាន​ថ្លែង​ថា WHO នឹង​ប្រើ​គ្រប់​មធ្យោបាយ និង​សមត្ថភាព​ជា​បន្ទាន់​ដើម្បី​ជួយ​ហ្គីណេ​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​អេបូឡា​ក្រោម​ទ្រង់ទ្រាយ​ធំ។ តាម​លោក Zerbo WHO បាន​ធ្វើ​ការ​ភ្លាមៗ​ដោយ​មាន​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​អេបូឡា​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់ និង​ឆាប់រហ័ស។ ចំណែក​នាយក​ទីភ្នាក់ងារជាតិ​ទទួល​បន្ទុក​សន្តិសុខ​សុខភាព​លោក Sakoba Keïta បាន​បញ្ជាក់​ថា វត្តមាន​ជំងឺ​អេបូឡា​បាន​លេច​ដំបូង​នៅ​ប៉ែកអាគ្នេយ៍​ចំនួន ៧ករណី ក្នុង​នោះ​មាន​ស្លាប់​ចំនួន ៣នាក់។

តែ​លោក Keïta បាន​ទទួល​ស្គាល់​ថា ស្ថានភាព​បច្ចុប្បន្ន​មិន​ដូច​គ្នា​នឹង​ស្ថានភាព​កាល​ពី​ឆ្នាំ ២០១៤ ទេ។ មិន​ដូច​គ្នា​នៅ​ត្រង់​ថា​ក្នុង​ឆ្នាំ ២០១៤ គេ​ត្រូវ​ចំណាយ​ពេល​ពី ៣ ទៅ ៥ខែ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ទើប​ដឹង​ជា​ជំងឺ​អេបូឡា។ តែ​ឥឡូវ គេ​ត្រូវ​ការ​ពេល​ធ្វើ​រោគ​វិនិច្ឆ័យ​មិន​ដល់ ២សប្តាហ៍​ផង។ គួរ​រម្លឹក​ថា វីរុស​អេបូឡា​ត្រូវ​បាន​គេ​រក​ឃើញ​អត្តសញ្ញាណ​លើកទី១ កាល​ពី​ឆ្នាំ ១៩៧៦ នៅ​ក្នុង​ប្រទេស​ហ្សាអៀ​ដែល​បច្ចុប្បន្ន​គេ​ហៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៣ ជំងឺ​អេបូឡា​បាន​ផ្ទុះ​ចេញ​ពី​ប្រទេស​ហ្គីណេ មុន​នឹង​ឆ្លង​រាលដាល​ចូល​ប្រទេស​លីបេរីយ៉ា និង​សៀរ៉ាឡេអូន​ក្បែង​ខាង។

ក្រោយ​ពី​បាន​ឆ្លង​ចូល​ក្នុង ១០ប្រទេស មាន​ទាំង​អេស្ប៉ាញ និង​សហរដ្ឋអាមេរិក​មក ជំងឺ​ផ្ទុះ​នៅ​អាហ្រ្វិកខាងលិច​មួយ​នេះ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១១ ៣០០នាក់​ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ប្រមាណ​ជា ២៨ ៦០០ករណី​បាន​បិទបញ្ចប់​ក្នុង​ឆ្នាំ ២០១៦។ នៅ ៥ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ប្រទេស​ហ្គីណេ​ដដែល​ដែល​ជំងឺ​ដដែល​មួយ​នេះ​បាន​ផ្តើម​លេច​រូបរាង​ជា​ថ្មី។ សម្រាប់ WHO ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ សព្វថ្ងៃ វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​គេ​ត្រូវ​ទប់​កុំ​ឲ្យ​ជំងឺ​អេបូឡា​ឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI