អាល់ហ្សេរី

អាល់ហ្សេរី ដោះលែង​អ្នកទោស​មនសិកា ក្នុង​ឱកាស​ខួប​ពីរ​ឆ្នាំ​នៃការ​បះបោរ​ប្រជាជន​

លោកAbdelmadjid Tebboune ប្រធានាធិបតី​អាល់ហ្សេរី ប្រកាស​ដោះលែងអ្នកទោស​មសិការ និង​រំលាយ​សភា​ដើម្បី​បោះឆ្នោត​ថ្មី
លោកAbdelmadjid Tebboune ប្រធានាធិបតី​អាល់ហ្សេរី ប្រកាស​ដោះលែងអ្នកទោស​មសិការ និង​រំលាយ​សភា​ដើម្បី​បោះឆ្នោត​ថ្មី - Algerie 3/AFP

អ្នកទោស​មនសិកា ជាង​៣០​នាក់ បានទទួល​ការលើកលែង​ទោស​ពី​ប្រធានាធិបតី​ និង​ត្រូវ​ដោះលែង​ឱ្យ​មានសេរីភាព​វិញ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌ ដោយ​ពុំមានការបញ្ជាក់​លម្អិត​អំពី​អត្តសញ្ញាអ្នក​ទាំង​អស់​នោះ​ទេ។ ការ​ដោះលែង​អ្នក​ទោស​មនសិកា ត្រូវ​បាន​ធ្វើ​ឡើង​តែ​ពី​រថ្ងៃ​មុន​ខួប​ពី​រឆ្នាំ​នៃការ​បះបោរប្រជាជន​ទម្លាក់​រដ្ឋាភិបាលចាស់។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ពិរុទ្ធជន​​ប្រមាណ​៥៥​ទៅ៦០​នាក់​ដែល​បាន​ទទួល​ការ​លើក​លែងទោស​ពី​ប្រធានាធិបតី​​ មាន៣៣​នាក់ ជា​អ្នកទោស​មនសិកា និង​គួរ​ឱ្យ​កត់សម្គាល់​ជាង​គេ​គឺ​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឱ្យ​​ទូរទស្សន៍​TV5Monde និង​ អង្គការអ្នក​យកការណ៍​គ្មានព្រំដែន លោក Khaled Drareni ដែល​ត្រូវ​បាន​តុលាការ​អាល់ហ្សេរី​កាត់​ទោសកាលពី​ខែ​កញ្ញា​២០២០ ​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ដែល​បាន​ក្លាយ​ជា​និម្មិត្តរូប​នៃ​ការ​តស៊ូ​ដើម្បី​សេរីភាព​នៃការ​បញ្ចេញ​មតិ។ ​

សកម្មជននយោបាយបក្ស​ប្រឆាំង Rachid Nekkaz ក៏បានទទួល​ការ​លើក​លែងទោស និង​បាន​ទទួលសេរីភាព​វិញ​ដែរ​នៅ​ថ្ងៃសៅរ៍ទី ២០​កុម្ភៈនេះ។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​គណៈកម្មការ​ជាតិ​ផ្នែក​ដោះលែង​អ្នក​ទោស​។

បើ​តាម​គណៈកម្មការ​ដោះលែងពិរុទ្ធជន មាន​អ្នក​ទោស​ប្រមាណ​៧០​នាក់​ ជាប់​ពន្ធនាគារពី​បទ​មាន​ពាក់ព័ន្ធ​នឹង​ចលនា​បះបោរ​ហ៊ីរ៉ក់ ឬ​សេរីភាព​នៃ​ការបញ្ចេញ​មតិ។​​ យ៉ាង​ហោច​ណាស់ ៩០% នៃ​អ្នក​ជាប់​ទោស​នេះ​ បាន​រង​ទោស​ដោយ​ហេតុ​តែ​បាន​បង្ហោះ​ផ្សាយ​សារ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​សង្គម។​

សូម​បញ្ជាក់​ថា​ គំនិត​ផ្តួច​ផ្តើម​របស់​លោក​ប្រធានាធិបតី​ ធេប៊ូន ​ដោះលែង​អ្នក​ទោស​មនសិកា​នេះ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​មុន​ខួប​គម្រប់​ពី​រឆ្នាំ​នៃ​ការផ្ទុះ​ចលនា​បះបោរ​ប្រជាជន​ ដែល​បាន​រុញច្រាន​ឱ្យ​​រដ្ឋាភិបាលចាស់​​ដឹកនាំ​ដោយបុរស​ខ្លាំង​​លោក ប៊ូតេហ្លីកា ខ្ទាត​ពី​តំណែង​នៅ​ថ្ងៃទី ២មេសា ២០១៩។ ចលនា​បះបោរ ដែល​នៅ​តែ​ពុំ​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយ ដោយ​បន្តទាមទារ​ឱ្យ​រំលាយ​ចោល​ទាំង​ស្រុង​ប្រព័ន្ធនយោបាយ​ចាស់​គំរិល​ តាំង​ពី​ឆ្នាំ​១៩៦២ (ពេល​បាន​ទទួល​ឯករាជ្យ​ភ្លាម)។

ការ​អំពាវនាវ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅថ្ងៃ​ចន្ទទី ២២កុម្ភៈ​​ កំពុង​រសាត់​ពេញ​ផ្ទៃ​ប្រទេស តាម​ប្រព័ន្ធសង្គម។ ចលនា​បះបោរ​បាន​ចាប់​ផ្តុំ​ជា​ថ្មី​រួច​ហើយ ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ នៅ​ក្រុង​ខេរ៉ាតា ភាគខាងកើត​នៃ​ប្រទេស​ ដែល​គេ​ចាត់​ទុក​ជា​ឬសគល់​ដើម​នៃ​ចលនាបះបោរ​ប្រជាជន​កាលពី​ពីរ​ឆ្នាំ​មុន ​ដើម្បីទាមទារ​ប្តូរ​ផ្លាស់​របបនិង​ការ​ដោះលែង​អ្ន​កទោសមនសិកា។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ កុម្ភៈ លោក​ប្រធានាធិបតី​អាល់ហ្សេរី អាប់ដែល​ម៉ាឌីដ ធេប៊ូន​ បាន​បង្ហាញកាយ​វិការ​​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​ចលនា​ប្រឆាំង​រដ្ឋាភិបាល តាម​រយៈ​​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ប្រកាស​ដោះលែង​អ្នក​ទោស​​ដែល​មានពាក់​ព័ន្ធ​នឹង​ចលនា​បះបោរ​ប្រជាជន​នៅ​ទីលាន Hirak និង​រំលាយ​សភា​ និង​​រៀប​ចំការបោះឆ្នោត​ថ្មី​មុនកាលកំណត់ ព្រមទាំង​រុះរើ​សមាសភាព​រដ្ឋាភិបាលខ្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI