WHO/OMS រន្ធាន់ឲ្យរដ្ឋាភិបាលតង់សានី ចេញវិធានការការពារប្រជាជន ពីការឆ្លងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានអំពាវនាវ កាលពីថ្ងៃអាទិត្យទី២១កុម្ភៈ ឲ្យរដ្ឋាភិបាលប្រទេសតង់សានី ត្រូវចេញវិធានការជាបន្ទាន់ ដើម្បីការពារសុខភាពប្រជាជន ពីការឆ្លងរាលដាលនៃកូវីដ១៩។ ប្រធានាធិបតីតង់សានី តែងតែអះអាងថាប្រទេសលោកមិនសូវមានបញ្ហាឆ្លងកូវីដ១៩ ហើយថាការបួងសួងព្រះជាម្ចាស់ បានជួយប្រទេសលោកឲ្យរួចផុតពីកូវីដ១៩។ តែយ៉ាងណា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីស្លាប់មនុស្សជាច្រើននាក់ ដែលអាជ្ញាធរប្រទេសនេះ អះអាងថាមានជំងឺសួតធ្ងន់ធ្ងរ។
យោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលតង់សានី នៅខែមេសាឆ្នាំ២០២០ គឺមានករណីវិជ្ជមានកូវីដ១៩ ចំនួន៥០៩ករណី។ នៅខែមិថុនា ឆ្នាំ២០២០ លោក John Magufuli ប្រធានាធិបតីប្រទេសនេះ បានប្រកាសថា ប្រទេសលោកបានរំដោះរួមផុតពីកូវីដ១៩ហើយ ដោយសាតែការបួងសួងបន់ព្រះជាម្ចាស់។
តែយ៉ាងណា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីស្លាប់មនុស្សជាច្រើននាក់ ហើយដែលអាជ្ញាធរប្រទេសតាហ្សង់នី អះអាងថា បណ្តាលមកពីជំងឺសួតធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នកស្លាប់ គឺមានមន្ត្រីជាន់ខ្ពស់២នាក់ផងដែរ គឺលោកអភិបាលរងតំបន់កោះស្វយ័ត Zanzibar និងលោកនាយកមុខងារសាធារណៈតង់សានី។ មនុស្សស្និទនឹងមន្ត្រីទាំង២នាក់នេះ សុទ្ធតែអះអាងថាអ្នកទាំង២បានឆ្លងកូវីដ១៩។ ក្រៅពីនេះ ប្រជាជនតង់សានីដែលធ្វើដំណើរចេញក្រៅប្រទេសជាច្រើនាក់ ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ផងដែរ។
លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានអំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលប្រទេសនេះ ត្រូវឈប់ព្រងើយកន្តើុយ មិនទទួលយកការពិត ហើយងាកមកចាត់វិធានការឲ្យបានតឹងតែង និងឲ្យបានរហ័សបំផុត ដើម្បីការពារសុខភាពប្រជាជនតង់សានី ក៏ដូចជាប្រជាជនប្រទេសក្បែរខាង។ លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានអះអាងថា កាលពីដើមខែមករា លោកធ្លាប់បានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលតង់សានីរួចហើយ ថាត្រូវតែរៀបចំផែនការសុខភាពសាធារណៈ ដើម្បីបង្អាក់ការឆ្លងរាលដាល ព្រមទាំងរៀបចំដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង និងជាពិសេស ត្រូវផ្តល់តួលេខពិតប្រាកដ នៃការឆ្លងរាលដាល និងករណីស្លាប់ដោយកូវីដ១៩។
សូមរំលឹកថា ក្រៅពីបាននិយាយមើលស្រាលជំងឺកូវីដ១៩ លោកប្រធានាធិតបីតង់សានី ធ្លាប់បាននិយាយកាលពីខែមករា ថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ អាចបង្កគ្រោះថ្នាក់។ តែយ៉ាងណា នៅថ្ងៃអាទិត្យទី២១កុម្ភៈ លោកប្រធានាធិបតីតង់សានី បានទទួលស្គាល់ថា សាមជិកក្រុមគ្រួសារលោក និងមន្ត្រីក្រោមឱវាទរបស់លោកច្រើននាក់បានឆ្លងកូវីដ១៩។ លោកបាននិយាយថា រដ្ឋាភិបាលតង់សានី នឹងមិនចាត់វិធានការបិទខ្ទប់ប្រទេស ឬហាមឃាត់ការធ្វើដំណើរទេ។
ប្រធានាធិបតីរូបនេះ បន្ថែមថា អ្វីដែលប្រជាជនតង់សានីត្រូវធ្វើ គឺត្រូវជឿលើព្រះយេស៊ូ ហើយខំប្រឹងបន់ស្រន់ព្រះតទៅទៀត ដើម្បីយកឈ្នះកូវីដ១៩។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលលោក មិនហាមឃាត់មិនឲ្យពាក់ម៉ាសទេ បើប្រជាជនចង់ពាក់ក៏ពាក់ចុះ តែត្រូវរើសម៉ាស ដែលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ