នីហ្សេរីយ៉ា-សន្តិសុខ

ក្មេងស្រីចំនួន​​ជិត​​៣០០នាក់ ត្រូវ​បាន​ដោះលែង​មកវិញ នៅ​ភាគ​ពាយ័ព្យ​នីហ្សេរីយ៉ា

ក្មេងស្រីអាយុចន្លោះពី ១២ ទៅ ១៦ឆ្នាំ ចំនួន២៧៩នាក់ ដែលត្រូវបាន "ក្រុម​ជនអន្ធពាល" ដោះលែងមកវិញ នៅភាគពាយ័ព្យនីហ្សេរីយ៉ា។ ក្រុង Gusau ថ្ងៃទី ២មីនា ២០២១
ក្មេងស្រីអាយុចន្លោះពី ១២ ទៅ ១៦ឆ្នាំ ចំនួន២៧៩នាក់ ដែលត្រូវបាន "ក្រុម​ជនអន្ធពាល" ដោះលែងមកវិញ នៅភាគពាយ័ព្យនីហ្សេរីយ៉ា។ ក្រុង Gusau ថ្ងៃទី ២មីនា ២០២១ AP - Sunday Alamba

ក្មេងស្រីសិស្សសាលានីស្សេរីយ៉ា ចំនួន​២៧៩នាក់ ដែលត្រូវបាន​ក្រុមអន្ធពាល​ចាប់យកទៅ​ កាលពីថ្ងៃសុក្រកន្លងទៅ  ត្រូវបាន​ដោះលែងមកវិញហើយ កាលពីថ្ងៃអង្គារម្សិលមិញ។ អាជ្ញាធរ​នីហ្សេរីយ៉ា អះអាងថា មិនបាន​បង់ប្រាក់ជាថ្នូរនឹងការដោះលែងនេះទេ។ គួរបញ្ជាក់ថា តំបន់ភាគពាយ័ព្យនីហ្សេរីយ៉ា កំពុងស្ថិតនៅក្នុងភាព​អសន្តិសុខខ្លាំងបំផុត ដោយសារតែមាន​​ក្រុមប្រដាប់អាវុធ និងក្រុម​ភេរវកម្មអ៊ីស្លាមជ្រុលនិយម ធ្វើសកម្មភាព​ជាញឹកញាប់។

ផ្សាយពាណិជ្ជកម្ម

កម្មវិធីអបអរ​​ទទួលក្មេងស្រីសិស្សសាលា ចំនួន​២៧៩នាក់ ដែលត្រូវបាន​គេដោះលែងមកវិញ ត្រូវ​បានគេរៀបចំឡើង យ៉ាងអាធិកអាធម្ម កាលពីថ្ងៃអង្គារទី២មិនា​ នៅ​ទីតាំងរដ្ឋបាល ​រដ្ឋ Zamfara ស្ថិតនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា។ លោក Bello Matawalle អភិបាលរដ្ឋនេះ បានអះអាងថា ក្មេងស្រីដែល​ត្រូវបានដោះលែងមកវិញ ក្នុងយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ គឺមានចំនួន​គ្រប់ទាំងអស់ ២៧៩នាក់ គ្មានបាត់នរណាម្នាក់ទេ។ ក្មេងស្រីម្នាក់បាននិយាយថា នៅក្នុងពេលចាប់ខ្លួន ពួកក្រុមអន្ធពាល បាន​បង្ខំឲ្យ​ពួកគេដើរ ជាច្រើនម៉ោង ហើយមានក្មេងស្រីខ្លះ ដើរលែងរួច ត្រូវបាន​ក្មេងស្រីផ្សេងទៀត ជួយសែងផង។

សូមបញ្ជាក់ថា ហេតុការណ៍ចាប់ក្មេងស្រីសិស្សសាលានេះ បានកើតឡើងនៅទីតាំង មណ្ឌលទេវាសិក្ខដ្ឋាន មួយកន្លែង ក្នុងរដ្ឋ Zamfara កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អាជ្ញាធរ​នីហ្សេរីយ៉ា បានហៅ​ក្រុម​ជនប្រដាប់អាវុធ ដែលធ្វើអំពើនេះ ថាជា « ក្រុម​អន្ធពាល »។​ យោងតាមការ​ផ្សព្វផ្សាយ​ដំបូង អាជ្ញាធរនីហ្សេរីយ៉ា អះអាងថាមាន​ក្មេងស្រីចំនួន​៣១៧នាក់ មានអាយុចន្លោះ ពី ១២ ទៅ ១៦ឆ្នាំ ដែលត្រូវបានគេចាប់ទៅ។

គួរបញ្ជាក់ផងដែរថា នៅតំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ា ស្ថិតក្នុងភាពអ​សន្តិសុខ​យ៉ាងខ្លាំង ខណៈដែលកងទ័ពជាតិនីហ្សេរីយ៉ា គ្មានសមត្ថភាព​ការពារ។ នៅតំបន់នេះ មាន​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ជាច្រើនក្រុម ដូចជាក្រុមជីហាតបូកូហារាំ ចេញធ្វើសកម្មភាព កាប់សម្លាប់ប្រជាជនស្លូតត្រង់។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារទី២មីនា ប្រភព​ជាច្រើនបានអះអាងថា ក្រុមភេរវកម្ម បាន​វាយ​ប្រហារនៅទីតាំងអង្គការ​មនុស្សធម៌ ក្នុងនោះមាន​មន្ទីរពេទ្យ​មួយផង នៅ​​ភាគឥសាន។

បន្ថែមពីនេះ មានក្រុមប្រដាប់អាវុធជាច្រើនក្រុម​ តែងតែធ្វើសកម្មភាព បំផ្លាញដំណាំ សម្លាប់សត្វចិញ្ចឹម និង​ចាប់ជំរិតក្មេងស្រីសិស្សសាលា​ ដើម្បីជាថ្នូរនឹងប្រាក់។ អ្នកជំនាញ​អន្តរជាតិប្រចាំនៅទីនោះ បានអះអាងថា ការចាប់ជំរិត​ក្មេង​សិស្សសាលា បានក្លាយជាជំនួញដ៏កាក់កប របស់​ក្រុមអន្ធពាល។ តំបន់ដែល​ប្រជាជន​ប្រមាណ​៨០% រស់នៅក្នុងភាពក្រីក្របំផុត មាន​យុវជន ប្រុសៗ​ជាច្រើននាក់ បានចូលរួមក្នុង​ក្រុមអន្ធពាល​ទាំងនេះ។ មានក្មេងស្រីយ៉ាងហោចជាង​១០០នាក់ នៅបាត់ខ្លួននៅឡើយ មិនដឹងស្លាប់ឬរស់។ ការចាប់ជំរិតក្មេងស្រីសិស្សសាលា បានធ្វើ​ឲ្យ​ឪពុកម្តាយ​កាន់តែ​មិនហ៊ានបញ្ជូន​​កូនទៅ​រៀន នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលកម្រិតសិក្សារបស់ក្មេងស្រីមានទាប​បំផុតណាស់ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI