នីហ្សេរីយ៉ា-ចាប់ជំរិតសិស្សសាលា

ក្រុមប្រដាប់អាវុធ​ចូលចាប់ជំរិត​ក្មេងស្រីសាលា នីហ្សេរីយ៉ា ជាង​៣០០នាក់

ខ្នើយ​រប៉ាត់រប៉ាយ នៅកន្លែងស្នាក់នៅ​អនុវិទ្យាល័យ​ ក្នុង​រដ្ឋនីហ្សេ ប្រទេស​នីហ្សេរីយ៉ា បន្ទាប់ពីក្រុមប្រដាប់អាវុធ​ចូល​ចាបជំរិ​ក្មេងសាលា កាលពី​ថ្ងៃទី ១៨​កុម្ភៈ ២០២១
ខ្នើយ​រប៉ាត់រប៉ាយ នៅកន្លែងស្នាក់នៅ​អនុវិទ្យាល័យ​ ក្នុង​រដ្ឋនីហ្សេ ប្រទេស​នីហ្សេរីយ៉ា បន្ទាប់ពីក្រុមប្រដាប់អាវុធ​ចូល​ចាបជំរិ​ក្មេងសាលា កាលពី​ថ្ងៃទី ១៨​កុម្ភៈ ២០២១ REUTERS - AFOLABI SOTUNDE

នៅប្រទេស​នីហ្សេរីយ៉ា ក្នុង​ទ្វីបអាហ្វ្រិក ក្មេងស្រីសាលា ៣១៧នាក់ ត្រូវ​ចោរ​ប្រដាប់អាវុធ ចូល​ចាប់ ជំរិត ធ្វើ​ជា​ចំណាប់ខ្មាំង កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ឈាន​ចូល​ដល់​ថ្ងៃ​សុក្រម្សិលមិញ។ ហេតុការណ៍​នេះ​កើតឡើង នៅអនុវិទ្យាល័យ​សិស្សស្រី ដែល​ស្ថិតនៅ​ភាគពាយ័ព្យ​ប្រទេស​នីហ្សេរីយ៉ា។ នៅក្នុង​រយៈពេល​តែ​១សប្តាហ៍ នេះ​ជា​លើក​ទី​២ ដែល​ក្រុមប្រដាប់អាវុធ ចូល​ចាប់​ជំរិតសិស្ស​សាលា​នៅ​ប្រទេស​នីហ្សេរីយ៉ា។

ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង ១អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សុក្រ ក្រុមប្រដាប់​អាវុធ មួយក្រុម បាន​បើករថយន្ត​ចូល​ ចាប់​ពង្រត់​ក្មេងស្រី​ដែល​ស្នាក់នៅ​អនុវិទ្យាល័យ​មួយ នាភាគពាយ័ព្យ​ប្រទេស​នីហ្សេរីយ៉ា។ នេះ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ របស់​ប៉ូលិស​នីហ្សេរីយ៉ា។

តាម​អ្នកនាំពាក្យ​របស់​ប៉ូលិស​ប្រចាំ​រដ្ឋ​Zafara ក្មេងស្រី ៣១៧ នាក់​ត្រូវ​ក្រុមប្រដាប់​អាវុធ ចាប់ជាចំណាប់ខ្មាំង បង្ខំ​ឲ្យធ្វើដំណើរ​ថ្មើរជើង សំដៅ ជំរំ​លាក់ខ្លួន​របស់​ពួកវា នៅក្នុង​ព្រៃ។

នៅ​ថ្ងៃ​សុក្រ ប៉ូលិស និង​ទាហាន​នីហ្សេរីយ៉ា​ដែល​មាន​បំពាក់​ដោយ​អាវុធ​ធុនធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីតាំង ដែល​គេ​ជឿថា ពួកក្រុមប្រដាប់អាវុធ កំពុង​ចាប់​ក្មេងសាលា​ជា​ចំណាប់ខ្មាំង។

នៅក្នុង​រយៈពេល​តែ​១សប្តាហ៍ នេះ​ជាលើក​ទី​២ ដែល​សិស្ស​សាលា​ត្រូវ​ក្រុមប្រដាប់អាវុធ ចូលចាប់ជំរិត​ជា​ចំណាប់ខ្មាំង។ នៅ​សប្តាហ៍មុន សិស្ស​សាលា​ចំនួន ៤២​នាក់ ដែលនៅក្នុងនោះ មាន​២៧នាក់​ជា​និស្សិត ត្រូវ​ក្រុមប្រដាប់អាវុធ ដែល​អ្នកស្រុក​ហៅថា ក្រុមចោរប្លន់ ប្រចាំតំបន់ ចូល​ចាប់ជំរិត ជា​ចំណាប់ខ្មាំង។ ចំណែក​និស្សិត​ម្នាក់​ត្រូវ​ចោរ​បាញ់​សម្លាប់។

ក្រុមចោរប្លន់ ដែល​មាន​ជំរំលាក់ខ្លួន​នៅក្នុង​ព្រៃ ដ៏ធំល្វឹងល្វើយ នៅក្នុងប្រទេស​នីហ្សេរីយ៉ា ឧស្សាហ៍​ធ្វើ​សកម្មភាព ឆក់ប្លន់ គោក្របី​របស់​ប្រជាជន និង​ចាប់ជំរិត​ក្មេងសាលា ដែល​ប្រមូលផ្តុំ​ស្នាក់នៅ តាមសាលារៀន។

តាម​វិទ្យាស្ថាន​ដោះស្រាយ​វិបត្តិ​អន្តរជាតិ ICG ចាប់តាំង​ពី​ឆ្នាំ ២០១១ អំពើហិង្សា និង​សកម្មភាព​ឧក្រិដ្ឋ របស់​ក្រុមចោរប្លន់ បាន​សម្លាប់​មនុស្ស​ជាង ៨ពាន់នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​២សែននាក់ រត់ភៀសខ្លួន​ពី​ផ្ទះសម្បែង។

នៅនីហ្សេរីយ៉ាដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​នៅអាហ្វ្រិក ក្រុមចោរប្លន់ ក្រុមប្រដាប់អាវុធ​ដែល​មាននិន្នាការ​ទៅរក​ក្រុមជីហាត ភេរវនិយម បាន​កើនឡើង ចំនួន គួរ​ឲ្យ​កត់សំគាល់ រហូត​ធ្វើ​ឲ្យ​សន្តិសុខ​របស់​ប្រទេស​មួយនេះ​ធ្លាក់ចុះខ្លាំង ចំណែក​ការចាប់ជំរិត សិស្ស​សាលា​ក៏មាន​ចំនួនកាន់តែ​ច្រើន។ តាម​មន្រ្តី​ដែល​សុំ​មិន​បញ្ចេញឈ្មោះ ការយល់ព្រម​បង់ប្រាក់​រំលោះចំណាប់ខ្មាំង ជាហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុមចោរប្រដាប់អាវុធ ចូលចិត្ត​ចាប់ជំរិត​កូនសិស្ស​នីហ្សេរីយ៉ា។ នៅ​ខែធ្នូ​ចុងឆ្នាំមុន ក្មេងប្រុស​សាលា​ចំនួន ៣៤៤​នាក់ ត្រូវ​ក្រុមប្រដាប់​អាវុធ ចាប់ជំរិត មុន​នឹង​ត្រូវ​ដោះលែង មកវិញ នៅ ៦ថ្ងៃក្រោយ។ គេវាយតម្លៃថា ក្រុមចោរ​យល់ព្រម​ដោះលែង ក្មេងប្រុស ដោយរដ្ឋាភិបាលសុខចិត្ត​បង់ប្រាក់ រំលោះ ប៉ុន្តែ រដ្ឋាភិបាល នីហ្សេរីយ៉ា​បាន​បដិសេធ​ជានិច្ច​ថា មិនដែល​ធ្លាប់​បង់ប្រាក់ ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​នោះទេ។

គេ​នៅចាំបាន​ថា គឺ​នៅ​នីហ្សេរីយ៉ា​នេះឯង ដែល​ក្មេងស្រី​សាលា​ជាង ២០០​នាក់​ត្រូវ​ក្រុមប្រដាប់អាវុធ បូកូអារ៉ាំ ចាប់ជំរិត​ជា​ចំណាប់ខ្មាំង កាលពី​ឆ្នាំ ២០១៤។ នៅ​ឆ្នាំ ២០១៧ ពួកនេះ​បាន​ដោះលែង​ក្មេងស្រី​សាលា​មកវិញចំនួន ៨២នាក់ បន្ទាប់​ពី​រដ្ឋាភិបាល​នីហ្សេរីយ៉ា​សុខចិត្ត​ដោះលែង​គ្នីគ្នា​របស់​វា ដែល​អាជ្ញាធរ​នីហ្សេរីយ៉ា​ចាប់ខ្លួន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI